លោក Joe Biden អាចនឹងឈ្នះការបោះឆ្នោតនៅថ្ងៃទី០៣ ខែវិច្ឆិកា

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ឆ្នាំ២០២០នេះ ពិតជាមានភាពប្រកៀកប្រកិតគ្នាខ្លាំងណាស់ និងជាការប្រគួតប្រជែងមួយដ៏ខ្លាំងក្លា។ លទ្ធផលនៃការស្ទង់មតិមួយចំនួន បង្ហាញថា លោក Joe Biden បាននាំមុខលោក Donald Trump។ ប៉ុន្តែការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក មិនយកលទ្ធផលសរុបនៃសន្លឹកឆ្នោតទូទាំងប្រទេស មកធ្វើជាការកំណត់ភាពឈ្នះចាញ់ នៃការបោះឆ្នោតទេ។ ការឈ្នះនៅតាមរដ្ឋនីមួយៗ និងរដ្ឋធានី Washington នឹងផ្តល់ទៅឲ្យបេក្ខជន នូវប្រតិភូអ្នកបោះឆ្នោត (Electoral College) ទៅតាមចំនួនដែលរដ្ឋនីមួយៗមាន។ ប្រតិភូអ្នកបោះឆ្នោតសរុបទូទាំងសហរដ្ឋអាមេរិក គឺចំនួន ៥៣៨ ហើយចំនួនប្រតិភូ តាមរដ្ឋនីមួយៗ គឺអាស្រ័យទៅតាមចំនួនប្រជាពរដ្ឋដែលមានក្នុងរដ្ឋនោះ។ ក្នុងន័យនេះ បើបេក្ខជនណាមួយ ទទួលបានចំនួនប្រតិភូអ្នកបោះឆ្នោត ច្រើនជា ២៧០ នឹងឈ្នះការបោះឆ្នោត។

ការបោះឆ្នោតនៅតាមរដ្ឋនីមួយៗ សំខាន់ណាស់ ជាពិសេសនៅតាមបណ្តារដ្ឋ (Swing States) ដែលពីការបោះឆ្នោតមួយ ទៅការ បោះឆ្នោតមួយ លទ្ធផលនៃការបោះឆ្នោតប្រែប្រួល គឺពេលខ្លះបោះឆ្នោតឲ្យគណបក្សសាធារណរដ្ឋ ឬ ពេលខ្លះបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យ។ សម្រាប់ឆ្នាំ២០២០នេះ រដ្ឋ Florida ដែលមាន ២៩ ប្រតិភូអ្នកបោះឆ្នោត, រដ្ឋ Georgia ដែលមាន ១៦ ប្រតិភូអ្នកបោះឆ្នោត, រដ្ន Iowa ដែលមាន ៦ ប្រតិភូអ្នកបោះឆ្នោត, រដ្ន North Carolina ដែលមាន ១៥ ប្រតិភូអ្នកបោះឆ្នោត, និងរដ្ឋ Ohio ដែលមាន ១៨ ប្រតិភូអ្នកបោះឆ្នោត គឺស្ថិតក្នងចំណោមបណ្តារដ្ឋដែលមានការប្រកួតប្រជែងខ្លាំង។ បើបេក្ខជនណាមួយ ឈ្នះបានច្រើនរដ្ឋពីបណ្តារដ្ឋទាំងនេះ នឹងទទួលបានជ័យជំនះ។ រដ្ឋក្រៅពីនេះ ហាក់ដូចជាបានជាដឹងរួចជាស្រេចហើយ នូវលទ្ធផលនៃការបោះឆ្នោត ឧទាហរណ៏ដូចជារដ្ន California រដ្ឋ New York គឺគណបក្សប្រជាធិបតេយ្យ រដ្ឋ Alabama រដ្ឋ Utah គឺគណបក្សសាធារណរដ្ឋ។

