លោក អ៊ួ​ន សុវណ្ណារ៉ា មេ​គយ​ច្រក​ត្រពាំង​ផ្លុ​ង កំពុង​ល្បី​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ស្រង់ដើម​

ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​មួយចំនួន​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ប្រហែល​លោក អ៊ួ​ន សុវណ្ណារ៉ា ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ទើប​កំពុង​ប្រឹងប្រែង​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ស្រង់ដើម​យ៉ាង​តក់ក្រហល់​។

ប្រការនេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដេ​ល​ជា​អគ្គនាយក​គយ​មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​អំពើពុករលួយ​របស់លោក អ៊ួ​ន សុវណ្ណារ៉ា ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។

លើស​នេះ​ទៅទៀត​លោក អ៊ួ​ន សុវណ្ណារ៉ា តែងតែ​ប្រើប្រាស់​ឈ្មោះ​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ដើម្បី​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​យ៉ាង​គឃ្លើន​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក អ៊ួ​ន សុវណ្ណារ៉ា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក អ៊ួ​ន សុវណ្ណារ៉ា កំពុង​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញ​បង់ពន្ធ​តាមរបៀប​ម៉ៅការ ដែលជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​។

ទន្ទឹមនឹងនេះ​លោក អ៊ួ​ន សុវណ្ណារ៉ា ក៏​ប្រើ​តួនាទី​និង​អំណាច​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ​ស្រេច​តែ​អំពើ​ចិត្ត​ផងដែរ រហូត​ធ្វើ​ឲ្យ​ឈ្មួញ​មួយចំនួន​អត់ធ្មត់​តទៅទៀត​លែង​បាន​ក៏​បើក​កកាយ​រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ួ​ន សុវណ្ណារ៉ា ជា​សាធារណៈ​តែម្តង​។

ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក អ៊ួ​ន សុវណ្ណារ៉ា មេ​គយ​ច្រក​ត្រពាំង​ផ្លុ​ង​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​មន្ត្រី​គយ​រូបនេះ​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​តទៅទៀត​។ ប្រភពពី​មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង បាន​ឲ្យ​ដឹងថា កាល​នៅ​ធ្វើជា​ប្រធានការិយាល័យ​គយ​ខណ្ឌចំការមន​រាជធានី​ភ្នំពេញ លោក អ៊ួ​ន សុវណ្ណារ៉ា ល្បីល្បាញ​យ៉ាងខ្លាំង​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​រាលដាល​។

ឥឡូវនេះ​ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​ត្រពាំង​ផ្លុ​ង កាលពី​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៨ គឺ​លោក អ៊ួ​ន សុវណ្ណារ៉ា យក​បទពិសោធន៍​នៃ​អំពើពុករលួយ​មក​អនុវត្តន៍​យ៉ាង​ពេញបន្ទុក​នៅ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ត្រពាំង​ផ្លុ​ង បាន​ឲ្យ​ដឹងថា ទំនិញ​ច្រើន​ប្រភេទ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង គឺ​បង់ពន្ធ​ត្រឹមតែ​២០​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ​ក្រៅពីនេះ​គឺ​ហូរ​ចូលទៅក្នុង​ហោប៉ៅ​លោក អ៊ួ​ន សុវណ្ណារ៉ា យ៉ាង​សុខ​ស្រួល​។

ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ក្នុងខណៈដែល​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា សង្ស័យថាជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​លោក អ៊ួ​ន សុវណ្ណារ៉ា ប្រព្រឹត្ត​អំពើពុករលួយ​តាម​អំពើ​ចិត្ត​របស់ខ្លួន​នោះ ។​

ទាក់ទងបញ្ហានេះ យើងមិនអាចរកការបំភ្លឺបានទេពីលោក អ៊ួ​ន សុវណ្ណារ៉ា មេ​គយ​ច្រក​ត្រពាំង​ផ្លុ​ង ដោយសារគ្មានលេខទូរស័ព្ទ ៕

លោក អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ

លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា

លោក អ៊ួ​ន សុវណ្ណារ៉ា មេ​គយ​ច្រក​ត្រពាំង​ផ្លុ​ង

 

 

Loading...