លោក ហ៊ុន ម៉ាណែត អំពាវនាវឲ្យប្រជាពលរដ្ឋ ខេត្តត្បូងឃ្មុំទៅបោះឆ្នោតនិង បោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ទទួលបន្ទុកការងារយុវជន “អំពាវនាវឲ្យប្រជាពលរដ្ឋ ខេត្តត្បូងឃ្មុំទៅបោះឆ្នោតនិង បោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេស” ការថ្លែងអំពាវនាវនេះ ធ្វើឡើងក្នុងពិធី ហែរក្បួនឃោសនាស្វែងការគាំទ្របន្ថែមពីប្រជាពលរដ្ឋ របស់យុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ, កាលពីថ្ងៃអាទិត្យ ទី ១៥ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ ។

លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាក៏ដូចជាគណបក្សដទៃដែរ ត្រូវគោរពសិទ្ធិរបស់ប្រជាពលរដ្ឋ ចែងនៅក្នុងរដ្ឋធម្មនុញ្ញដែលមានសិទ្ធិបោះឆ្នោតជ្រើសរើសមេដឹកនាំរាល់៥ឆ្នាំម្តង ដើម្បីជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ និងរៀបចំរាជរដ្ឋាភិបាលថ្មី ។ “ដូច្នេះនៅថ្ងៃទី២៩ យើងទាំងអស់គ្នា ត្រូវទៅបោះឆ្នោតជ្រើសរើសមេដឹកនាំ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសតទៅទៀត” ។ បោះឆ្នោតគឺជាវិធីតែមួយគត់សម្រាប់ប្រជាពលរដ្ឋរាប់លាននាក់ បោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស តាមលទ្ធិប្រជាធិបតេយ្យនិងដោយសន្តិវិធី ដែលច្បាប់បានអនុញ្ញាត។ ការបោះឆ្នោតគឺជាវីធីសាស្រ្តមួយដែលឲ្យបក្សទាំងអស់ឆ្លើយតបទៅនិងប្រជាពលរដ្ឋដើម្បីអោយប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតផ្ដល់ឱកាសឲ្យគណបក្សដែលខ្លួនចង់ឱ្យដឹកនាំប្រទេស។

លោកបានបន្តថា កន្លងមកគណបក្សប្រជាជនកម្ពុជាបានឈ្នះដោយសារប្រជាពលរដ្ឋយល់ឃើញថាគណបក្សប្រជាជនកម្ពុជាផ្ដល់ភាពកក់ក្តៅ បម្រើប្រជាពលរដ្ឋ ជាប់ជាប្រចាំ មិនមែនទាល់តែជិតបោះឆ្នោត ទើបដើរមកសន្យាជាមួយប្រជាពរដ្ឋនោះទេ ។ ផ្ទុយទៅវិញយើងមានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងមានរាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ បានបម្រើប្រជាពលរដ្ឋជាប្រចាំនៅគ្រប់ទីកន្លែង ។ លើសពីនេះគណបក្សប្រជាជនកម្ពុជាបានស្វែងរកសុខសន្តិភាព កសាងមិទ្ធផលជាច្រើន ហើយបានបង្កើតឱកាសសិក្សា និងការងារជូនយុវជន។ កម្មករ មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធ បានទទួលប្រាក់បៀវត្សសមរម្យ និងប្រជាជនមានជីវភាពធូរធារ ។

ក្នុងឱកាសនោះដែរ លោកក៏បានអំពាវនាវ សុំឲ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីថែរក្សាសុខសន្តិភាព ការអភិវឌ្ឍនឹងភាពសម្បូរសប្បាយក្រោយពេលបោះឆ្នោត ហើយយើងរួមគ្នាអភិវឌ្ឍប្រទេស ឲ្យបានរីកចម្រើនជាបន្តទៅទៀត ដើម្បីកូនចៅជំនាន់ក្រោយកាន់តែសម្បូរសប្បាយរីករាយជាងជំនាន់យើងទៀត ។

សូមជម្រាប់ផងដែរថា លោក ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តត្បូងឃ្មុំ និងកំពង់ចាម ទទួលបន្ទុកការងារយុវជន បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាជិត៧ពាន់នាក់ មកពីក្រុមការងារជនបង្គោលនិងយុវជនមកពី៦ក្រុងស្រុក ដើម្បីបើកការឃោសនាស្វែងរកសំឡេងឆ្នោត នៅខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០១៨កន្លងទៅ ៕

 

Loading...