លោក ហ៊ុន ម៉ាណែត ប្រាប់ជាពលរដ្ឋថា ៖ ការខិតខំកន្លងមករបស់ សម្តេចតេជោ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរងគ្រោះទទួលបានជំនួយឧបត្ថម្ភដោយផ្ទាល់ដៃ

(ខេត្តកំពង់ចាម)៖ ថ្លែងនៅចំពោះ ប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ នៅខេត្តកំពង់ចាម លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ” ការជួយដល់ប្រជាពលរដ្ឋ គឺជាកិច្ចការសំខាន់ និងជាការជួយសង្គ្រោះពិតជាក់ស្តែង ដែលខុសពីការធ្វើប្រជាភិថុតិដើម្បីតែល្អមើល។ ការខិតខំកន្លងមករបស់ សម្តេចតេជោ និងមន្ត្រីរាជរដ្ឋាភិបាល មានគោលដៅតែមួយគត់ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរងគ្រោះទទួលបានជំនួយឧបត្ថម្ភដោយផ្ទាល់ដៃ” ។ ការថ្លែងលើកឡើងបែបនេះ របស់លោកបណ្ឌិត បានធ្វើឡើង ក្នុងពិធីសំណេះសំណាលចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ គ្រាដែល លោកអញ្ជើញតំណាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធី នៅខេត្តកំពង់ចាម កាលពីថ្ងៃទី១២ វិច្ឆិកា ២០២០នេះ ។

លោកបណ្ឌិតហ៊ុន ម៉ាណែត មានប្រសាសន៍ថា ប្រតិបត្តិការមនុស្សធម៌នេះ បានចាប់ផ្តើមតាំងពីដើមដំបូងនៃវិបត្តិ ដោយឈានចេញពីកន្លែងរងគ្រោះខ្លាំង ដូចដែល សម្តេចតេជោ បានចុះដឹកនាំផ្ទាល់ ហើយបច្ចុប្បន្ន ទោះបីសម្តេចមិនអាចចូលរួមផ្ទាល់បាន ដោយសារជាប់វិធានការចត្តាឡីស័កក្រោយព្រឹត្តិការណ៍០៣វិច្ឆិកា ប៉ុន្តែសម្តេចបានចាត់តំណាងបន្តចុះទៅតាមមុខព្រួញរងគ្រោះផ្សេងៗ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានទទួលជំនួយឧបត្ថម្ភទាន់ពេលវេលាក្នុងស្ថានភាពបន្ទាន់នេះ។ ជាងនេះទៀត មន្ត្រីរាជរដ្ឋាភិបាល អាជ្ញាធរដែនដី ក៏នឹងបន្តយកចិត្តទុកដាក់ចុះវាយតម្លៃផលប៉ះពាល់នៅតាមមូលដ្ឋានជាប្រចាំ ដើម្បីបន្តជួយរហូតទាល់តែស្ថានភាពបានល្អប្រសើរឡើងវិញ។

លោកថា ពួកគាត់ទាំងនេះ គឺជាសាក្សីផ្ទាល់នៃកិច្ចខិតខំប្រឹងប្រែង។ ក្នុងស្មារតីនេះ សប្បុរសជនខ្មែរទាំងក្នុងស្រុក ក្រៅស្រុក រួមទាំងជនបរទេស បានចូលរួមគាំទ្រតាមការអំពាវនាវរបស់ សម្តេចតេជោ យ៉ាងច្រើនផុសផុល រហូតទទួលបានមូលនិធិជាង០៨លានដុល្លារ ដើម្បីជួយផ្ទាល់ដល់ប្រជាពលរដ្ឋរងគ្រោះនៅទូទាំងប្រទេស បន្ថែមលើថវិកាជាតិដែលក្រសួងស្ថាប័ន និងអាជ្ញាធរដែនដីមានសម្រាប់ប្រើប្រាស់។ ការគាំទ្រនេះ គឺជាការគាំទ្រអ្នកដែលបានធ្វើជាក់ស្តែង និងបានបង្ហាញអំពីទំនុកចិត្តចំពោះការដឹកនាំសុចរិត និងភាពស្មោះត្រង់របស់សម្តេចក្នុងការប្រើប្រាស់មូលនិធិមនុស្សធម៌ក្នុងបុព្វហេតុប្រជាជន។ ដូច្នេះ ការរិះគន់ចាប់កំហុសណាមួយ ក៏ជាការវាយប្រហារចំពោះទឹកចិត្តរបស់សប្បុរសជន ដែលបានខិតខំបរិច្ចាគថវិកាជួយប្រជាពលរដ្ឋដោយសុទ្ធចិត្ត។

ក្នុងឆ្នាំនេះ ប្រទេសកម្ពុជាមានខេត្ត ចំនួន២០ ដែលរងគ្រោះ តំបន់ដែលប៉ះពាល់ធ្ងន់ជាងគេ គឺនៅទិសភូមិភាគ៥។ ក្រោមការអំពាវនាវរបស់ សម្តេចតេជោ ក្រសួងស្ថាប័នជាតិ, អាជ្ញាធរដែនដី, កម្លាំងប្រដាប់អាវុធ, ប្រជាពលរដ្ឋ, យុវជនស្ម័គ្រចិត្ត និងសប្បុរសជន បានរួមគ្នាជាចលនានៅទូទាំងប្រទេស ដើម្បីចុះជួយប្រជាពលរដ្ឋរងគ្រោះ ដោយបានជួយសង្គ្រោះអាយុជីវិតច្រើនទាន់ពេលវេលា, ការពារទ្រព្យសម្បត្តិ និងថែទាំសុខភាពប្រជាពលរដ្ឋជាប់ជាប្រចាំ។ នៅក្នុងដំណាក់កាលស្តារឡើងវិញនេះ ក៏បានបន្តផ្តោតការយកចិត្តទុកដាក់លើការចែកស្រូវពូជ ដើម្បីធានាការបង្កបង្កើនផលឡើងវិញ។ ប្រជាពលរដ្ឋ ជាមូលដ្ឋាននៃប្រទេសជាតិ ហើយជីវភាពគ្រួសារនីមួយៗ គឺជាមូលដ្ឋាននៃការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។

