លោក ហេង ផល្លា ប្រធានស្ថានីយថ្លឹងរថយន្តថ្នល់កែង ផ្លូវជាតិលេខ៦ឃុបឃិតគ្នាឲ្យរថយន្តដឹកលើសទម្ងន់គេចមិនចូលថ្លឹងជាថ្នូរនឹងការបង់លុយ

ខេត្តកំពង់ចាម ៖ តាមប្រភពបានរាយការណ៍ឲ្យដឹងថា រថយន្តដឹកលើសទម្ងន់ក្នុងមួយយប់ៗមិនក្រោម ១០០គ្រឿងនោះទេ កំពុងត្រូវបាន លោក ហេង ផល្លា ប្រធានស្ថានីយថ្លឹងរថយន្តថ្នល់កែង លើផ្លូវជាតិលេខ៦ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ដែលទើបរត់ការឡើងជាប្រធានថ្មី និង លោកអនុប្រធាន ខុង សារុន ឃុបឃិតគ្នាឲ្យគេចមិនចូលថ្លឹងជាថ្នូរនឹងការបង់លុយបែបពុករលួយ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា បច្ចុប្បន្ននេះ លោក ហេង ផល្លា និង លោក ខុង សារុន បានកំពុងត្រូវរ៉ូវគ្នាជាមួយនឹងម្ចាស់រថយន្តដឹកលើសទម្ងន់ប្រភេទយីឌុប និងវ៉េអង ដឹកឈើអុសភ្នំមកពីខេត្តព្រះវិហារ ទៅចែកចាយតាមសិប្បកម្មឡឥដ្ឋ នៅខេត្តកណ្តាល រាជធានីភ្នំពេញ ខេត្តតាកែវ និង រថយន្តដឹកទំនិញមកពីប្រទេសវៀតណាម ដោយមិនបាច់ចូលថ្លឹងគ្រាន់តែបង់លុយទៅតាមការកំណត់ ក្នុងមួយរថយន្តចាប់ពី១០មុឺនរៀល ទៅ២០មុឺនរៀល និងទៅតាមប្រភេទទម្ងន់ ហើយសកម្មភាពនេះ ពួកគេធ្វើឡើងចាប់ពីថ្ងៃចន្ទ ទៅដល់ថ្ងៃសុក្រ និងចាប់ពីម៉ោង ១២ យប់ទៅដល់ម៉ោង ៥ទាបភ្លឺពុំដែលខាន ។

ប្រភពបានឲ្យដឹងថា អស់លោកខាងលើកំពុងតែកាក់កបនឹងសកម្មភាពបែបពុករលួយនេះខ្លាំងណាស់ ដោយមិនខ្ចីរវីរវល់ខ្លាចខូចផ្លូវដែលជាសម្បត្តិជាតិ និងបាក់ស្ពានអ្វីនោះឡើយ ។

គេនៅមិនទាន់ដឹងថា លោក សេង ឈួន ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចិន្រ្តៃយ៍ ស្ថានីយជញ្ជីងថ្លឹងរថយន្ត និងលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណករ និង ដឹកជញ្ជូន បានដឹងនូវសកម្មភាពរបស់កូនចៅខ្លួន ឬយ៉ាងណានោះទេ ? ។

សូមបញ្ជាក់ថា លោកហេង ផល្លា ដើមឡើយជាមនុស្សក្រីក្រ តោកយ៉ាកអង្ករកំប៉ុង របស់របរប្រើប្រាស់មិនឡូយឆាយដូចពេលបច្ចុប្បន្ននេះទេ ។ គេនៅចាំបានថា កាលណោះ គាត់មានម៉ូតូកញ្ចាស់១គ្រឿងសម្រាប់ជាមធ្យោបាយ លុះដល់ឥឡូវ តាំងពីចេះរបៀបពុករលួយ តាមរយៈជញ្ជីងថ្លឹងរថយន្តនៃក្រសួងសាធារណការ និងដឹកជញ្ជូននេះមក ក្លាយជាមនុស្សធូរធា ឡូយឆាយ ជិះសុទ្ធរថយន្តទំនើប ហើយសម្តីយកមេឃទ្រាប់គូថអង្គុយ ។

លោកហេង ផល្លា ពីមុនធ្វើការនៅជញ្ជីងថ្លឹងរថយន្តឯខេត្តត្បូងឃ្មុំ ប៉ុន្តែត្រូវបានផ្លាស់ចេញ សង្ស័យធ្វើឲ្យថ្នាក់លើក្តៅក្រហាយ បែកធ្លាយអំពើពុករលួយខ្លាំងពេកនោះហើយមើលទៅ ។ ទោះជាយ៉ាងណា លោកមិនអស់សង្ឃឹមនោះទេ នៅតែមានយីអ៊ុនខ្ពស់ដដែល គឺបានក្លាយជាប្រធានថ្មី ស្ថានីយថ្លឹងរថយន្តថ្នល់កែង លើផ្លូវជាតិលេខ៦ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ។ តំណែងនេះ មិនងាយបានមកដោយទទេៗនោះឡើយ ទម្រាំបានប៉ុណ្ណេះ គឺចំណាយលុយសូកប៉ាន់អស់ច្រើនណាស់ ។ ដូច្នេះដើម្បីស្រង់ដើម គេត្រូវតែហ៊ានលះបង់កិត្តិយស កេរ្តិ៍ឈ្មោះ មិនខ្វល់ពីការរិះគន់ ពេបជ្រាយចំពោះអំពើពុករលួយអ្វីនោះឡើយ សំខាន់ឲ្យតែបានលុយ ។

ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនគួរតែពិនិត្យមើលសកម្មភាព ឬស៊ើបអង្កេតមន្ត្រីក្រោមឱវាទម្នាក់នេះផងថា តើបានបំពេញភារកិច្ច បម្រើរាស្ត្រពិតប្រាកដ ឬក៏កំពុងជាន់កពលរដ្ឋរកស៊ីដឹកទំនិញនោះទៅវិញទេ? តើនេះជារឿងពិត ឬគ្រាន់តែជាការមូលបង្កាច់កេរ្តិ៍ឈ្មោះរបស់លោក ហេង ផល្លា ឬមួយយ៉ាងណា? ។ ពាក់ព័ន្ធនឹងរឿងនេះ ភ្នាក់ងារយើងមិនអាចទាក់ទងសុំការបំភ្លឺពីលោក ហេង ផល្លាបានទេ ដោយសារគ្មានលេខទូរស័ព្ទ ៕

 

 

 

 

Loading...