លោក ហ៊ុន ម៉ាណែតបំពាក់គ្រឿងឥស្សរិយយសការពារជាតិជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងខេត្តកោះកុង

ខេត្តកោះកុង៖ លោកហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនដើម្បីជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការពារជាតិជូនសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងខេត្តកោះកុង កាលពីថ្ងៃអង្គារ៍ ទី២២ ឧសភា ២០១៨កន្លងទៅ។

លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កាលពីអតីតកាល កោះកុងគឺជាតំបន់ដាច់ស្រយ៉ាលមួយ ប៉ុន្តែកោះកុងបច្ចុប្បន្នគឺជាកោះកុងមួយដែលពោលពេញដោយសក្តានុពល គឺជាកោះកុងមួយពោរពេញទៅដោយការទាក់ទាញអ្នកវិនិយោគនិងទេសចរណ៍ផ្សេងៗ។ កោះកុងថ្ងៃនេះគឺខុសពីកោះកុងកាលពីអតីតកាល។ ទំរាំយើងមានថ្ងៃនេះយើងឆ្លងកាត់ច្រើនណាស់ ហើយអី្វៗដែលយើងមានថ្ងៃនេះគឺបានមកពីការលះបង់របស់អ៊ុំពូមីងអតីតយុទ្ធជនទាំងអស់គ្នា បានចូលរួមបម្រើកងកម្លាំងប្រដាប់អាវុធ បានរួមចំណែកការពារសុខសន្តិភាពទុកឲ្យកូនចៅជំនាន់ក្រោយៗអកដល់ថ្ងៃនេះ ។ ដូច្នេះហើយ ថ្ងៃនេះយើងប្រារព្ធពិធីបំពាក់មេដាយការពារជាតិដែលព្រះមហាក្សត្រនិងរាជរដ្ឋាភិបាលបាន ទទួលស្គាល់នេះគឺជារបស់មានតម្លៃនិងអត្ថន័យបំផុតលុយមិនអាចទិញបានទេ។ មេដាយដែលទទួលស្គាល់នូវកិត្តិយសនិងការលះបង់របស់អ៊ុំពូមីងជាអតីតយុទ្ធជនបានពលីកម្មលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ និងសម្រាប់កូនចៅជំនាន់ក្រោយ។ ការបំពាក់មេដាយជូនលោកអ៊ុំ នាក់មីង ស្តែងឱ្យឃើញថា ថ្នាក់ដឹកនាំបានទទួលស្គាល់និងជាការដឹងគុណរបស់កូនចៅជំនាន់ក្រោយនិងការដឹងគុណរបស់រាជរដ្ឋាភិបាលចំពោះអតីយុទ្ធជនគ្រប់ៗគ្នា។

លោក បានបន្តថា ក្នុងនាមកូនចៅជំនាន់ក្រោយ សូមថ្លែងអំណរគុណនិងដឹងគុណជានិច្ចចំពោះអ៊ុំពូមីងដែលជាអតីតយុទ្ធជនដែលបានលះបង់និងធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ រំដោះប្រទេសជាតិចេញពីសង្រ្គាម ដែលធ្វើឱ្យយើងទាំងអស់គ្នាបានសុខនៅថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកយល់ណាស់អំពីអតីតយុទ្ធជន អំពីគុណសម្បត្តិនិងការលះបង់របស់អតីតយុទ្ធជនព្រោះលោកក៏ជាអតីតយុទ្ធជនដែលបានចូលរួមច្បាំងដើម្បីបុព្វហេតុជាតិ។លោកអ៊ុំពូមីងជាអតីតយុទ្ធជនគឺដូចនឹងសម្ដេចតេជោនៅក្នុងន័យពីរធំៗ ទី១លោកអ៊ុំពូមីង និងសម្ដេចតេជោគឺជាជនរងគ្រោះដោយសារសង្គ្រាមដែលចាប់ផ្ដើមដោយមហាអំណាច(សម័យលន់ នល់)។ អត្ថន័យទី២ គឺអ៊ុំពូមីងដែលជាអតីតយុទ្ធជនគឺដូចនឹងសម្ដេចតេជោ ដែរគឺបានលះបង់នឹងចូលរួមស្វែងរកសុខសន្តិភាពសម្រាប់ក្មេងៗជំនាន់ក្រោយ។ នេះគឺជាមោទនៈភាពណាស់សម្រាប់អតីតយុទ្ធជននៅទូទាំងប្រទេស។

