លោក ហ៊ុន ម៉ាណែត៖ កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន គឺកើតចេញពីប្រជាជន មិនមែនកើតដោយចុងអាវុធ ដូច ប៉ុល ពតទេ

ខេត្តក្រចេះ ៖ កូនប្រុសច្បង របស់សម្តេចតេជោ ហ៊ុន សេន គឺ លោក ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ គឺកើតឡើងដោយប្រជាពលរដ្ឋស្រលាញ់និងគាំទ្រ ខុសពីរដ្ឋាភិបាលសម័យ ប៉ុល ពត ដែលកើតឡើងដោយកម្លាំងប្រដាប់អាវុធ ហើយយកប្រជាជន ជាសត្រូវ កាប់សម្លាប់ប្រជាជន ការដឹកនាំប្រទេសបែបនេះ មិនអាចស្ថិតស្ថេរគង់វង្សបានយូអង្វែងនោះទេ ។ លោកបានថ្លែងបែបនេះ ក្នុងឱកាសលោក ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ មហាកុដិ ខ្លោងទ្វារ ពុទ្ធាភិសេក ក្នុងវត្តរដ្ឋបាលារាម ហៅវត្តបច្ឆា ក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ដែលចំណាយថវិកាសរុប២៥១,១០០ដុល្លារកាលពីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨កន្លងទៅ ។

លោក ហ៊ុន ម៉ាណែតមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសបានកាន់តែយូរ កាន់តែចូលគៀកនិងប្រជាជន កាន់តែដឹងពីសុខទុក្ខប្រជាជន និងបានជួយដោះស្រាយបញ្ហាជូនប្រជាជនបានកាន់តែច្រើន ។ ជាក់ស្ដែង ការសម្ពោធសមិទ្ធផលនៅថ្ងៃនេះ គឺជាការរួមចំណែកមិនត្រឹមតែក្នុងវិអណាចក្រប៉ុណ្ណោះទេ វិស័យព្រះពុទ្ធសាសនាក៏សម្តេចបាននិងកំពុងយកចិត្តទុកយ៉ាងខ្លាំង នេះគឺជាការរួមចំណែកនៅក្នុងប្រទេសទាំងមូល ហើយទីវត្តអារាម ជាកន្លែងដែលអភិរក្ស ថែរក្សា ក្បួនច្បាប់វប្បធម៌ប្រពៃណី និងអប់រំប្រជាពលរដ្ឋឲ្យធ្វើតែអំពើល្អ និងទីវត្តអារាម ជាទីកន្លែងដែលផ្ដល់ ឲ្យប្រជាពលរដ្ឋមានឱកាសបានជួបជុំគ្នា សប្បាយរីករាយក្នុងការធ្វើបុណ្យទាន សម័យនេះវត្តអារាម ខុសពីសម័យ ប៉ុល ពត ដែលគេយកវត្តទៅធ្វើ ជាកន្លែងចិញ្ចឹមសត្វ ឬជាកន្លែងសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃបំផុត ។

លោក បានគូសបញ្ជាក់ថា ការកសាងសមិទ្ធផលនានាក្នុងវត្តអារាមនេះ គឺស្ដែងឲ្យឃើញពីការយកចិត្តដាក់ និងការខិតខំប្រឹងប្រែង របស់ព្រះចៅអធិការ និងគណៈកម្មាធិការ ព្រមទាំងមានការចូលរួមពីពុទ្ធបរិស័ទ្ធចំណុះជើងវត្ត និងមកពីគ្រប់ទិសទី ទាំងនេះដែលបានស្ដែងពី ការលើកកម្ពស់ក្នុងវិស័យព្រះពុទ្ធសាសនា ជាងនេះទៀតដោយសារតែប្រជាពលរដ្ឋយើងមានលទ្ធភាព ជីវភាពរីកចម្រើនសម្បូរសប្បាយធូធារ ព្រោះពួកគាត់បាននិងកំពុងរស់នៅក្រោមដំបូលសន្ដិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ប្រកដដោយចីរភាព។ ឆ្លៀតក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលតែងតែគាំទ្រ សម្ដេចតេជោ ហ៊ុន សែន និងបានបោះឆ្នោតជូនសម្ដេច ដើម្បីផ្ដល់ឱកាសជូនសម្ដេចដឹកនាំប្រទេសក្នុងសន្ដិភាព និងការអភិវឌ្ឍន៍បន្ដទៀត ហើយលោកតា លោកយាយ បានជ្រើសរើសមេដឹកនាំ ដែលគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ២៤ម៉ោង ដោយសម្ដេចតេជោបានធ្វើសមាជជាមួយប្រជាជនរយៈពេល៣៦៥ថ្ងៃ ក្នុងមួយឆ្នាំ តាមរយៈ Facebook Page ផ្ទាល់របស់សម្ដេច ។

លោកក៏បានផ្ដាំផ្ញើ ប្រជាពលរដ្ឋលោកតា លោកយាយ បន្ដគាំទ្រសម្ដេចតេជោ ហ៊ុន សែន បោះឆ្នោតជូនសម្ដេចតេជោ ដើម្បីឲ្យសម្ដេចមានឱកាសដឹកនាំ កសាងអភិវឌ្ឍន៍ប្រទេសដែលលោកបានខិតខំតាំងពីបាត់ដៃទទេ អស់រយៈពេលជាង៤០ឆ្នាំមកនេះ ៕

 

 

Loading...