ភ្នំពេញ: លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំចង្អៀត របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន (The ASEAN Foreign Ministers’ Retreat) នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ នៅទីក្រុង កូតា គីណាបាលូ ប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥។
សេចក្ដីជូនព័ត៌មាន បានឲ្យដឹងថា កិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងពិភាក្សាអំពីចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ២០១៥ និងបញ្ហាដទៃទៀត ពាក់ព័ន្ធទៅនឹងតួនាទីរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវត្ដ៕