លោក ហ៊ុន ម៉ាណែត ត្រូវបានក្រុមសមាជិកសភាមិត្តភាពជប៉ុន-មេគង្គ (J-Mekong Parliamentary Friendship Group) ទទួលជួបសំណេះសំណាល និងពិសារអាហារថ្ងៃត្រង់ជាមួយ

នៅវេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៨ លោក ហ៊ុន ម៉ាណែត បានចូលជួបសំណេះសំណាល និងពិសារអាហារថ្ងៃត្រង់ជាមួយក្រុមសមាជិកសភាមិត្តភាពជប៉ុន-មេគង្គ (J-Mekong Parliamentary Friendship Group)ដែលដឹកនាំដោយឯកឧត្តម រ្យូ  ស៊ីអូណូយ៉ា (Ryu Shionoya) ដែលជាប្រធានក្រុមសមាជិកសភាមិត្តភាពជប៉ុន-មេគង្គ ក្នុងបរិយាកាសស្និទ្ធស្នាល និងរាក់ទាក់ ។

ក្នុងជំនួបនេះប្រតិភូសភាមិត្តភាពមេគង្គកម្ពុជា ក៏បានសម្តែងនូវការរីករាយដែលបានជួបសំណេះសំណាលនិងស្វាគមន៏នូវដំណើរមកកាន់ប្រទេសជប៉ុនរបស់លោក ហ៊ុន ម៉ាណែត ជាមួយគ្នានេះក៏បានវាយតម្លៃខ្ពស់អំពីការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន តាមរយៈទស្សនកិច្ចរបស់ក្រុមសភាជប៉ុន-មេគង្គនៅប្រទេសកម្ពុជានាពេលកន្លងមកនេះ ។

ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ជប៉ុនដែលតែងតែផ្តល់កិច្ចទំនាក់ទំនងសហប្រតិបត្តិការល្អលើគ្រប់វិស័យនាពេលកន្លងមកទាំងស្ថាប័នរដ្ឋាភិបាល និងស្ថាប័នសភាផងដែរ និងស្នើសុំអោយជប៉ុន-កម្ពុជាបន្តពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការនេះ។

សូមបញ្ជាក់ថា នៅក្នុងកំឡុងពេលទស្សនកិច្ចរយៈពេល៥ថ្ងៃនៅក្នុងប្រទេសជប៉ុន ចាប់ថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨  លោក ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាល ក្រសួងការបរទេស ក្រសួងការពារជាតិ កងស្វ័យការពារ និងគណបក្សប្រជាធិបតេយ្យសេរី ព្រមទាំងជួបពិភាក្សាការងារជាមួយឥស្សរជន និងសមាជិកសភារបស់ជប៉ុនមួយចំនួនទៀតផងដែរ ៕

 

 

 

Loading...