លោក ស្វ័យ ញ៉នមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ដាស់តឿនដល់នាយទាហានទាំងអស់ឲ្យខិតខំកែទម្លាប់ និងឥរិយាមាយាទ នៃការដឹកនាំ និង អនុវត្តតួនាទី និងភារកិច្ច ដែលថ្នាក់លើប្រគល់ជូន ចាប់ពីពេលនេះទៅឲ្យមានប្រសិទ្ធិភាព

ខេត្តស្ទឹងត្រែង៖ ប្រសាសន៍ក្រើនរំឭករបស់ មេបញ្ជាការយោធាខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន នោះ បានធ្វើឡើងកាលពីថ្ងៃទី៧កុម្ភះ២០១៨ម្សិលមិញ នៅក្នុងពិធីបូកសរុបលទ្ធផលការងារយោធា២០១៧ និងលើកផែនការសកម្មភាពការងារយោធា២០១៨ របស់អង្គភាពតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង។

លោកវរៈសេនីយ៍ឯក ឃុន វណ្ណា មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បានឡើងរាយការណ៍ អំពីសភាពការរួមនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ ថានៅគ្រាបច្ចុប្បន្ននេះ មិនមានព្រឹត្តការណ៍ ឬសកម្មភាពអ្វីកើតឡើង គួរឲ្យកត់សម្គាល់នោះទេ។

ប៉ុន្តែ ភាគីឡាវបាន និងកំពុងបន្តធ្វើសកម្មភាពនេសាទត្រី នៅចំណុចទល់មុខវរៈសេនាតូចលេខ១ ដែលមានជាប្រចាំរាល់ថ្ងៃ មានប្រមាណពី១០ទៅ១៥នាក់ មានទូកពី៥ទៅ៦គ្រឿង មានមនុស្សប្រុស ស្រី និងកូនក្មេង។ ចំណែក នៅចំណុចទី៤ កម្លាំងឈរជើងរបស់ផ្នែកសឹករងសៀមប៉ាង និងស្រុកសៀមបូក ត្រង់ចំណុច XA.A2.22197582 ក៏មានសកម្មភាពរកត្រីរបស់ប្រជាជនឡាវ ឬក៏ទាហានឡាវក្លែងភេទ ដើម្បីធ្វើសកម្មភាពរកត្រី នៅទល់មុខចំណុចទី៤ និងមានការបញ្ចាំងពិល ដាក់មកកន្លែងឈរជើង របស់កងទ័ពយើងថែមទៀត។

ដូច្នេះ សភាពការណ៍ព្រំដែនមិនមានអ្វីជាធំដុំ តែបានធ្វើឲ្យយើងមានការចាប់អារម្មណ៍។ លោកវរៈសេនីយ៍ឯក ឃុន វណ្ណា បានបញ្ជាក់ប្រសាសន៍របស់ មេបញ្ជាការរងកងទ័ពជើងគោក កាលពីថ្ងៃទី១មករាកន្លងទៅនេះ គ្រាដែលលោកចុះទៅពិនិត្យសភាពការណ៍ព្រំដែន ដោយបានវាយតម្លៃថា ឡាវអាចនឹងធ្វើការសាកល្បង ជាមួយកងទ័ពកម្ពុជា នៅថ្ងៃណាមួយជាមិនខាន ប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ន និងត្រួតពិនិត្យ រាល់សកម្មភាព នៃសភាពការណ៍នៅជួរមុខនោះ។

