ល្បែងទឹកភ្លៀងនៅបាត់ដំបង របស់ឈ្មោះ តាល់ និង ជ្រុង ប្រកូកប្រកាសលេងតាមអាយកូម យ៉ាងកក្រើក សមត្ថកិច្ចអត់ហ៊ានបង្ក្រាប

ខេត្តបាត់ដំបង៖ ល្បែងភ្នាល់ចាក់ទឹកភ្លៀង បានប្រកូកប្រកាសតាមអាយកូម ប្រមូលផ្ដុំគ្នាលេងភ្លូកទឹកភ្លូកដី នៅម្ដុំខាងក្រោយផ្សារភួពុយ ឬខាងក្រោយវត្តទួលដូនប៉ុក ស្ថិតនៅក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ អ្នកយកព័ត៌មាន បានសង្កេតឃើញក្រុមអ្នកលេងល្បែងជិះរថយន្តសេរីទំនើបៗ ចតរួចឡើងទៅលើឡៅ វីឡាសំឡឹងមើលមេឃភ្នាល់ចាក់ទឹកភ្លៀង រួមការប្រកូកប្រកាសគ្នាតាមអាយកូម ដែលគេស្គាល់មេធំ ឈ្មោះ តាល់ និងមានកូនកញ្ច្រែងជាច្រើននាក់ គ្រប់គ្រងដោយឈ្មោះ ជ្រុង ។

សេចក្ដីរាយការណ៍អះអាងថា ក្រុមអ្នកញៀនល្បែងស៊ីសងភ្នាល់ចាក់ទឹកភ្លៀងកំពុង ប្រមូលផ្ដុំគ្នា មានអង្រឹងយកទៅចងដេករណែងរណង ចាំអ៊ុតទឹកភ្លៀងនៅតាមកញ្ចុះនៃវាលស្រែភូមិសាស្ត្រខាងលើភ្លូកទឹកភ្លូកដី ។

ប្រជាពលរដ្ឋនៅទីនោះអះអាងថា ឃើញមានក្រុមអ្នកលេងល្បែង មកពីគ្រប់ទិសទីក្នុងខេត្តបាត់ដំបងយ៉ាងច្រើនកុះកជារៀងរាល់ថ្ងៃ តែពុំឃើញមានការទប់ស្កាត់ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចឡើយ។

ប្រជាពលរដ្ឋបានសម្ដែងនូវការព្រួយបារម្ភ បន្ទាប់ពីមានល្បែងស៊ីសងទាំងនេះ ខ្លាចកើតមាននូវបាតុភូតជាច្រើន ដូចជាចោរកម្ម និងអំពើហិង្សា ដែលផ្ដើមចេញពីប្រជាពលរដ្ឋមួយចំនួនងប់ងល់នឹងល្បែងនេះ រហូតខ្ចីបុលគេ លក់ទ្រព្យសម្បត្តិ បញ្ចាំ ហើយអាចឈានដល់កើតអំពើហិង្សាក្នុងគ្រួសារថែនទៀតផង ។

ពលរដ្ឋម្នាក់រស់នៅសង្កាត់អូរចារបាននិយាយថា បើរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនៅព្រងើយកន្តើយមិនចាត់វិធានការករណីនេះទេ នឹងប៉ះពាល់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋធ្ងន់ និងប៉ះពាល់ដល់គោលនយោបាយរាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រីហ៊ុន សែន ស្តីអំពីភូមិ ឃុំមានសុវត្ថិភាពនោះ ក្លាយទៅជាភូមិ ឃុំ អសន្តិសុខ ភូមិ ឃុំ គ្មានសុវត្ថិភាព ក៏ព្រោះតែសមត្ថកិច្ចមិនហ៊ានបង្ក្រាបបនល្បែងទាំងនេះ ។

ប្រជាពលរដ្ឋ តាំងពីមានល្បែងនេះ ពួកគាត់បានរិះគន់ថា លោក យឹម វិចិត្រ អធិការនគរបាលក្រុងបាត់ដំបង ដែលមានលោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ជាខ្នងបង្អែកមិនយកចិត្តទុកដាក់លុបបំបាតល្បែងភ្នាល់ចាក់ទឹកភ្លៀងទាំងនេះ ដើម្បីពង្រឹងសន្តិសុខសង្គម ស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថភាព៩ចំណុច ។ ហេតុនេះហើយ ទើបល្បែងស៊ីសងរីករាលដាលកាន់តែខ្លាំងឡើងៗ នៅក្នុងក្រុងបាត់ដំបង ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សង្គម ហើយនាពេលកន្លងមកថ្មីៗនេះ អំពើប្លន់ប្រដាប់អាវុធបានកើតមានជាហូហែផងដែរ ។

ការបណ្តោយឲ្យមានល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋាន គឺជាសញ្ញាបង្ហាញពីការបរាជ័យនៃការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ និងបរាជ័យក្នុងការអនុវត្តខ្លឹមសារច្បាប់ស្ដីពីល្បែងស៊ីសង ។ ឥទ្ធិពលល្បែងស៊ីសង គឺជាប្រភពចម្បងនៃអសន្តិសុខសង្គម ដូចជាអំពើហិង្សា ចោរកម្ម។

ការបណ្តោយឲ្យកើតមានល្បែងស៊ីសង ហាក់ដូចជាដើរបញ្ច្រាស ពីយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល និងដើរបញ្ច្រាសពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់ក្រសួងមហាផ្ទៃ ។ អាជ្ញាធរខេត្តជាអ្នកទទួលខុសត្រូវខ្ពស់ លើករណីនេះល្បែងស៊ីសងពាក់ព័ន្ធច្រើនទី១ រត់ចោលស្រុក ទី២ជំពាក់លុយគេ និង ទី៣ ពាក់ព័ន្ធចោរលួចចោរប្លង់ ។

ច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសងឆ្នាំ១៩៩៦ មាត្រា៥ ចែងថា ចំពោះអ្នកបើកល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥លានរៀលដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំដល់ ៥ឆ្នាំ ។

ល្បែងភ្នាល់ទឹកភ្លៀងកំពុងកក្រើកយ៉ាងពេញបន្ទុ កក្រោយពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ចាប់តាំងពីដើមខែឧសភារហូតមកដល់សព្វថ្ងៃនេះ ហើយមិនឃើញមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ច ចាត់វិធានការបង្ក្រាបឡើយ ។

ប្រជាពលរដ្ឋរស់នៅភូមិអញ៉ាញ សង្កាត់អូរចារ បានឲ្យដឹងថា ក្នុងមូលដ្ឋានរបស់ពួកគាត់មានអ្នកបើកល្បែងភ្នាល់ទឹកភ្លៀងឈ្មោះ តាល់ ដែលគេស្គាល់ថា ជាប្អូនធម៌របស់លោក យឹម វិចិត្រ អធិការនគរបាលក្រុងបាត់ដំបង ។

ហេតុនេះហើយ ទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ចន្ទ សុផល អភិបាលខេត្តបាត់ដំបង និងលោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ចាត់វិធានការទប់ស្កាត់បទាន់ពេលវេលាផង កុំនៅសម្ងំស្ងៀមយូរពេក អាណិតរាស្ត្រផង ៕

ses (2)

ses (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *