លោក ឯក ឌឿន ចុះពិនិត្យ ការជួលជុលនិងអ៊ុតកៅស៊ូACលើកំណាត់ផ្លូវ៨ខ្សែ ដើម្បីបញ្ចាប់គម្រោងអភិវឌ្ឍន៍ខណ្ឌ២០១៧

ភ្នំពេញ៖ លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក បានដឹកនាំមន្ត្រីជំនាញនិងនាយករដ្ឋបាលខណ្ឌចុះពិនិត្យមើលការដ្ឋាន លើកំណាត់ផ្លូវចំនួន៨ខ្សែដែលជាគម្រោងអភិវឌ្ឍន៍ខណ្ឌទួលគោកប្រចាំឆ្នាំ២០១៧ បាននឹងកំពុងបើកការដ្ឋានស្ថាបនាដោយជួលជុលនិងអ៊ុតកៅស៊ូAC ដើម្បីជំរុញដល់ក្រុមហ៊ុនទទួលសិទ្ធស្ថាបនា ឈានទៅបញ្ចប់គម្រោងអភិវឌ្ឍន៍ក្នុងមូលដ្ឋានខណ្ឌទួលគោកឆ្នាំ២០១៧កាលពីព្រឹកថ្ងៃ១៣រោចខែមិគសិរ នព្វស័ក ព.ស២៥៦១ត្រូវនិងថ្ងៃទី១៦ខេធ្នូឆ្នាំ២០១៧ អនុវត្តការងារឲ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេសតាមកិច្ចសន្យារវាងក្រុមហ៊ុន និងរដ្ឋាលខណ្ឌទួលគោកផងដែរ ។

លោក អ៊ីត ជំនិត នាយករដ្ឋបាលខណ្ឌទួលគោករួមនិងលោកប្រធានការិយាល័យអភិវឌ្ឍន៍ខណ្ឌបានបញ្ជាក់អោយដឹងថា កំណាត់ផ្លូវ៨ខ្សែដែលជាគម្រោងអភិវឌ្ឍន៍ខណ្ឌទួលគោកឆ្នាំ២០១៧ ដែលបាននឹងកំពុងបើកការដ្ឋានស្ថាបនាដោយជួលជុលនិងអ៊ុតកៅស៊ូACនេះរួមមាន ផ្លូវលេខ២៩៩ ផ្លូវលេខ៣១១ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ផ្លូវលេខ២០៤ ផ្លូវ២៦៥ និងផ្លូវលេខ២១៨ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ផ្លូវលេខ២២៦ ផ្លូវលេខ២១២ សង្កាត់ផ្សារដើមគរនិងផ្លូវ២៣០ ក្នុងសង្កាត់បឹងសាឡាង។ លោកបញ្ជាក់ថា កំណាត់ផ្លូវទាំង៨ខ្សែនេះមានផ្ទៃក្រឡាសរុបចំនួន៨០៤៤ម៉ែត្រការ៉េជាគម្រោងអភិវឌ្ឍន៍ខណ្ឌទួលគោកឆ្នាំ២០១៧ ហើយនេះជាការបញ្ចប់គម្រោងអភិវឌ្ឍន៍ខណ្ឌទួលគោកឆ្នាំ២០១៧នេះផងដែរ ។លោកបន្តថា ការដ្ឋានទាំងនេះនឹងបញ្ចប់ការងាររបស់ខ្លួននៅ១សប្តាហ៍ខាងមុខទៀត ។

ក្នុងឱកាសចុះត្រួតពិនិត្យ ការដ្ឋានស្ថាបនាផ្លូវខាងលើនេះ ដែរ លោក ឯក ឃុនឌឿន ក៏បានសំណូមពរឲ្យដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន អមសងខាងផ្លូវកំពុងស្ថាបនាមេត្តាចូលរួមសហការជាមួយអាជ្ញាធរខណ្ឌ ក៏ដូចជាចូលរួមរៀបចំមុខផ្ទះរបស់ខ្លួនឲ្យបានស្អាត បរិស្ថានល្អ និងកុំចាក់ទឹកហូរមកលើទ្រូងផ្លូវជាដើម ទន្ទឹមនិងនោះ ប្រជាពលរដ្ឋក៏បានសំណូមពរដល់លោកអភិបាលខណ្ឌ ជួយដោះស្រាយបញ្ហាមួយចំនួនដូចជា សម្លេងរំខាន ពីកន្លែងយានដ្ឋានជួសជុលរថយន្ត ហាងលក់ការហ្វេ អាហារដ្ឋាន និងពិនិត្យមើលលូបង្ហូរទឹកផងដែរ ៕

Loading...