ចែពិដោរ ចែដែត នាំទំនិញគេចពន្ធ និងត្រាក់ទ័រ ឡានដឹកដីបង់ត្រឹម៣០ទៅ៤០ភាគរយ តាមច្រកលោក ចាន់ សុផាត និងលោក យឹម វណ្ណះ

ខេត្តត្បូងឃ្មុំ៖ យ៉ាងតិចមានមេឈ្មួញធំៗចំនួនបីរូបគឺចែពិដោរ ចែដែត និងលោកផ្កាយបីមួយរូបទៀតបាននាំទំនិញគេចពន្ធឆ្លងកាត់ច្រកតំបន់ដូនរ័ត្ន ច្រកចាន់មូល ច្រកដារឬដូង៧ដើម ច្រករបៀងស្អំជាដើម ក្លាយទៅជាទម្លាប់ឃុបឃិតគ្នារវាងឈ្មួញនិងមេគយគ្រប់គ្រងនៅទីនោះ បំផ្លាញថិវការពន្ធនាំចូលរបស់រដ្ឋ ផ្ទុយពីការគោលការណ៍ឬការរឹតបន្តឹងរបស់ថ្នាក់លើ ។

លោក ចាន់ សុផាត ប្រធានស្នាក់ការគយ និងរដ្ឋាករមេម៉ត់ គ្រប់គ្រងច្រកតំបន់ដូនរ័ត្ន និងច្រកទ្វេរភាគីចាន់មូល ក៏ដូចលោក យឹម វណ្ណះ ប្រធានស្នាក់ការគយនិងរដ្ឋាករច្រកដារឬដូង៧ដើម ជាមួយនិងការគ្រប់គ្រងច្រករបៀង៤ទៅ៥កន្លែងទៀត បានត្រូវដងត្រូវផ្លែអនុញ្ញាតអោយឈ្មួញនាំទំនិញគេចពន្ធហូរចូលយ៉ាងអណាធិបតេយ្យ ក្នុងនោះមានឈ្មួញបីរូបជាអាជីពនាំទំនិញគេចពន្ធចូល អាចផ្តើមពីអំពើពុករលួយជាលក្ខណះប្រព័ន្ធ ដូចជាចែពិដោរ ចែដែត និងលោកផ្កាយបី ដោយគ្រាន់តែបង់ពន្ធនាំចូលត្រឹមតែពី៣០ទៅ៤០ភាគរយប៉ុណ្ណោះ ។ ដោយឡែកឈ្មួញផ្សេងៗទៀតក៏មានរូបភាពប្រហាក់ប្រហែលគ្នា។

ជាទូទៅចែពិដោរ និងចែដែតក្រៅពីនាំទំនិញជាចាប់ហួយ និងប្រេងឆា គាត់ក៏មាននាំចូលប្រភេទជាត្រាក់ទ័រ ឡានដឹកដីតាមច្រករបៀងស្អំ ។ ករណីខ្លះគយចល័តចាប់ក៏ស្ងាត់បានមួយដង្ហើមចង្រឹតក៏លួចនាំចូលបន្តទៀត។

ក្រុមឈ្មួញបានទម្លាយនិងរៀបរាប់អោយដឹងថាៈ ច្រកដូនរ័ត្ន ច្រកចាន់មូល ច្រកដារឬដូង៧ដើម ទំនិញគេចពន្ធឆ្លងកាត់ពីវៀតណាមចូលមក តែចំពោះច្រករបៀងដែលគ្រប់គ្រងដោយច្រកខាងលើនេះ មានលួចចេញបទល្មើសឈើ និងហូរចូលវិញត្រាក់ទ័រ ឡានដឹកដីគេចពន្ធ ហើយជួនកាលធ្វើជារូបភាពមកភ្ជួរស្រែ រួចក៏នាំចូលបំបាត់ពន្ធរបស់រដ្ឋទាំងបំពាន។

ករណីចែពិដោរ ចែដែត និងលោកផ្កាយបី ទំនិញគាត់ធ្លាប់មានក្រុមគយចល័តរបស់លោក គាត គារ៉ាត់បង្រ្កាបចាប់ញឹកញាប់ ក៏ដូចជាបទល្មើសឈើជាដើម ប៉ុន្តែលោក ចាន់ សុផាត លោក យឹម វណ្ណះ មេគយគ្រប់គ្រងនៅទីនោះនៅតែបង្ហាញពីភាពគឃ្លើនដដែល។

ករណីនេះគេមិនអាចសុំការបំភ្លឺពីលោក ចាន់ សុផាត ប្រធានស្នាក់ការគយនិងរដ្ឋាករមេម៉ត់ និងលោក យឹម វណ្ណះ ប្រធានស្នាក់ការគយនិងរដ្ឋាករច្រកដូង៧ដើមបានទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ ដោយឡែកលោក នូ ស៊ីថា ប្រធានសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំបានប្រាប់ប្រភពព័ត៌មានឲ្យដឹងថា ពីមុនមានមែន ករណីត្រាក់ទ័រ និងឡានដឹកដីលួចនាំចូល ប៉ុន្តែបច្ចុប្បន្ន មិនហ៊ានទៀតទេ ដោយសារមន្ត្រីរបស់លោកបង្ក្រាបក្នុងរឿងនេះ។ លោកបន្តថា ចំពោះមានការលួចនាំទំនិញគេចពន្ធហូរចូល ក៏ត្រូវត្រួតពិនិត្យ ហើយអ្នកណាអនុញ្ញាតិត្រូវទទួលខុសត្រូវ ៕

21

22

33

44

Loading...

Leave a Reply

Your email address will not be published. Required fields are marked *