លោក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសមជាមួយ ឯកឧត្តម លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី

សិងុ្ហបុរី៖ កាលពី រសៀល ថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០១៨ ដែលជាថ្ងៃទី១ នៃដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ “លីក្វាន់យូរ” លោក ហ៊ុន ម៉ាណែត បានជួបសម្តែងការគួរសមជាមួយលោក លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី។

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី បានលើកឡើងពីស្ថេរភាព និងការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយលោក សង្ឃឹមថាប្រទេសកម្ពុជា នឹងនៅតែរក្សាបាននូវស្ថេរភាព និងការអភិវឌ្ឍបន្តទៀត។

លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់សាធារណរដ្ឋសិង្ហបុរី ដែលជានិច្ចជាកាលជាមិត្តដ៏ល្អជាមួយប្រទេសកម្ពុជា ព្រមទាំងជាដៃគូរសេដ្ឋកិច្ចពាណិជ្ជកម្ម ហើយសង្ឃឹមថាកិច្ចសហប្រតិបតិ្តការរវាងប្រទេស និងប្រជាជនទាំងពីរកាន់តែបន្តរឹងមាំទៅថ្ងៃអនាគត។

សូមបញ្ជាក់ថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ និងជាមេបញ្ជាការរងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ នឹងធ្វើទស្សនកិច្ចនៅប្រទេសសិង្ហបូរី ក្នុងកម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទ ពិសោធន៍ “លីក្វាន់យូរ” លើកទី ៦៤ រយៈពេល៤ថ្ងៃគឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។ នៅក្នុងកឡុងពេលទស្សនកិច្ចនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នឹងជួបជាមួយថ្នាក់ដឹកនាំ រួមមាន ឯកលោក លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្រ្តីនៃប្រទេសសិង្ហបូរី លោក ហ្គោ ចុកតុង (Emeritus Seniorន Minister Goh Chok Tong) អតីតនាយករដ្ឋមន្រ្តីប្រទេសសិង្ហបូរី និងលោកបណ្ឌិត អ៊ឹង អេង (Dr Ng Eng Hen) រដ្ឋមន្ត្រីការពារជាតិសិង្ហបូរី និងឥស្សរជនសំខាន់ៗនៃសាធារណរដ្ឋសិង្ហបុរីផងដែរ៕

Loading...