លោក ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅតំបន់បូសាន ក្រុងគីមហ៊េប្រមាណជា ៤០០នាក់

កូរ៉េខាងត្បូង៖ លោក ហ៊ុន ម៉ាណែត និងប្រតិភូបានជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយបងប្អូនពលករ ស្រ្តី សិស្ស និងនិស្សិតខែ្មរ ដែលកំពុងរស់នៅ និងបំពេញការងារនៅតំបន់ប៊ូសាន ប្រមាណ៤០០នាក់ ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងកក់ក្តៅបំផុតក្នុងនាមមហាគ្រួសារខ្មែរនារាត្រីថ្ងៃសៅរ៍ទី២៦ ខែឧសភា ឆ្នាំ២០១៨ ។

ថ្លែងក្នុងពិធី សំណេះសំណាលនិងពិសាហារសាមគ្គី លោក ហ៊ុន ម៉ាណែត បានថ្លែងការកោតសរសើរនូវភាពវៀងវៃ ឧស្សាព្យាយាមរបស់បងប្អូនពលករខ្មែរ តែងតែទទួលបានការកោតសរសើរពីនិយោជកកូរ៉េ ។ ទន្ទឹមនិងនោះ លោកហ៊ុន ម៉ាណែត បានសម្តែងនូវការកោតសរសើរនូវទឹកចិត្តស្រឡាញ់វប្បធម៌ សិល្បៈ ប្រពៃណីខ្មែរ របស់ប្រជាពលរដ្ឋខ្មែរយើង ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េ បានឆ្លៀតពេលយ៉ាងមរមារញឹក ខិតខំហ្វឹកហាត់ សិល្បះ និងសម្តែងជូនសាធារណជនកូរ៉េបានដឹងបានស្គាល់ពីវប្បធម៌ ប្រពៃណីខ្មែរ ។

លោក ហ៊ុន ម៉ាណែត បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរ អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបន្តផ្តល់សេវាគាំពារសិទ្ធិ ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូររបស់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅកូរ៉េ និងប្តេជ្ញាខិតខំចរចាជាមួយភាគីកូរ៉េរក្សាចំនួនកូតាឲ្យបានច្រើនសម្រាប់ជាឱកាស ការងារបន្ថែមទៀតដល់បងប្អូនខ្មែរយើង ។ តាមការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន គិតចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៨ មានពលករខ្មែរ ប្រមាណជា ៦ ម៉ឺននាក់បានចេញទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ ដែលជាមធ្យមពលករម្នាក់អាចទទួលបានប្រាក់ខែពី ១០០០ ទៅ ១២០០ ដុល្លារអាមេរិកក្នុងមួយខែ និងបានផ្ញើរថវិកាជូនក្រុមគ្រួសារនៅក្នុងប្រទេសប្រមាណជា ៣០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ៕

Loading...