លោក ហ៊ុន ម៉ាណែត ចូលជួបសម្តែងការគួរសមជាមួយអតីតប្រមុខUNTAC លោក យ៉ាស៊ូស៊ី អាកាស៊ី

ភ្នំពេញ៖ នារសៀល ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៨ លោក ហ៊ុន ម៉ាណែត បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម យ៉ាស៊ូស៊ី អាកាស៊ី (Yasushi Akashi) អតីតតំណាងពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកជាប្រធានបេសកកម្មអង្គការសហប្រជាជាតិនៅកម្ពុជា ។

ក្នុងជំនួបសម្តែងការគួរសមនេះ លោក ហ៊ុន ម៉ាណែត បានពាំនាំនូវការសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសម្តេចតេជោនាយករដ្ឋមន្ត្រីជូនចំពោះឯកឧត្តមអាកាស៊ី ព្រមទាំងជម្រាបជូនអំពីបច្ចុប្បន្នភាពនៅកម្ពុជាជាពិសេសទាក់ទងនឹងស្ថេរភាព និងការអភិវឌ្ឍន៍។

ជាការឆ្លើយតបលោក យ៉ាស៊ូស៊ី អាកាស៊ី (Yasushi Akashi) បានសម្តែងនូវក្តីរំភើបរីករាយដែលបានជួបសំណេះសំណាលផ្ទាល់ជាមួយឯកឧត្តមបណ្ឌិតនៅលើទឹកដីជប៉ុននេះ ក្រោយពីបញ្ចប់បេសកកម្មUNTAC ឆ្នាំ១៩៩៣មក ហើយតាមរយៈការជួបផ្ទាល់នេះ ឯកឧត្តមក៏បានផ្តាំផ្ញើរក្តីនឹករលឹកជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ ។ ជាមួយគ្នានេះលោក យ៉ាស៊ូហ្ស៊ី អាកាស៊ី បានរំលឹកឡើងវិញនូវការងារមួយចំនួនដែលកើតមានក្នុងដំណាក់កាលស្វែងរកសន្តិភាពនៅកម្ពុជាក្នុងអំឡុងឆ្នាំ ១៩៩២-១៩៩៣ និងការលះបង់ធំៗរបស់ប្រជាជនកម្ពុជា ក៏ដូចជារបស់កងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិដើម្បីស្វែងរកសន្តិភាពដ៏លំបាកជូនកម្ពុជានាពេលនោះ។

លោកក៏បានបង្ហាញនូវមោទនៈភាពចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជាក្នុងរយៈពេល២៥ឆ្នាំ ក្រោយការបោះឆ្នោតលើកទី១ នាឆ្នាំ១៩៩៣ (ដែលរៀបចំដោយ UNTAC) និងការដោះស្រាយបញ្ចប់សង្គ្រាមនៅកម្ពុជានាឆ្នាំ ១៩៩៨។

សូមបញ្ជាក់ថា ក្នុងជំនួបនោះ ក៏បានពិភាក្សាលើការងារមួយចំនួនទាក់ទងនឹងស្ថានការណ៏នយោបាយពិតនៅកម្ពុជា និងជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សានិងពង្រឹងនូវកិច្ចការសំខាន់បីដែលជាគោលបំណងធំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ ១៩៩១ នោះគឺការថែរក្សាសន្តិភាព ការពង្រឹងលិទ្ធិប្រជាធិបតេយ្យផ្អែកលើនិតិរដ្ឋ និងការការពារអធិបតេយ្យភាពនិងឯករាជ្យជាតិរបស់កម្ពុជាដែលបំពេញបាននូវតម្រូវការរបស់ប្រជាពរដ្ឋកម្ពុជាប្រាថ្នាចង់បានគឺសន្តិភាពនិងស្ថេរភាព ហើយឯកឧត្តមក៏បានបញ្ជាក់ផងដែរថា បញ្ហារបស់កម្ពុជាគួរទុកអោយកម្ពុជាជាអ្នកដោះស្រាយ ។ មុនបញ្ចប់ការសំណេះសំណាលលោក យ៉ាស៊ូស៊ី អាកាស៊ី ក៏ផ្តល់នូវសៀវភៅកម្រងអនុស្សាវរីយ៏ស្តីពីការបំពេញបេសកម្មស្វែងរកសន្តិភាពនៅកម្ពុជានាពេលកន្លងមកជូនចំពោះលោក ហ៊ុន ម៉ាណែត ផងដែរ៕

 

Loading...