លោក ហ៊ុន ម៉ាណែត៖ ប្រទេសមានសុខសន្តិភាពអង្គភាពទ័ពបានដើរតួនាទី សំខាន់ដើម្បីពង្រឹងដល់កងយោធពលខេមរភូមិន្ទ

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញ បើកវគ្គហ្វឹកហ្វឺនជំនាញឆ័ត្រយោងជំនាន់ទី២៣ និងបិទវគ្គបំប៉នជំនាញជួសជុលអូប៊រនិងរបៀបសង្គ្រោះជំនាន់ទី២ នៅកងពលតូចទ័ពពិសេសឆត្រយោង៩១១ ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាំមកនូវការផ្តាំផ្ញើការសួសុខទុក្ខររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងថ្នាក់ដឹកនាំរបស់ក្រសួងការពារជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់និងគ្រួសារកងទ័ពទាំងអស់ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដណ្តើមស្នាដៃលើកិច្ចការពារបូរណភាពទឹកដីជូនជាតិមាតុភូមិ ។

លោកឧត្តមសេនីយ៍ឯក បានសំដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់និងការខិតខំប្រឹងប្រែងរបស់នាយទាហាន នាយទាហានរង និងពលទាហានដែលបានចូលរួមបំពេញភារកិច្ចនិងចូលរួមក្នុងបុព្វហេតុការពារបូរណភាពទឹកដី ក្នុងកិច្ចការពារសុខសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍរបស់ប្រទេសជាតិរបស់យើង ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបានថ្លែងថា “ក្នុងកាលៈទេសៈប្រទេសមានសុខសន្តិភាពអង្គភាពទ័ពបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹងដល់កងយោធពលខេមរៈភូមិន្ទ ទី១គឺពង្រឹងខ្លួនឯង និងធ្វើជាអង្គភាពទ័ពមួយមានការទទួលខុសត្រូវ និងមានសមត្ថភាពខ្ពស់ព្រោះកងទ័ពហ្វឹកហ្វឺនជាប់ជាប្រចាំគឺជាគោលដៅសំខាន់របស់កងយោធពលខេមរៈភូមិន្ទត្រូវតេហ្វឹកហ្វឺនដើម្បីយកភាពជោគជ័យជូនជាតិ” ។

លោកឧត្តមសេនីយ៍ឯកមានប្រសាសថា ពាក្យសន្តិភាពគឺជាពាក្យតែមួយម៉ាត់ដែលមានអត្ថន័យណាស់ អ្នកដែលមិនធ្លាប់ឆ្លងកាត់សង្គា្រមប្រហែលជាភ្លេចនិងមិនទាន់យល់ពីន័យនៃសុខសន្តិភាពនោះទេ ប៉ុន្តែអ្នកធ្លាប់ឆ្លងកាត់សង្គ្រាមពិតជាយល់ច្បាស់ពីតម្លៃនៃសុខសន្តិភាព។ដើម្បីយល់ន័យពីសង្រ្គាម ពីសុខសន្តិភាពគឺយកល្អមើលថា តើ សង្គ្រាមបានផ្តល់ផលលំបាកអ្វីខ្លះ ធ្វើឱ្យប៉ះពាល់អាយុជីវិត ប៉ះពាល់ដល់គ្រួសារយើងយ៉ាងម៉េច? តើគ្រួសារយោធិនពលីរងការលំបាកយ៉ាងម៉េច? ប្រជាពលរដ្ឋនិងនាយទាហានដែលបានស្លាប់និងពលីជីវិតយ៉ាងម៉េច? បើយើងយល់ពីឥទ្ធិពលអាក្រក់ពីសង្គា្រម បានយើងយល់ពីតម្លៃនៃសុខសន្តិភាព។ សុខសន្តិភាពមិនបានធ្វើឱ្យមនុស្សក្លាយខ្លួនជាជនពិការ មិនឱ្យខ្មែរសម្លាប់ខ្មែរ មិនឱ្យកូនក្លាយជាកូនកំព្រា មិនឱ្យម្តាយក្លាយជាស្ត្រីមេម៉ាយ។

ដូច្នេះកងទ័ពមិនខ្លាចប្រយុទ្ធទេ ប៉ុន្តែប្រយុទ្ធត្រូវមានបុព្វហេតុច្បាស់លាស់ដើម្បីការពារទឹកដីរបស់យើង ដើម្បីការពារសុខសន្តិភាពមិនឱ្យយើងត្រឡប់ទៅឱកាសដើមវិញគឺធ្វើឱ្យខ្មែររួបរួមគ្នា មិនឱ្យខ្មែរបែកបាក់ មិនឱ្យកូនចៅយើងព្រាត់ប្រាស់ ការពារសុខសន្តិភាព ការពារបូរណភាពទឹកដី ព្រោះថាបើខ្មែរបែកបាក់គេមើលងាយហើយ ព្រោះគ្មាននរណាស្រលាញ់ខ្មែរជាងខ្មែរទេ ហើយកុំគិតថាបរទេសមកពីលោកខាងលិចសុទ្ធតែល្អទាំងអស់នោះ ។

