ល្ងាចថ្ងៃសៅរ៍នេះ កីឡាករធន មករា និង លន បញ្ញា ប្រកួតដណ្តើមពានជើងឯក TV5 Knock Out Series ទម្ងន់៥៧គីឡូក្រាមវគ្គផ្តចា់ព្រ័ត្រ

ភ្នំពេញ៖ អ្នកប្រដាល់វ័យក្មេង ២នាក់ ត្រូវឡើងប្រជែងគ្នា ដើម្បីសដណ្តើមពានរង្វាន់ ជើងឯក TV5 Boxing Knock Out Series by K-cement ទម្ងន់ ៥៧ គីឡូក្រាមនៅសង្វៀន TV5 ព្រែកកំពឹស នាយប់ថ្ងៃទី២៦ ខែឧសភាឆ្នាំ ២០១៨នេះ វគ្គផ្ដាច់ព្រ័ត្រ។កីឡាករ ធន មករា សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និងកីឡាករ លន បញ្ញា របស់ក្លិបមហិទ្ធរិទ្ធីតាដំបងដែក ។

ក្នុងដំណើរប្រកួតប្រជែងវគ្គជម្រុះនាពេលកន្លងមក កីឡាករវ័យក្មេងទាំងពុំធ្លាប់ស្គាល់ពាក្យថា ចាញ់ម្តងឡើយ ប៉ុន្តែល្ងាចថ្ងៃសៅរ៍ស្អែកនេះ ពួកគេនឹងមានម្នាក់ត្រូវចាញ់ ដោយការកាត់សេចក្តី ពីសំណាក់លោកចៅក្រមដាក់ពិន្ទុទាំង៥នាក់ ដើម្បីកំណតថា កីឡាករ រូបណាម្ចាស់ជើងឯក និង កីឡាករ រូបណា ជាជើងរងក្នុង កម្មវិធី ប្រដាល់គុនខ្មែរ ពានជើងឯក TV5 Knock Out Series ទម្ងន់៥៧គីឡូក្រាម រដូវកាលទី២ ។

តាមកម្មវិធី របស់គណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា នៅថ្ងៃបិទបញ្ចប់រដូវកាលទី២នេះដែរ ក៏មានការប្រកួត ដាក់ឲ្យដំណើរ នូវការប្រកួតបន្ត រដូវកាលទី៣ ដែលមានសមាសភាពកីឡា ៣២នាក់បន្តទៀតផងដេរ ។

ដោយឡែក ប្រវត្តិប្រកួតចុងក្រោយ របស់កីឡាករ ដែលជាបេក្ខភាព ប្រកួតដណ្តើមពានរង្វាន់រដូវទី២វិញ គឺកីឡាករ ធន មករា ធ្លាប់ឆ្លងកាត់ការប្រកួតជម្រុះចំនួន ៤ ដំណាក់កាល វាយឈ្នះទាំង ៤ ប្រកួត។ ក្នុងនោះលើកទី១ ឈ្នះ លាភ សំណាង អ្នកប្រដាល់ក្លិបកងពលតូចលេខ៧០ ដោយពិន្ទុ , លើកទី២ ឈ្នះ លិញ ភារម្យ ក្លិបភារម្យគុនខ្មែរ ដោយពិន្ទុ , លើកទី៣ ឈ្នះ ម៉ន រដ្ឋា ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ក្នុងទឹកទី២ និង លើកទី៤ ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឈ្នះ យុគ យក្សផ្លែ ក្លិបបុរីរាជសីហ៍មានរិទ្ធ ដោយពិន្ទុ ។

រីឯកីឡាករ លន បញ្ញា ក៏វាយឈ្នះទាំង ៤ ដំណាក់កាលដែរក្នុងនោះ លើកទី១ បញ្ញា វាយឈ្នះ ឈាន រស្មី ក្លិបរាជសីហ៍ខេត្តរតនគិរី ក្នុងទឹកទី២, លើកទី២ ឈ្នះ ផាន ផាត់យុទ្ធ ក្លិបសាលវ័ន្តកីឡា ដោយពិន្ទុ, លើកទី៣ ឈ្នះ លាភ រដ្ឋា ក្លិបដីឡូរិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ ដោយពិន្ទុ និង លើកទី៤ ប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ឈ្នះ សង គង់ ក្លិបអេភូថងកីឡា ដោយពិន្ទុ ។

ក្រៅពីការប្រកួត ដណ្តើមចំថ្នាក់លេខ១និងលេខ២ រវាង ធន មករា និង លន បញ្ញា កីឡាករជើងចាស់ យុគ យក្សផ្លែ អ្នកប្រដាល់ក្លិបបូរីរាជសីហ៍មានរិទ្ធ ក៏ត្រូវប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ ជាមួយ កីឡាករសង គង់ ក្លិបអេភូថងកីឡាដែលជានាក់ចាញ់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

សូមជម្រាបថា កីឡាករឈ្នះ ពានរង្វាន់ជើងឯក TV5 Knock Out Series ទម្ងន់ ៥៧ គីឡូក្រាម ទទួលបានពាន១ និង ទឹកប្រាក់រង្វាន់ចំនួន ៤.០០០ ដុល្លារ ចំណាត់ថ្នាក់លេខ២ បានពាន១ និងប្រាក់រង្វាន់អម ចំនួន២.០០០ ដុល្លារ រីឯ លេខ៣ ពាន និងរង្វាន់អម ៧៥០ ដុល្លារ ហើយលេខ៤ បាន ៥០០ ដុល្លារ ៕

 

Loading...