នាឱកាសនោះ លោកបណ្ឌិត បាននាំមកនូវការផ្តាំផ្ញើរបស់សម្តេចតេជោ៖ ទី១ សូមអរគុណប្រជាពលរដ្ឋខេត្តកំពង់ចាម ដែលតែងបានគាំទ្រ និងជឿងទុកចិត្តលើការដឹកនាំរបស់សម្តេច។

ប្រជាពលរដ្ឋជាអ្នកកំណត់ជោគវាសនាជ្រើសរើសមេដឹកនាំ ដែលអាចដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈសង្គ្រាម អសន្តិសុខ និងសន្តិភាព។ នេះ គឺជាជម្រើសដ៏ត្រឹមត្រូវរបស់ប្រជាពលរដ្ឋ ព្រោះសម្តេចតែងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ផ្តើមតាំងពីដំណាក់សង្គ្រោះជីវិតចេញពីរបបប្រល័យពូជសាស៍ និងបានដឹកនាំកសាងស្តារពីបាតដៃទទេ រហូតមានប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។ ដរាបណាប្រជាពលរដ្ឋនៅតែទុកជឿទុកចិត្តលើសម្តេច លោកនឹងនៅបន្តជួយជ្រោមជ្រែងដឹកនាំប្រទេសឱ្យកាន់តែរីកចម្រើនឆ្ពោះទៅមុខទៀត។ នេះ គឺជាការប្តេជ្ញាចិត្តរបស់ សម្តេចតេជោ ក៏ដូចជាមន្ត្រីរាជរដ្ឋាភិបាលទាំងមូល។ យើងរួមគ្នាជាមួយប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីអនាគតប្រទេសជាតិ និងអនាគតកូនចៅយើងជំនាន់ក្រោយៗទៀត។ ទី២- សូមអរគុណប្រជាពលរដ្ឋ ដែលបានចូលរួមនៅក្នុងការថែរក្សាសន្តិភាព។ សង្គ្រាមបានបន្សល់នូវការឈឺចាប់ ហើយកាកសំណល់ពីសង្គ្រាមនៅបន្តគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋយើងដល់សព្វថ្ងៃ។ ដូច្នេះសូមបន្តថែរក្សាសន្តិភាព ដែលជាសមិទ្ធផលនៃនយោបាយឈ្នះ-ឈ្នះនេះឱ្យបាន។ ហានិភ័យសំខាន់បំផុតនៃសង្គ្រាម មិនមែនជាអាវុធទេ ប៉ុន្តែអាចកើតចេញពីប្រជាពលរដ្ឋដែលបែកបាក់គ្នាក្រោមការញុះញង់របស់អ្នកនយោបាយ។

សន្តិភាពដូចជាខ្យល់ដកដង្ហើម ដែលមិនអាចខ្វះបាន។ មនុស្សទូទៅយល់អំពីតម្លៃនៃសន្តិភាពបំផុត នៅពេលដែលវាបាត់បង់ ពេលដែលសង្គ្រាមផ្ទុះឡើង ដោយយឺតពេលហួសទៅហើយ។ ហេតុដូច្នេះ យើងត្រូវរួមគ្នាដើម្បីការពារសន្តិភាពនេះកុំឱ្យបាត់បង់ម្តងទៀតក្នុងប្រវត្តិសាស្ត្រយើង។ ទី៣ -សូមអំពាវនាវឱ្យបន្តប្រុងប្រយ័ត្នយកចិត្តទុកដាក់បង្ការជំងឺកូវីដ-១៩ ដោយសារគ្រោះថ្នាក់អាចនឹងកើតមានប្រសិនបើយើងធ្វេសប្រហែស ដូចករណីប្រទេសធំៗមួយចំនួន ដែលកំពុងបន្តរងគ្រោះខ្លាំង ហើយខ្លះបានចាប់ផ្តើមបិទប្រទេសឡើងវិញ។

យើងមិនអាចភ្លេចខ្លួនបានទេ ទោះបីក្នុងរយៈពេលជាង ១០ ខែមកនេះ កម្ពុជាអាចគ្រប់គ្រងស្ថានការណ៍បានក៏ដោយ ដោយមិនទាន់មានអ្នកស្លាប់ក្នុងប្រទេស និងមិនទាន់មានករណីចម្លងនៅក្នុងសហគមន៍។ ដូច្នេះ សូមបន្តចូលរួមជាមួយរាជរដ្ឋាភិបាលទប់ស្កាត់ហានិភ័យនៃការរីករាលដាលនៃជំងឺនេះ ដើម្បីសុខភាពរបស់ប្រជាជនយើងទាំងអស់គ្នា ៕

 

Loading...