លោកឧត្តមសេនីយ៍ឯក បានបន្តថា មានអ្នកនយោបាយមួយចំនួន ដើម្បីតែអំណាច ផលប្រយោជន៍នយោបាយបានខិតខំបំផុសបំផុលមហាជនឱ្យធ្វើបាតុកម្មផ្តួលរំលំរដ្ឋាភិបាល។ សួរដើម្បីអ្វី? គឺមិនមែនដើម្បីលទ្ធិប្រជាធិបតេយ្យនោះទេ គឺដើម្បីអំណាចផ្ទាល់ខ្លួន ដើម្បីចចារយកកូតាសភា ដែលមហិច្ចតានេះខ្លួនមានផែនការ២០ឆ្នាំហើយដើម្បីផ្តួលរំលំរដ្ឋាភិបាលតាមរបៀបប្រទេសយូហ្គោស្លវី គឺស្រដៀងនឹងឆ្នាំ៧០ដែលបោះឆ្នោតមិនឈ្នះព្រះករុណានរោត្តមព្រះសីហនុគឺបានទៅពឹងសហរដ្ឋអាមេរិចទម្លាក់ព្រះកុរណាតាមរូបភាពរដ្ឋប្រហារ។ អ្នកនយោបាយនោះបានប្រើយុទ្ធសាស្រ្តធ្វើឱ្យបងប្អូនកងកម្លាំងប្រដាប់អាវុធបោះឱ្យគេ ទម្លាក់រដ្ឋាភិបាល ដែលគោលដៅរបស់គេគឺឱ្យបងប្អូនភ្លេចអស់នូវគោលដៅធំគឺសុខសន្តិភាព ដោយគេមិនបានគិតពីសុខសន្តិភាពនោះទេព្រោះគេមិនបានចូលរួមធ្វើនោះទេ។

លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្កទុកដាក់ខ្លាំងចំពោះកងកម្លាំងប្រដាប់អាវុធទាំងកម្រិតជីវភាពនិងកិត្តិយស។ ផ្ទុយទៅវិញគណបក្សប្រឆាំងមិនដែលគិតថាជាកងកម្លាំងរបស់ជាតិទេ គេគិតថាកម្លាំងប្រដាប់អាវុធបច្ចុប្បន្នគឺជាកម្លាំងបម្រើបក្សពេលបងប្អូនបម្រើជាតិ ។ ការតម្លើងប្រាក់បៀវត្ស ការផ្តល់គោលរបបផ្សេងៗ ការផ្តល់ដីសម្បទានសង្គមកិច្ចដល់អតីតយុទ្ធជនគឺដើម្បីធ្វើឱ្យជីវភាពរបស់កងទ័ពមានលក្ខណៈល្អប្រសើរដែលនេះគឺជាខិតខំរបស់រាជរដ្ឋាភិបាលមិនមែនដោយសារតែគណបក្សប្រឆាំងនោះទេ។ ព្រោះគណបក្សប្រឆាំងបានបោះឆ្នោតប្រឆាំងនឹងការតម្លើងថវិកាក្រសួងការពារជាតិដើម្បីតម្លើងប្រាក់បៀវត្សជូនដល់កងកម្លាំងប្រដាប់អាវុធ ។

យើងមានមោទនភាពដែលមហាជន យុវជន គ្រួសារយុវជន បានចាប់អារម្មណ៍គាំទ្រ ចូលរួមផ្សព្វផ្សាយបម្រើកងទ័ពនិងអោយតម្លៃដល់កងទ័ពក្នុងការបម្រើជាតិ ដែលយើងចង់ឱ្យក្រសែភ្នែករបស់មហាជនផ្តល់តម្លៃដល់កងទ័ពដែលលក្ខណៈសម្បត្តិនិងសមត្ថភាពគ្រប់គ្រាន់ វាជាការទទួលត្រូវចំពោះជីវិតមនុស្ស ។ លោកបានស្នើឱ្យកងកម្លាំងទាំងអស់យកស្មារតីជាតិ គោរពឱ្យបានម៉ឺងម៉ាត់ នូវរាល់បទបញ្ញតិ សារាចរណែនាំ លក្ខន្តិកៈ បទដ្ឋានគតិយុទ្ធនានា ប្រកាន់ខ្ជាប់នូវប្រពៃណី សេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ ជាកម្លាំងពិតរបស់ប្រជាជាតិ ដើម្បីបុព្វហេតុការពារជាតិ និងប្រជាជន។ ត្រូវបន្តយកចិត្តទុកដាក់ បំពេញការងារ បង្កើនស្មារតីមនសិការស្នេហារជាតិ ការពារជាតិនិងចូលរួមអភិវឌ្ឍជាតិឱ្យមាការរីកចម្រើន។ បន្តការខិតខំប្រឹងប្រែង យកចិត្តទុកដាក់លើការងារហ្វឹកហ្វឺន កសាងប្រភពធនធានមនុស្សប្រកបដោយបរិមាណនិងគុណភាព សមត្ថភាពគ្រប់គ្រាន់ដើម្បីឆ្លើយតបនិងកំណែទម្រង់កងយោធពលខេមរភូមិន្ទនិងការងារផ្សេងជាច្រើនទៀត៕

Loading...