លោក ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យទីប្រឹក្សាស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអនុញ្ញាតឲ្យ លោក Wu Chuanbing ទីប្រឹក្សាស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អរវាងយុវជននៃប្រទេសទាំងពីរ ដែលជំនួបនេះបានធ្វើឡើងនៅវិមាន៧មករា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

លោកទីប្រឹក្សា Wu Chuanbing បានអបអរសាទរយ៉ាងកក់ក្ដៅចំពោះលោក ហ៊ុន ម៉ាណែត ដែលបានជ្រើសតាំងជា សមាជិកគណ:អចិន្ដ្រៃយ៍គណ:កម្មាធិការកណ្ដាល ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងអនុប្រធានគណ:ចលនាមហាជននៃគណបក្សប្រជាជនកម្ពុជា ក្នុងរយ:ពេលពីរបីឆ្នាំកន្លងមកនេះ។

លោកបានបញ្ជាក់ថា កម្ពុជា-ចិន មានទំនាក់ទំនងល្អជាប្រពៃណី ហើយទំនាក់ទំនងនេះគឺជាគុណតម្លៃដ៏ល្អ សម្រាប់ប្រជាជនយើងទាំងពីរ។ ខ្ញុំមានសេចក្តីរីករាយណាស់ ដែលបានឃើញថា «ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។

តាមរយៈផ្លែផ្កានៃទំនាក់ទំនងល្អនេះ ប្រទេសយើងទាំងពីរ បានផ្តល់ផលប្រយោជន៍ល្អឱ្យគ្នាទៅវិញទៅមក ពិសេសការផ្លាស់ប្តូរបទពិសោធល្អៗរបស់យុវជននៃប្រទេសទាំងពីរ តាមរយៈការបណ្តុះបណ្តាល ការផ្លាស់ប្តូរបទពិសោធដឹកនាំ និងបទពិសោធការងារលើគ្រប់វិស័យ ស្ថាប័ន។

លោក ហ៊ុន ម៉ាណែត ក្នុងនាមយុវជនកម្ពុជាបានបង្ហាញសេចក្តីរីករាយដែលបានឃើញថា «ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ត្រូវបានថែបំប៉នឱ្យកាន់តែរឹងមាំដូចដែកថែប ប្រកបដោយទំនុកចិត្តនយោបាយដ៏ខ្ពស់បំផុត»។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជំនួបនាថ្ងៃនេះ គឺ
ដើម្បីលើកស្ទួយទំនាក់ទំនងរវាងយុវជនចិន និងយុវជនកម្ពុជា និងដើម្បីចូលរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងរវាងកម្ពុជា-ចិន លើគ្រប់វិស័យ។ លោក ហ៊ុន ម៉ាណែត
បានស្នើសុំភាគីចិនផ្ដល់អាហារូបករណ៍ និងការបណ្ដុះបណ្ដាលនៅក្នុងប្រទេសដើម្បីជួយបណ្ដុះបណ្ដាលបង្កើនសមត្ថភាព ចំណេះដឹងរបស់យុវជនកម្ពុជា៕

Loading...