លោកថា នៅតំន់ព្រំដែនកម្ពុជា-ឡាវ នៅពេលកន្លងមក ឡាវធ្លាប់បានបង្ហោះត្រូនចូលមកដីកម្ពុជា ជាញឹកញាប់ ជាពិសេស នៅក្នុងតំបន់វរៈសេនាតូចលេខ២៨៤ របស់កងពលតូចអន្តរាគមន៍១២៨ និងតំបន់ឈរជើងរបស់ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី និងមួយផ្នែកខាងក្រោមបង្គោលសីមា០៧៨ ហើយនៅយប់ថ្ងៃ៦កុម្ភះ២០១៨ ឡាវនៅតែបន្តបង្ហោះត្រូន ចូលមកចំណុចកោះឬស្សី នោះថែមទៀត។ លោកបានស្នើដល់កងទ័ពជួរមុខទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជានិច្ច នៅក្នុងការបំពេញភារកិច្ច ការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ។

លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការរងយោធភូមិភាគទី១ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកបានថ្លែងកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ គោរព និងអនុវត្តន៍តួនាទី និងភារកិច្ចបានយ៉ាងល្អប្រសើរ របស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅគ្រប់បណ្តាអង្គភាពចំណុះ របស់តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង កាលពីឆ្នាំ២០១៧កន្លងទៅនេះ។

ប៉ុន្តែ នៅក្នុងឆ្នាំ២០១៨នេះ នាយទាហាន និងពលទាហានទាំងអស់ ត្រូវតែរួមគ្នាអនុវត្តរាល់ផែនការ ដែលថ្នាក់លើបានដាក់ចុះ និងប្រគល់ជូន ដែលនៅខ្វះចន្លោះ និងនៅសេសសល់កាលពឆ្នាំចាស់ ហើយត្រូវតែធ្វើឲ្យសំរេចបានជោគជ័យនៅក្នុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៅមុខទៀត។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានជម្រុញដល់នាយទាហានទាំងអស់ ត្រូវពន្លឿនក្នុងការសាងសង់ទីជម្រក ត្រៀមទទួលកងទ័ពថ្មី ចំនួន៥០០នាក់ ដែលនឹងត្រូវបញ្ចប់វគ្គហ្វឹកហ្វឺនរយះពេល៤ខែកន្លះ ហើយត្រូវវិលចូលមកបំពេញភារកិច្ច នៅតាមបណ្តាអង្គភាព នាពេលខាងមុខនេះ។

លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានក្រើនរំឭកដល់នាយទាហានទាំអស់ ត្រូវតែធ្វើការកែទម្លាប់ ចិត្តគំនិត និងឥរិយាបថ នៅក្នុងការដឹកនាំ និងគ្រប់គ្រងកងកម្លាំង នាយទាហានរង និងពលទាហាន ដែលតែងមានទម្លាប់ស្ពឹកស្រពន់ និងភាពយ៉ឺតយ៉ាវនោះចេញឲ្យអស់ ហើយត្រូវតែធ្វើការប្រមូលផ្តុំកម្លាំង និងទទួលខុសត្រូវចំពោះកងកម្លាំង ទាំងនៅតាមបណ្តាការិយាល័យ និងនៅតាមបណ្តាអង្គភាពចំណុះ ឲ្យបានហ្មត់ចត់ និងមានភាពល្អប្រសើរឡើងវិញ។

លោកថ្លែងថា ទម្លាប់ចាស់ណាដែលមិនល្អ ត្រូវតែជម្រុះចេញ ហើយចាប់យកគំនិតថ្មី ដើម្បីរួមគ្នាអភិវឌ្ឍន៍អង្គភាព និងសង្គមជាតិទាំងមូលរបស់យើងឲ្យរីកចំរើន។ លោកមេបញ្ជា ការ បានជម្រុញដល់មន្ត្រីក្រោមឧិវាទ ក្រៅពីកិច្ចការងារបំរើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ក៏ត្រូចខិតខំដាំដំណាំ បន្លែបង្ការ ឬចិញ្ចឹមសត្វ ឲ្យបានគ្រប់អង្គភាពនិមួយៗ ដើម្បីជួយលើកស្ទួយជីវភាពកងទ័ព ទាំងនៅសមរភូមិក្រោយ និងនៅសមរភូមិមុខ៕ ឡុងកាន់សំនៀង

Loading...