ល្បែងសុីសងគ្រប់ប្រភេទនៅខណ្ឌជ្រោយចង្វារបើកលេងបានយ៉ាងរលូនព្រោះមានប៉េអឹមនៅពីក្រោយ

ភ្នំពេញ ៖ ល្បែងសុីសងគ្រប់ប្រភេទនៅតែកើតមានគ្រប់ទីកន្លែងបើទោះគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារដែលមានលោកឃ្លាំងហួតជាប្រធានកោះប្រជុំពង្រឹងរាល់ខែយ៉ាងណាក៏ដោយក៏នៅតែមាន ដូចជាបៀរ អាប៉ោង កន្ទុយលេខ ជល់មាន់ជាដើម ។ ប្រការនេះបើតាមប្រភពព័ត៌មានដែលប្រជាពលរដ្ឋប្រាប់កម្ពុជាថ្មីថាមាន លោកបញ្ជាការប៉េអឹមរងខណ្ឌជ្រោយចង្វារតែម្តងជាអ្នកបើកដៃឱ្យលេង ជាថ្នូរនឹងកញ្ចប់ថវិកាប្រចាំថ្ងៃខែពីបនល្បែងទាំងអស់នេះ ។

ជាក់ស្តែងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ដែលអវត្តមានកម្លាំងប៉េអឹមខណ្ឌបានចុះបង្ក្រាបកន្លែងជល់មាន់មួយកន្លែង នៅក្នុងសង្កាត់ព្រែកលៀប ឃាត់ខ្លួនជនសង្ស័យ១២នាក់ ដកហូតបានរថយន្តទុនត្រា១គ្រឿង ម៉ូតូ៣៧គ្រឿងនិងអាគក៧ក្បាល ។

ការបង្ក្រាបសង្វៀនជល់មាន់នេះធ្វើឡើងនៅរសៀលថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រតិបត្តិការចុះបង្ក្រាបកន្លែងជល់មាន់ខាងលើនេះ ដឹកនាំបញ្ជាកម្លាំងដោយ លោក កៅ សារ៉ាវុធ អភិបាលរងខណ្ឌជ្រោយចង្វារ ដោយមានកម្លាំងចូលរួមជាច្រើនរូប ក្រោមការបញ្ជាផ្ទាល់ពី លោក ឃ្លាំង ហួត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថាក្នុងការចុះបង្ក្រាបនោះ បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ១២នាក់ រថយន្ត Tundra ០១គ្រឿង ម៉ូតូ ៣៧គ្រឿង មាន់ជល់ ០៧ក្បាល រួមនឹងសម្ភារមួយចំនួនដែលបម្រើឲ្យសង្វៀនជល់មាន់ផងដែរ។

គួបញ្ជាក់ផងដែរថា មូលហេតុដែលគណៈបញ្ជាការឯកភាពខណ្ឌអវត្តមានកម្លាំងប៉េអឹម គឺគេដឹងថាសង្វៀនជល់មាន់នេះមានមេបញ្ជាការរងប៉េអឹមខណ្ឌជ្រោយចង្វារម្នាក់នៅពីក្រោយ ហើយគេមិនហៅប៉េអឹមខ្លាចបែកការណ៍ ។

ក្រោយបង្ក្រាបបានទាំងជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចដឹកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ។

បច្ចុប្បន្នជនញៀនល្បែងទាំង១២នាក់កំពុងសាកសួនៅអធិការដ្ឋានខណ្ឌជ្រោយចង្វារដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕

Loading...