វគ្គជម្រុះ TV5 Knock Out Series សប្តាហ៍ទី៤ តម្រូវលើកីឡាករ ភួង ពិសិដ្ឋ និង បឺត សង្ឃឹម ឡើងទៅវគ្គ១៦នាក់

ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្តើមពានរង្វាន់ជើងឯក TV5 Knock Out Series by K.Cement ទម្ងន់៥៧គីឡូក្រាម បានរកឃើញកីឡាករឆ្នើម២នាក់បន្ថែមទៀតហើយ ដើម្បីបន្តឡើង ទៅប្រកួតនៅវគ្គ ១៦នាក់ ជុំទី២ តម្រូវ កីឡាករ ភួង ពិសិដ្ឋ មកពីក្លិបរាជសីហ៍ខេត្តរតនគិរី និង កីឡាករបឺត សង្ឃឹម អ្នកប្រដាល់ក្លិបរ៉ាហាប់ស្វាយប៉ាក ក្រោយពីពួកគេវាយឈ្នះដៃគូប្រកួតរៀងៗខ្លួន កាលពីយប់ថ្ងៃសៅរ៍ ទី១០ កុម្ភៈ ២០១៨ លើសង្វៀន TV5 ព្រែកកំពឹស ។

ភួង ពិសិដ្ឋ បានវាយយក ឈ្នះ សេក គឹមសាន្ត ប្រផុតប្រផើយក្នុងចំណោម៣ទឹក ។ព្រោះការប្រកួតនេះ សេក គឹមសាន្ត បញ្ចេញស្នៀត មិនចំគោលដៅបានល្អ ដូច ភូង ពិសិដ្ឋ ។ គឺ សេក គឹមសាន្ត តែងតែរង់ចាំ ភួង ពិសិដ្ឋធ្វើសកម្មភាពវាយ មកលើខ្លួនមុន ទើប គឹមសាន្ត វាយបកសង ពិសិដ្ឋវិញ។ ដូច្នេះ សេក គឹមសាន្ត ត្រូវធ្លាក់ចេញពីការប្រកួតសន្សំពិន្ទុ ដណ្តើមពានរង្វាន់ជើងឯក TV5 Knock Out Series by K.Cement ទម្ងន់៥៧គីឡូក្រាម ក្នុងដំណាក់កាលទី១។ រីឯ ភួង ពិសិដ្ឋ ត្រូវឡើងទៅប្រកួតបន្តវគ្គ១៦នាក់បន្តទៀតក្នុងជុំទី២ ។

ដោយឡែក កីឡាករ បឺត សង្ឃឹម មកពីក្លិបរ៉ាហាប់ស្វាយប៉ាក ប្រើពេលមិនដល់មួយទឹកវាយផ្តួលកីឡាករ នួន រ៉ាថេន អ្នកប្រដាល់ក្លិបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែង ឱ្យសន្លប់ក្នុងទឹកទី១ ការប្រកួតជម្រុះដំណាក់កាលទី១នេះ។ ដូច្នេះ បឺត សង្ឃឹម ត្រូវបន្តប្រកួត ដំណាក់កាលទី២វគ្គ១៦នាក់ចុងក្រោយ រីឯ នួន រ៉ាថេន ត្រូវចាកចេញពីកម្មវិធី ។

ចំពោះការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិកីឡាករ ព្រំ សំណាង អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ វាយឈ្នះ អ្នកប្រដាល់ថៃ ឈ្មោះ Nom Sayam ក្នុងទឹកទី២ ។ កីឡាករ វៀត ប៊ុនឌឿន អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ បានផ្តួល កីឡាករ ថន ភឿត មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិសាត់ ឱ្យសន្លប់៕

Loading...