លោក ហ៊ុន ម៉ាណែត ៖ សូមកុំឱ្យកងកម្លាំងក្លាយជាឧបករណ៍បម្រើមហិច្ឆិតានយោបាយ ដើម្បីដណ្តើមអំណាច

បាត់ដំបង៖ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក បានផ្តាំផ្ញើដល់កងទ័ពទាំងអស់ថា «កុំឱ្យកងកម្លាំងក្លាយជាឧបករណ៍បម្រើមហិច្ឆិតានយោបាយរបស់អ្នកនយោបាយដើម្បីដណ្តើមអំណាច» ការថ្លែងបែបនេះរបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាល និងចុះសាកសួរសុខទុក្ខ អង្គភាពសម្ព័ន្ធមេត្រីភាពអគ្គនា យកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន គ្រួសារកងទ័ព និងបើកវគ្គហ្វឹកហ្វឺនបំប៉នការងារសេនាធិការ បំប៉នបច្ចេកទេសជំនាញរថក្រោះកងទ័ពជើងគោក កាលពីថ្ងៃអាទិត្យ ទី២២ ខែមេសា ឆ្នាំ២០១៨ ។

លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «កុំឱ្យកងកម្លាំងក្លាយជាឧបករណ៍បម្រើមហិច្ឆិតានយោបាយរបស់អ្នកនយោបាយដើម្បីដណ្តើមអំណាច សូមបន្តការជឿជាក់លើរាជរដ្ឋាភិបាលស្របច្បាប់ ប្តេជ្ញាចិត្តក្នុងកិច្ចការពារជាតិការពារបូរណភាពទឹកដីរបស់យើង។

គណបក្សប្រឆាំងបានប្រើមធ្យោបាយបំផុសបំផុលឲ្យប្រជាពលរដ្ឋក្រោកឡើងបះបោរប្រឆាំងនឹងរដ្ឋាភិបាល អូសទាញកម្លាំងប្រដាប់អាវុធឲ្យចូលក្នុងចលនាប្រឆាំងរាជរដ្ឋាភិបាល ។ ការធ្វើនយោបាយបែបនេះគឺនាំឲ្យមានគ្រោះថ្នាក់ដល់សង្គមជាតិទាំងមូលដែលអាចនាំឱ្យមានសង្គ្រាមផ្ទៃក្នុង ។

លោកបានបន្តថា គណបក្សប្រឆាំងយល់ថា កងទ័ព កម្លាំងប្រដាប់អាវុធ គឺជាកងទ័ពរបស់គណបក្សប្រជាជនកម្ពុជា តែតាមពិតវាជាកងកម្លាំងរបស់រាជរដ្ឋាភិបាល។ គណបក្សប្រឆាំងធ្លាប់តែស្រែកថា រាជរដ្ឋាភិបាលមិនបានយកចិត្តទុកដាក់លើកងទ័ព មិនបានគិតគូរពីជីវភាពរបស់កងទ័ព ប៉ុន្តែនៅក្នុងសភា គឺមិនដែលបានបោះឆ្នោតគាំទ្រឲ្យដំឡើងប្រាក់បៀវត្សទៅដល់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការនោះទេ។ ជាមោទនភាពខ្លាំងណាស់ចំពោះកងយោធពលខេមរភូមិន្ទរបស់យើងដែលបច្ចុប្បន្ននេះមហាជន ប្រជាពលរដ្ឋបានមានការចាប់អារម្មណ៍ និងឲ្យតម្លៃខ្ពស់ទៅលើកងកម្លាំងប្រដាប់អាវុធ ដែលយើងប្រៀបធៀបទៅនឹងសម័យសង្គ្រាម ដែលទាហានត្រូវបានគេចាប់បង្ខំឱ្យចូលបម្រើកងទ័ព តែបច្ចុប្បន្ននេះប្រជាពលរដ្ឋទូទៅ ជាពិសេសយុវជនបានស្ម័គ្រចិត្តចូលរួមយ៉ាងផុសផុលជាមួយនឹងវិស័យយោធា ដែលជាខឿនការពារជាតិយ៉ាងសំខាន់។

លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្ព័ន្ធមេត្រីភាពកងទ័ព គឺជាការផ្សារភ្ជាប់សមរភូមិមុខ ជាមួយប្រជាពលរដ្ឋ និងដើម្បីផ្ដល់ឱកាសឱ្យសមរភូមិក្រោយដែលជាសប្បុរសជននានា បានជួយទៅដល់កងទ័ពក្នុងការការពារបូរណភាពទឹកដី ដែលជួយការពារប្រជាពលរដ្ឋទូទាំងប្រទេស ៕

Loading...