លោក ហ៊ុនម៉ាណែត ឧបត្ថម្ភសម្ភារគ្រឿងអេឡិចត្រូនិច និងស៊ីម៉ង់តិ៍ ជូនដល់បញ្ជាការដ្ឋានបញ្ជូនសារកងទ័ពជើងគោក

(ភ្នំពេញ)៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឧបត្ថម្ភសម្ភារគ្រឿងអេឡិចត្រូនិច និងស៊ីម៉ង់តិ៍ ជូនដល់បញ្ជាការដ្ឋានបញ្ជូនសារកងទ័ពជើងគោក ដើម្បីប្រើប្រាស់ បម្រើដល់កិច្ចការងារប្រចាំថ្ងៃរបស់អង្គភាព ពិធីប្រគល់និងទទួលនេះ បានធ្វើឡើងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ប៊ូ វណ្ណរក្ស នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានបញ្ជូនសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាលតែងតែផ្តល់ការយកចិត្តទុកដាក់ ដោះស្រាយគ្រប់បែបយ៉ាងជួយសម្រួលដល់កិច្ចការងារ និងការរស់នៅរបស់យោធិនគ្រប់បណ្តាអង្គភាព ហើយរូបលោកក៏បានសន្យាថា នឹងខិតខំថែរក្សាសម្ភារទាំងនេះឱ្យបានល្អ នឹងប្រើប្រាស់បម្រើដល់កិច្ចការងារអង្គភាពប្រកបដោយប្រសិទ្ធភាព។

សូមបញ្ជាក់ថា ការឧបត្ថម្ភសម្ភារគ្រឿងអេឡិចត្រូនិច និងស៊ីម៉ង់តិ៍ ជូនដល់បញ្ជាការដ្ឋានបញ្ជូនសារកងទ័ពជើងគោក នៅពេលនេះរួមមាន ស៊ីម៉ង់តិ៍ចំនួន១០តោន កុំព្យូទ័រយួរដៃចំនួន០២គ្រឿង វិទ្យុKENWOOD ចំនួន០៦កំប្លេរ (វិទ្យុKENWOOD ចំនួន០៦ដើម អង់តែន ចំនួន០៦ដើម និងអាគុយAh ចំនួន០៦ធុង)៕

Loading...