ចំនួនអ្នកចេញទៅបោះឆ្នោតច្រើន គឺផ្តល់ក្តីសង្ឃឹមច្រើនដល់គណបក្សប្រជាធិតេយ្យ។ ក្នុងឆ្នាំ២០២០នេះ ចំនួនអ្នកបោះឆ្នោតចេញទៅបោះឆ្នោតមានច្រើនជាងការបោះឆ្នោតប្រធានាធិបតីនាពេលកន្លងមក ។ គិតត្រឹមពេលនេះ អ្នកបោះឆ្នោតតាមប្រៃសណីយ៏ និងអ្នកបោះឆ្នោតតាមការិយាល័យបោះឆ្នោតមុនពេលកំណត់ មានចំនួនច្រើនរួចស្រេចទៅហើយ។ ចំនួនភាគរយដ៏ច្រើន នៃអ្នកបោះឆ្នោតនេះ មានន័យថា អ្នកបោះឆ្នោតចង់បានការផ្លាស់ប្តូរ។ ម៉្យាងទៀត តាមរយៈការសង្កេតនាពេលកន្លងមក ការចេញទៅបោះឆ្នោតក្នុងចំនួនភាគរយដ៏ច្រើន ជាទូទៅ គឺផ្តល់អត្ថប្រយោជន៏ដល់គណបក្សប្រជាធិបតេយ្យ។ ទោះជាយ៉ាងដូច្នេះក៏ដោយ វាក៏មានសម្មិតកម្មផ្ទុយដែរ។ សម្មិតកម្មផ្ទុយ គឺថា ជនជាតិអាមេរិកាំងស្បែកស ដែលមិនទទួលបានការអប់រំជ្រៅជ្រះ ឬ ដែលមិនបានរៀនដល់ឧត្តមសិក្សា ហើយដែលពីមុនមក មិនសូវរវីរវល់នឹងកិច្ចការបោះឆ្នោត ក៏បានចេញទៅបោះឆ្នោតច្រើនដែរ នៅឆ្នាំ២០១៦ និងឆ្នាំ២០២០នេះ ដោយសារនយោបាយបំផុសឲ្យមានការរើសអើងជាតិសាសន៏ របស់លោក Donald Trump និងការបាត់បង់ឱកាសការងារក្នុងវិស័យឧស្សាហកម្ម ដែលលោក Trump តែងតែបន្ទោសទៅលើប្រទេសចិន។ សរុបមក ការបោះឆ្នោត គឺប្រគៀកប្រកិតគ្នា។

ជាមួយនឹងលទ្ធផលនៃការស្ទង់មតិទូទាំងសហរដ្ឋអាមេរិក ដែលលោក Joe Biden មានការនាំមុខ ការស្ទង់មតិមួយចំនួន នៅតាមបណ្តារដ្ឋ ដែលតែងបោះឆ្នោតបត់បែន ហាក់បង្ហាញថា លោក Joe Biden បានរំកិលទៅរកភាពជាអ្នកនាំមុខ។ ប៉ុន្តែ ការពិតប្រាកដ មួយរយភាគរយ នៅមិនទាន់អាចអះអាងបានទេ។ ឧទាហរណ៏ ដូចជានៅរដ្ឋ Florida ការស្ទង់មតិជាច្រើន បានបង្ហាញថា លោក Joe Biden ជាអ្នកនាំមុខ ប៉ុន្តែដោយហេតុថា ពលរដ្ឋអាមេរិកាំងស្បែកស ដែលបានចូលនិវត្តន៏ ចូលចិត្តទៅរស់នៅរដ្ឋ Florida ក្នុងភាគរយដ៏ច្រើន និងចំនួនច្រើននៃពលរដ្ឋអាមេរិកាំងដើមកំណើតគុយបា ធ្វើឲ្យការប្រែប្រួលនៅតែអាចកើតមាន។ ពលរដ្ឋអាមេរិកាំងដើមកំណើតគុយបា អាចនិយាយបានថា បោះឆ្នោតប្រឆាំងគណបក្សប្រជាធិបតេយ្យ ដូចឆ្នាំ២០១៦ ដោយសារពួកគេ មិនពេញចិត្តនឹងនយោបាយ របស់គណបក្សប្រជាធិបតេយ្យ ដែលបានធ្វើឲ្យមានទំនាក់ទំនងការទួតឡើងវិញ ជាមួយប្រទេសគុយបា នៃត្រកូល Castro ដែលធ្លាប់ធ្វើទុក្ខទោស ដល់ពួកគេ ឬ គ្រួសារពួកគេ។ នៅពេលនេះ ត្រកូល Castro មិនដឹកនាំប្រទេសគុយបាទៀតទេ ដូច្នេះតើពលរដ្ឋអាមេរិកាំងដើមកំណើតគុយបា នឹងបោះឆ្នោតប្រឆាំងគណបក្សប្រជាធិបតេយ្យទៀត ឬយ៉ាងណា?

