លោក ហ៊ុន ម៉ាណែត អញ្ជើញកាត់ប្ញស្សីមានិងសម្ពោធសមិទ្ធផលនានា ក្នុងវត្តបរិវាស

ខេត្តកំពត៖ លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងពិធីពិធីកាត់ឬសសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តបរិវាស ដែលស្ថិតក្នុងឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត កាលពីព្រឹកថ្ងៃសៅរ៍ ទី០២ មិថុនា ២០១៨ ។

ថ្លែងក្នុងពិធី កាត់ប្ញស្សីមា លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ថ្ងៃនេះ ជំនាន់ប្អូនៗនិស្សិត អត់លំបាក អត់ព្រួយបារម្មណ៍ពីសង្រ្គាមទៀតទេ។ ជាក់ស្តែង សមិទ្ធផលដែលយើងមានថ្ងៃនេះគឺជាការអបអរសាទរនូវអ្វីដែលយើងមាននៅបច្ចុប្បន្ន ជាការអបអរសាទរនូវអ្វីដែលយើងសង្ឃឹមទៅថ្ងៃអនាគតសម្រាប់កូនចៅយើង និងគឺជាការចងចាំនូវអតីកាលដ៍ជូចត់របស់យើង ដែលបានបន្សល់ទុកនូវវត្តមានស្រ្តីមេម៉ាយ ជនពិការជាច្រើន មកដល់ពេលបច្ចុប្បន្ន។

ដូច្នេះហើយយើងត្រូវរួមគ្នាថែរក្សាសុខសន្តិភាពកុំឱ្យបាត់បង់ទៅវិញ។ ប្រជាពលរដ្ឋដែលធ្វើបុណ្យគឺចង់បានបុណ្យកុសលសម្រាប់ជាតិក្រោយ ប៉ុន្តែប្រជាពលរដ្ឋក៏ចង់បានភោគផលបុណ្យសម្រាប់ជាតិនេះដែរ និងកុំឱ្យកូនចៅជំនាន់ក្រោយលំបាកដូចជំនាន់មុនទៀត។ យើងមានភាពសម្បូរសប្បាយថ្ងៃនេះ យើងត្រូវថែរក្សាភាពសម្បូរសប្បាយនេះទៅអនាគតតទៅមុខទៀត។

លោក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរនិងថ្លែងអំណរគុណរចំពោះការកសាងសមិទ្ធផលទាំងអស់នៅក្នុងទីអារាមនេះដែលកើតចេញពីការខិតខំក្នុងការដឹកនាំពីសំណាក់ព្រះចៅអធិការ គណៈកម្មាការអាចារ្យវត្ត និងការចូលរួម ការបរិច្ចាគ ចែករំលែករបស់ពុទ្ធបរិស័ទ្ធ សប្បុរសជនជិតឆ្ងាយ និងប្រជាពលរដ្ឋដែលមានចិត្ត មានសទ្ធាជ្រះថ្លារួមគ្នាកសាងសមិទ្ធផលនានាក្នុងទីអារាមនេះ។ សមិទ្ធផលជាច្រើននៅទូទាំងប្រទេសដែលបានកសាងមកដល់បច្ចុប្បន្ននេះគឺបានមកពីសុខសន្តិភាព ពីការខិតខំរបស់រាជរដ្ឋាភិបាល និងការចូលរួមរបស់មន្រ្តីរាជការ អជ្ញាធរគ្រប់លំដាប់ថ្នាក់ គណៈកម្មាការអាចារ្យវត្ត ពុទ្ធបរិស័ទ្ធ សប្បុរសជននិងប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស។

ឆ្លៀតក្នុងឱកាសនោះដែរ លោកហ៊ុន ម៉ាណែត បានជំរុញឱ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តការអភិវឌ្ឍប្រទេស ធានាបាននិរន្តភាព សុខសន្តិភាព និងបន្តដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ។

លោកក៏បានស្នើសុំ ប្រជាពលរដ្ឋ សូមកុំចូលរួមសកម្មភាពទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ផលប្រផលជាតិ ផលប្រយោជន៍ផ្ទាល់ខ្លួន ដែលអាចបំផ្លាញសុខសន្តិភាព ស្ថេរភាពសង្គម។ យើងត្រូវបន្តរួមគ្នា ថែរក្សាសុខសន្តិភាព កសាងអភិវឌ្ឍប្រទេសជាបន្តទៀត។ យើងសប្បាយរីករាយជាមួយនឹងសន្តិភាពដែលយើងមានសព្វថ្ងៃនេះទេ? យើងចង់បន្តនឹងសន្តិភាពដែលយើងមាននេះទេ? ចង់បានមន្ត្រីនិងថ្នាក់ដឹកនាំដែលខិតខំកសាងនិងបម្រើប្រជាជនបន្តទៅទៀតទេ?។

ដូច្នេះសូមលោកយាយ លោកតា អុំពូមីង ប្រជាពលរដ្ឋ អញ្ជើញទៅចូលចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នានៅថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ ដើម្បីបំពេញកាត្វកិច្ចប្រជាពលរដ្ឋ និងដើម្បីជ្រើសរើសអ្នកដឹកនាំដែលនិយាយពិត ធ្វើពិត ជ្រើសរើសថ្នាក់ដឹកនាំដែលទទួលខុសត្រូវ នៅជាមួយប្រជាពលរដ្ឋ អ្នកដឹកនាំដែលធ្វើឱ្យប្រទេសមានសុខសន្តិភាព ប្រជាពលរដ្ឋសម្បូរសប្បាយនិងប្រទេសជាតិរីកចម្រើនសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕




Loading...