លោក ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា នៅកៀកជិតជាមួយប្រជាពលរដ្ឋជានិច្ចក្នុងដំណើរជីវិតរួមសុខ រួមទុក្ខគ្រប់កាលៈទេសៈទាំងអស់

(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នៅកៀកជិតជាមួយប្រជាពលរដ្ឋជានិច្ចក្នុងដំណើរជីវិតរួមសុខ រួមទុក្ខគ្រប់កាលៈទេសៈទាំងអស់ ដោយការរួមកម្លាំងកាយ កម្លាំងចិត្តកសាងអភិវឌ្ឍប្រទេសផ្តើមចេញពីបាតដៃទទេ រហូតដល់បានភាពសម្បូរសប្បាយក្នុងម្លប់សុខសន្តិភាព។

ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅបន្តការយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ក្នុងស្មារតីរួមសាមគ្គីគ្នាក្នុងមានអាសន្ន ជួបទុក្ខលំបាកនានា ជាក់ស្តែងថ្មីៗនេះគួរឱ្យកោតសរសើរពីទឹកចិត្តសប្បុរធម៌របស់សប្បុរជនបានចូលរួមជួយជាអំណោយជាគ្រឿងឧបភោគបរិភោគ និងជាថវិការ ដល់ជនរងគ្រោះជួបទុក្ខលំបាក រីឯបងប្អូនកងកម្លាំងគ្រប់ប្រភេទបានជួយយ៉ាងសកម្មក្នុងការសង្គ្រោះប្រជាពលរដ្ឋឱ្យគេចចេញពីគ្រោះទឹកជំនន់ និងនៅកំពុងបន្តខិតខំជួយជាកម្លាំងបន្ថែមទៀតនៅតាមតំបន់ផ្សេងៗ ដើម្បីត្រៀមលក្ខណៈជម្លៀសប្រជាពលរដ្ឋឱ្យទៅកាន់ទីទួលសុវត្ថិភាព។

លោកបានគូសបញ្ជាក់ថា នេះជាទឹកចិត្តមនុស្សធម៌ដ៏មានតម្លៃក្នុងស្មារតីមួយជឿជាក់ថា “ខ្មែរអាចធ្វើបាន” សមិទ្ធផលទាំងនេះអាចកើតឡើងបានដោយមានកត្តាធំៗចំនួន ៣ ៖

ទី១. ប្រជាជនខ្មែរសណ្តានចិត្ត គឺមានចិត្តក្នុងការចូលរួមចែករំលែកកសាងសមិទ្ធផល ស្នាដៃផ្សេងៗទូរទាំងប្រទេស ។

ទី២. ជីវភាពដែលបង្ហាញថា បច្ចុប្បន្នប្រជាជនមានលទ្ធភាពចូលរួម បើគាត់មិនមានជីវភាពល្អប្រសើរទេ ទោះបីជាគាត់មានទឹកចិត្ត ក៏មិនមានលទ្ធភាពចូលរួមបានដែរ។

ទី៣. កត្តាសុខសន្តិភាពដែលជាមូលដ្ឋានក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺជាការដឹកនាំស្របតាមគន្លងព្រះពុទ្ធសាសនា ដោយការធ្វើបុណ្យ ធ្វើអំពើល្អដោយស្មោះត្រង់ជាមួយប្រជាពលរដ្ឋ។ កត្តានេះហើយដែលធ្វើឱ្យប្រជាជនទុកចិត្ត និងបន្តផ្តល់ការគាំទ្ររហូតជិត ៤០ឆ្នាំ ពីព្រោះយើងមិនអាចយកកាំភ្លើងទៅភ្ជុង ឬគំរាមកំហែងប្រជាពលរដ្ឋ ដើម្បីឱ្យគាត់គាំទ្រនោះទេ តែដោយសារការពេញចិត្ត ស្រលាញ់ ជឿជាក់ទៅលើថ្នាក់ដឹកនាំមានការដឹកនាំប្រកបទៅដោយព្រហ្មវិហារធម៌ គុណធម៌ចំពោះប្រជាជនរស់នៅ​ មានភាពកក់ក្តៅក្នុងចិត្តជានិច្ច៕

Loading...