ចំនុចល្អមួយទៀត សម្រាប់លោក Joe Biden គឺពលរដ្ឋអាមេរិកាំងមួយចំនួនណានោះ នឹងបោះឆ្នោតប្រឆាំងលោក Donald Trump ដោយហេតុមិនពេញចិត្តនឹងអត្តចរឹតលោក Donald Trump ដែលតែងបំផុសឲ្យមានការរើសអើងជាតិសាសន៏ មិនឲ្យតម្លៃដល់ជនអន្តោប្រវេសន៏ និងរបៀបនៃការដឹកនាំរបស់លោក ដែលនាំឲ្យមានការបែកបាក់ជាតិកាន់តែខ្លាំង។ លោក Donald Trump មិនបានយកចិត្តទុកដាក់ស្តាប់អ្នកវិទ្យាសាស្ត្រ ក្នុងការដោះស្រាយបញ្ហានៃការឡើងកម្តៅរបស់ភពផែនដី និងជំងឺកូវីដ១៩ ដែលបណ្តាឲ្យមានវិបត្តិសេដ្ឋកិច្ច ក៏ដូចជាចំនួនដ៏ច្រើនលាននាក់នៃអ្នកកើត និងចំនួនរាប់សែននាក់នៃអ្នកស្លាប់ដោយសារកូវីដ១៩។

ចំនុចពិសេសមួយទៀត គឺការចូលរួមយ៉ាងសកម្មរបស់លោកអតីតប្រធានាធិបតី Barack Obama ក្នុងការគាំទ្រលោក Joe Biden។ លោក Obama បានធ្វើសកម្មភាពយ៉ាងសកម្មជាច្រើនខែមកហើយ។ ជាដំបូងលោកបានបញ្ចុះបញ្ចូលឲ្យលោក Bernie S

anders ដកបេក្ខភាពពីការប្រកួតប្រជែង សម្រាប់ជ្រើសរើសបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ បន្ទាប់ពីលោក Joe Biden បានឈ្នះនៅតាមបណ្តារដ្ឋជាច្រើន ហើយដែលអាចកំណត់បានថា លោក Biden នឹងឈ្នះជាបេក្ខជន ហើយម៉្យាងទៀត វាស្របពេលនឹងវិបត្តិនៃជំងឺកូវីដផង។ ដូច្នេះ លោក Barack Obama បានជួយពង្រឹងឯកភាពផ្ទៃក្នុងគណបក្សប្រជាធិបតេយ្យ និងធ្វើឲ្យអ្នកគាំទ្រលោក Bernie Sanders បានស្ងប់ចិត្ត។ ខុសពីការបោះឆ្នោតឆ្នាំ២០១៦ ដែលក្រុមអ្នកគាំទ្រលោក Bernie Sanders មិនសូវជាបានស្ងប់ចិត្តទេ ដោយសារការបែកធ្លាយសារ e-mail ដែលចូលលួចដោយក្រុមចារកម្មរុស្ស៊ី ហើយយកទៅផ្សព្វផ្សាយក្នុងសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម ដែលធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៏ របស់អ្នកគាំទ្រលោក Bernie Sanders ហើយសម្រេចចិត្តមិនចេញទៅបោះឆ្នោត។ ក្នុងឆ្នាំ២០២០នេះ លោក Obama បានសម្រួលឲ្យករណីនេះ បានល្អប្រសើរជាងមុន។ លើសពីនេះទៀត លោក Obama បានធ្វើដំណើរទៅកាន់ទីកន្លែងសំខាន់ៗ នៃបណ្តារដ្ឋដែលមានភាពប្រកៀកប្រកិតគ្នាខ្លាំង សំដៅលើកចិត្តពលរដ្ឋឲ្យទៅបោះឆ្នោតគាំទ្រលោក Joe Biden ។

សរុបសេចក្តីមក លោក Joe Biden នឹងមានសង្ឃឹមច្រើន ប៉ុន្តែលទ្ធផលនឹងដឹងច្បាស់ នៅយប់ថ្ងៃទី០៣ ខែវិច្ឆិកា ម៉ោងនៅសហរដ្ឋអាមេរិក ថាតើ បេក្ខជនរូបណា នឹងឈ្នះការបោះឆ្នោតក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក សម្រាប់រយៈពេល ៤ឆ្នាំទៀត ក្នុងពេលដែលការប្រកួតប្រជែង មានភាពប្រគៀកប្រកិតគ្នាខ្លាំង ហើយប្រទេសជាបច្ចាមិត្ត ដូចជា រុស្ស៊ី ចិន និងអ៊ីរ៉ង ខិតខំប្រើប្រាស់គ្រប់មធ្យោបាយ តាមបណ្តាញប្រព័ន្ធ Internet និងបណ្តាញទំនាក់ទំនងសង្គម ដើម្បីធ្វើឲ្យមានភាពកករល្អក់ ដល់ដំណើរការប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក៕

 

 

Loading...