លោក ស៊ុន ឆាយ មេអង្គភាពគយ និងរដ្ឋាករកំពង់ផែស្វ័យតភ្នំពេញធ្វើឲ្យថ្នាក់ដឹកនាំអស់សង្ឃឹមយ៉ាងខ្លាំង

ភ្នំពេញ៖ លោកស៊ុន ឆាយមេអង្គភាពគយ និងរដ្ឋាករកំពង់ផែស្វ័យតភ្នំពេញបានធ្វើឲ្យថ្នាក់ដឹកនាំរដ្ឋាភិបាលខកចិត្តយ៉ាងខ្លាំង ដោយសារបុគ្គលម្នាក់នេះសង្ស័យថា បានបង្កើតនូវអំពើពុករលួយជាលក្ខណៈប្រព័ន្ធជាយូរមកហើយ ៗទើបតែបែកធ្លាយនៅពេលនេះ ។

ប្រភពព័ត៌មានដែលទើបតែបែកធ្លាយបានឲ្យដឹងថា មេអង្គភាពគយ និងរដ្ឋាករកំពង់ផែស្វ័យតភ្នំពេញ លោក ស៊ុន ឆាយ បានបង្កើតកេះខ្មៅមួយរកប្រាក់តាមរយៈការិយាធិបតេយ្យពុករលួយជាលក្ខណៈប្រព័ន្ធ ជ្រកក្រោមជំនាញ រាល់ឯកសារប្រតិវេទន៍គយ ឆ្លងកាត់ លើទំនិញវិនិយោគនាំចូល ដែលពន្ធ-អាករជាបន្ទុករបស់រដ្ឋនោះ។ កេះខ្មៅនេះ គេបានលើកឡើងថា អាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារក្នុងមួយខែ ហើយលុយទាំងនេះ តើគេយកទៅណាឬ?

ក្រុមអ្នករត់ការឯកសារប្រតិវេទន៍គយឲ្យក្រុមហ៊ុនវិនិយោគលើវិស័យសំភារៈកាត់ដេរ បានបង្ហើបប្រាប់ប្រភពព័ត៌មានថា អំពើពុករលួយបានកើតជាលក្ខណៈប្រព័ន្ធក្នុងអង្គភាពគយ និងរដ្ឋាករ កំពង់ផែស្វយ័តភ្នំពេញ ។ ប្រភពបន្តថា យ៉ាងតិចមួយឯកសារ ក៏ត្រូវចំណាយចាប់ពី៩០ដុល្លារ ទៅ១០០ដុល្លារ ទៅឲ្យជំនាញនីមួយៗនៃមន្ត្រីគយ សម្រាប់ទំនិញវិនិយោគនាំចូល។

ប្រភពបញ្ជាក់ថា ក្នុងមួយឯកសារ ជាទម្លាប់ លោក ស៊ុន ឆាយ មេអង្គភាពគយ និងរដ្ឋាករ កំពង់ផែស្វយ័តភ្នំពេញ បានបង្ខំឲ្យបង់លុយទៅលើ៖ ១- ត្រូវបង់លុយឲ្យមន្ត្រីគយផ្នែកចុះលេខចំនួន៥ដុល្លារ, ២-ខាងគណនេយ្យលោក ស្វាយ មរ៉ា ចំនួន១០ដុល្លារ, ៣- ក្រុមត្រួតពិនិត្យរបស់លោក សាយ សូផា មួយកុងតឺន័រ១០ដុល្លារ, ៤- ក្រុមគយចាំយកលុយនៅកន្លែងគណនេយ្យសម្រាប់រាប់ក្បាលកុងតឺន័រទំហំ៤០ហ្វីតចំនួន៥០ដុល្លារ និងទំហំ២០ហ្វីត៤០ដុល្លារ, ៥- បង់ឲ្យអនុប្រធានដូចជាលោក ប៊ុស ចំរើន លោក គឹម សាគល និងអ្នកស្រី ប៊ូ ផល្លី មួយឯកសារចំនួន៥ដុល្លារ និង ៦-បង់ឲ្យលោក ស៊ុន ឆាយ មេអង្គភាពគយ និងរដ្ឋាករ កំពង់ផែស្វយ័តភ្នំពេញនេះតែម្តង មួយឯកសារចំនួន១០ដុល្លារ ផងដែរ ។

ទាក់ទងបញ្ហាខាងលើនេះ មិនអាចទាក់ទងសុំការបំភ្លឺបានទេ ពីលោក ស៊ុន ឆាយ មេអង្គភាពគយ និងរដ្ឋាករ កំពង់ផែស្វយ័តភ្នំពេញ ពីព្រោះគ្មានលេខទូរស័ព្ទ ៕

 

Loading...