លោក ហ៊ុន ម៉ាណែត ត្រូវបានទទួលជួបពិភាក្សាការងារ និងទទួលស្វាគមន៍អាហារល្ងាចយ៉ាងកក់ក្តៅពីសំណាក់អនុរដ្ឋមន្ត្រីការបរទេសជប៉ុន

នៅវេលាម៉ោង ៦.៣០ ល្ងាច ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៨នេះ ឯកឧត្តម កាហ្សូយូគី ណាកាណេ (Kazuyuki Nakane) អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានរៀបចំអាហារពេលល្ងាចដើម្បីពិភាក្សាការងារ និងស្វាគមន៍ដំណើរមកដល់របស់លោក ហ៊ុន ម៉ាណែត យ៉ាងរាក់ទាក់ស្និតស្នាល ។ ក្នុងឱកាសនោះ លោកអនុរដ្ឋមន្ត្រីបានសម្តែងនូវក្តីសោមន្សរីករាយស្វាគមន៍នូវដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុនពេលនេះ និងចង់ឃើញនូវចំណងសាមគ្គីភាពកាន់តែជិតស្និតរវាងប្រទេសទាំងពីរ ។

ជាការឆ្លើយតបលោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនដែលបានអញ្ជើញរូបលោក ដឹកនាំប្រតិភូមកបំពេញទស្សនកិច្ចពេលនេះ ហើយបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ។

លើសពីនេះ លោក ហ៊ុន ម៉ាណែត ក៏សំដែងនូវក្តីសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងកាន់តែត្រូវបានពង្រឹងនិងពង្រីកថែមទៀត
ស្របពេលនឹងខួបអនុស្សាវរីយ៏លើកទី៦៥ នៃចំណងការទូតកម្ពុជា-ជប៉ុន។

សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ត្រូវបានអញ្ជើញដោយរដ្ឋាភិបាលជប៉ុនឱ្យបំពេញទស្សនកិច្ចរយៈពេល៥ថ្ងៃនៅប្រទេសជប៉ុន ចាប់ថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ដើម្បីពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅលើការយល់ដឹងពីទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ក្រោមកម្មវិធីផ្លាស់ប្តូរយុទ្ធសាស្ត្រកម្រិតអ្នកអនុវត្ត (Program for Strategic Exchanges on Practical Level—STEP) ។

នៅក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសជប៉ុននេះ លោក ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាល ក្រសួងការបរទេស ក្រសួងការពារជាតិ កងស្វ័យការពារ និងគណបក្សប្រជាធិបតេយ្យសេរី ព្រមទាំងជួបពិភាក្សាការងារជាមួយឥស្សរជន និងសមាជិកសភារបស់ជប៉ុនមួយចំនួនទៀតផងដែរ ៕

 

Loading...