ល្បែងឆ្នោតរីកដុះដាលដូចផ្សឹតក្នុងក្រុងសៀមរាប សមត្ថកិច្ចមួយចំនួនរង់ចាំកាងពីក្រោយខ្នង

ខេត្តសៀមរាប៖ កន្លែងលក់ឆ្នោតខ្មែរ ឆ្នោតយួន និងឆ្នោតសៀម បានរីកដុះដាលស្អេកស្កះនៅក្នុងក្រុងសៀមរាប ហើយសមត្ថកិច្ច នគរបាល និងកងរាជអាវុធហត្ថមិនខ្ចីបង្រ្កាបនោះទេ ដោយសង្ស័យថា រក្សាទុកដើម្បីចិញ្ចឹមឆ្នាំងបាយ ។

គេរាយការណ៍ថា មេល្បែងកត់កន្ទុយលេខនៅទីនោះក្រអើតក្រទមខ្លាំងណាស់ មិនញញើតនឹងច្បាប់ទម្លាប់ទាល់តែសោះ ក៏ព្រោះពីគេដឹងថា សមត្ថកិច្ចមួយចំនួន ជាអ្នកចាំកាងពីក្រោយខ្នង រួចហើយ ។

មេឆ្នោតម្នាក់ឈ្មោះ ចែ ធា រ៉ា បានរស់នៅភូមិ ទក្សិណ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលលក់ឆ្នោតនៅជាប់ផ្លូវស៊ុប រំដួល ខាងលិចផ្សារដើមក្រឡាញ បានអះអាងប្រាប់ថា គាត់បានបង់លុយមេមេប៉ូសីលខេត្តសៀមរាប និង មេបញ្ចាការកងរាជអាវុធហត្ថខេត្តសៀមរាបអស់ហើយ ចង់អ្នកណាផ្សាយអី ក៏ផ្សាយចុះ គាត់ខ្ចីខ្វល់ខ្វាយអ្វីទាំងអស់ ។

ដោយឡែក មេឆ្នោតឈ្មោះ សាយ ងីម បើកលក់នៅក្បែរស្ពានរោករាក ភូមិមណ្ឌល៣ សង្កាត់ស្កក្រាម ក្រុងសៀមរាប ដែលអាងលើច្បាប់ក្រុមហ៊ុនឆ្នោតជាតិ តម្រូវឲ្យលក់តែឆ្នោតជាតិតែមួយមុខនោះ គេ បែរយកលេះនេះ បន្លំបើកលក់ឆ្នោតយួន និងឆ្នោតសៀម យ៉ាងអនាធិបតេយ្យ និងប្រកបដោយភាពសុខសាន្តបំផុត ។

មហាជនបាននិងកំពុងរិះគន់ថា ក្នុងតំណែងជាស្នងការខេត្ត និងមេកងរាជអាវុធហត្ថខេត្តសៀមរាប ហេតុអី បានយកខ្លួនទៅពាក់ព័ន្ធនឹងបទល្មើសល្បែងកន្ទុយលេខ ផ្ទុយពីគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុចដែលដាក់ចេញដោយរាជរដ្ឋាភិបាល ហើយមាននាយករដ្ឋមន្ត្រីហ៊ុន សែន ជាប្រមុខ ។

មហាជនសង្ស័យថា ទំនងប្រាក់ខែតិចពេកទេដឹង ទើបបានអស់លោកទាំងនោះរកស៊ីក្រៅ លួចដាក់ខែក្រុមឈ្មួញឆ្នោត ក្រោមលេសមិនបង្ក្រាប ឬឆ្លើយថាមិនដឹងឬ?

លោក សត ឌីណា ស្នងការខេត្តសៀមរាប មិនអាចសុំការពន្យល់បានទេពាក់ព័ន្ធបញ្ហាចោទប្រកាន់ខាងលើនេះ។ ដោយឡែក លោក ប៉ោ វណ្ណនឹត មេបញ្ចាការកងរាជអាវុធហត្ថខេត្តសៀមរាបប្រាប់ថា លោក នឹងឲ្យកម្លាំងចុះពិនិត្យមើលដល់កន្លែងលក់ឆ្នោតដើម្បីសួរនាំថា តើបានបង់លុយឲ្យអ្នកណាខ្លះហេតុអីបានហាននិយាយថា បងឲ្យមេកងរាជអាវុធហត្ថបែបនេះ?៕


Loading...