អ៊ុំពូមីងអតីតយុទ្ធជនក៏ដូចជាប្រជាពលរដ្ឋដទៃទៀតនៅទូទាំងប្រទេសពិតមានសំណាងដែលមានជីវិតរស់នៅជួបជុំគ្រួសារ បើប្រៀបធៀបនឹងអ្នកបាត់បង់ជីវិតនៅក្នុងសង្គ្រាម នេះគឺជាអកុសលរបស់យើង។ ប៉ុន្តែពេលនេះប្រទេសយើងមានសុខសន្តិភាពក្រោមនយោបាយឈ្នះ ឈ្នះរបស់សម្ដេចតេជោហ៊ុនសែន។ប្រទេសយើងបានឆ្លងកាត់សង្គ្រាមជាង ៤០០ ឆ្នាំហើយប៉ុន្តែមកដល់ពេលនេះយើងបានសុខហើយ យើងបានរួចផុតពីការលំបាកហើយ។ ដូច្នេះហើយជាមិនចង់ឱ្យកូនចៅជំនាន់ក្រោយលំបាកទៀតទេយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនេះ កុំអោយកូនចៅជំនាន់ក្រោយឆ្លងកាត់សង្គ្រាមទៀត។ រាជរដ្ឋាភិបាលមិនបានបោះបង់អតីតយុទ្ធជនចោលនោះទេគឺរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជនទៅតាមលទ្ធភាពដែលយើងមានដើម្បីលើកស្ទួយកម្រិតជីវភាពនិងកិត្ដិយស អតីតយុទ្ធជនតាមរយៈការតម្លើងនប្រាក់សោត្សធននិវត្តន៍ ការផ្តល់ដីសម្បទាន ការកសាងផ្ទះជូនអតីតយុទ្ធជនដែលលំបាក រួមទាំងគោលនយោបាយរបស់រាជដ្ឋាភិបាល និងគោលរបបផ្សេងៗទៀត។ ពិតណាស់យើងមិនអាច គិតអ្វីធ្វើអ្វីទាំងអស់ក្នុងពេលតែមួយបានទេប៉ុន្តែសូមអុំពូមីងជឿទុកចិត្តចុះការបំពាក់មេដាយនៅថ្ងៃនេះនិង គោលនយោបាយផ្សេងៗគឺរាជរដ្ឋាភិបាលបានគិតនិងយកចិត្តទុកដាក់ជាប់ជានិច្ច។

លោកគូសបញ្ជាក់ជាថ្មីថា សូមអុំពូមីងជឿទុកចិត្តចំពោះសម្ដេចតេជោនិងការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានគណបក្សប្រជាជន កម្ពុជាដឹកនាំទោះបីយើងមិនល្អឥតខ្ចោះយ៉ាងណាក៏ដោយពុងតែខិតខំណាស់ដើម្បីដឹកនាំប្រទេសជាតិថែរក្សាសុខសន្តិភាពនិងជួយប្រជាជនគ្រប់បែបយ៉ាង។ ដូច្នេះសូមអញ្ជើញអ៊ុពូមីងទៅបោះឆ្នោតថ្ងៃទី២៩ ខែកក្កដាឱ្យបានទាំងអស់គ្នានិងបោះឆ្នោតជូនអ្នកដឹកនាំដែលនៅរួមសុខរួមទុក្ខជាមួយប្រជាជននិងសូមកុំចូលរួមសកម្មភាពទាំងឡាយណាដែលបង្កអសន្តិសុខនិងបង្កចលាចលដល់សង្គម។យើងឥតឆ្អែតឆ្អន់នឹងសង្គ្រាមហើយ ដូច្នេះយើងត្រូវចូលរួមថែរក្សាសុខសន្តិភានេះសម្រាប់កូនចៅយើងជំនាន់ក្រោយ ៕



Loading...