លោក អ៊ឹ​ម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ បណ្តោយឲ្យលោក ជៀល សុផល និងលោក គង់ សារ៉េត ធ្វើអ្វីៗស្រេចតែអំពើចិត្ត

ខេត្តឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា​ បច្ចុប្បន្នមានឈ្មួញជាច្រើននាក់ធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកត្រពាំងប្រាសាទ ឆ្លងកាត់ស្រុកអន្លង់វែង​ ខេត្តឧត្តរមានជ័យ​ ចូលទៅចែកចាយតាមដេប៉ូជាច្រើនកន្លែងនៅក្នុងខេត្តសៀមរាប យ៉ាងរលូន។

ប្រភពថា ឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកត្រពាំងប្រាសាទ ចូលទៅខេត្តសៀមរាប ​នៅពេលយប់ព្រោះមានការបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធនៅតាមដងផ្លូវផងដែរ។

លោក អ៊ឹ​ម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ បានរក្សាភាពស្ងៀមស្ងាត់ហើយបណ្តោយឲ្យលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងប្រាសាទ និងលោក គង់ សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែង ធ្វើអ្វីៗស្រេចតែអំពើចិត្ត។

ថ្មីៗនេះប្រភពពីប្រជាពលរដ្ឋនៅឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានរោងម៉ាស៊ីនរ៉ៃអារច្រៀកឈើដ៏ធំ១កន្លែង កំពុងដំណើរការយ៉ាងរលូនហើយម្ចាស់រោងម៉ាស៊ីននោះប្រមូលទិញឈើមកពីគ្រប់ទិសទីក្នុងខេត្តព្រះវិហារ​ និងស្រុកត្រពាំងប្រាសាទ។

មន្ត្រីអាជ្ញាធរ​និងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំលំទង បានឲ្យដឹងថា រោងម៉ាស៊ីនអារឈើនោះមានទីតាំងក្នុងភូមិទួលទ្រាស គឺនៅខាងក្រោយទីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែង តែម្តងប៉ុន្តែមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការទប់ស្កាត់ឡើយ។

ប្រភពខ្លះបង្ហើបឲ្យដឹងថា រោងម៉ាស៊ីនរ៉ៃអារឈើដ៏ធំក្នុងភូមិទួលទ្រាស ឃុំលំទង ជាប្រភពចំណូលដ៏សំខាន់របស់លោក គង់ សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែង ទើបលោក គង់ សារ៉េត បណ្តោយឲ្យរោងម៉ាស៊ីននោះដំណើរការយ៉ាងពេញបន្ទុក។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ននេះសកម្មភាពដឹកជញ្ជូនឈើដឹកជញ្ជូនគ្រឿងសង្ហារឹមពីស្រុកត្រពាំងប្រាសាទ ​និងស្រុកអន្លង់វែង ចូលទៅខេត្តសៀមរាប ចូលទៅខេត្តបន្ទាយមានជ័យ មានការកើនឡើងយ៉ាងគំហុក។

មានការរិះគន់ចំៗថា លោក សូត ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ និងលោក អ៊ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ​ ជាអ្នកបើកដៃឲ្យមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ ធ្វើអ្វីៗតាមអំពើចិត្ត។​ ដូច្នេះហើយទើបលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើត្រពាំងប្រាសាទ និងលោក គង់ សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែង ហ៊ាន​បើកដៃឲ្យឈ្មួញជាច្រើននាក់​ដឹកជញ្ជូនឈើទៅលក់ចែកចាយតាមដេប៉ូក្នុងខេត្តសៀមរាប យ៉ាងពេញបន្ទុក។

ពាក់ព័ន្ធទៅនឹងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ គេហទំព័រឧត្តមគតិខ្មែរមិនអាចទាក់ទងសុំការបំភ្លឺបានទេពីលោក អ៊ឹម សៅវរិទ្ធ ដោយសារពុំមានលេខទូរសព្ទនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។ គេហទំព័រយើងរង់ចាំស្វាគមន៍ការបំភ្លឺជូនសាធារណជនពីសំណាក់លោកអ៊ឹម សៅវរិទ្ធដោយសមនស្សរីករាយបំផុត៕

 

Loading...