វគ្គបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្តសម្រាប់សម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩

ខេត្តមណ្ឌលគិរី ៖ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី១៩ក្នុងសហគមន៍បន្ត និងក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ស.ស.យ.ក ខេត្តមណ្ឌលគិរី សហការជាមួយនឹងមន្ត្រីសុខាភិបាលបានបើកវគ្គបណ្ដុះបណ្ដាលអ្នកស្ម័គ្រចិត្តសម្រាប់ចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩នៅក្រុងសែនមនោរម្យ និងចែកសម្ភារៈការពារជំងឺកូវីដ១៩ដល់ ស.ស.យ.ក មកពីក្រុងស្រុកទាំង ៥ក្នុងខេត្តមណ្ឌលគិរី។

វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងក្រោមវត្តមាន លោក ឈឹម កាន ប្រធាន ស.ស.យ.ក ខេត្ត ដោយមានការអញ្ជើញចូលរួមពីមន្ត្រីសុខាភិបាល ថ្នាក់ដឹកនាំស.ស.យ.កក្រុងស្រុកទាំង ៥និងក្រុមអ្នកស្ម័គ្រចិត្តស.ស.យ.ក សម្រាប់ចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដែលកម្មវិធីនេះបានធ្វើឡើងនៅអាគារសាលមហោស្របនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី។

លោក ឈឹម កាន ប្រធាន ស.ស.យ.កខេត្ត មានប្រសាសន៍ថា ជំងឺកូវីដ១៩ បាននិងកំពុងវាយលុកទៅលើប្រទេសជាច្រើននៅលើពិភពលោក ហើយប្រទេសកម្ពុជាយើងក៏បានឆ្លងរាលដាលយ៉ាងខ្លាំងក្លាក្រោយពេលព្រឹត្តិការណ៍ថ្ងៃទី ២០កុម្ភៈផងដែរ។

លោកបន្តថា តាមរយៈការឆ្លងចូលក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍ថ្ងៃ ២០ កុម្ភៈ ចំនួនអ្នកកើតជំងឺកូវីដ១៩ បានកើនឡើងជាបន្តបន្ទាប់និងរីករាលដាលស្ទើរពេញប្រទេស។ ប្រឈមមុខជាមួយនឹងការឆ្លងរាលដាលយ៉ាងឆាប់រហ័សដូច្នោះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ក្នុងការទប់ស្កាត់ការឆ្លងរាលដាលចូលក្នុងសហគមន៍បន្ត។ វិធានការ ៣ ការពារ ៣កុំ ត្រូវបានណែនាំឲ្យអនុវត្តឲ្យបានទូលំទូលាយ គ្រប់គ្នាៗ ហើយការចាក់វ៉ាក់សាំង គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងឈានឆ្ពោះទៅរកការដំណើរការជាធម្មតានៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ១៩ នេះ ស.ស.យ.ក គ្រប់លំដាប់ថ្នាក់ បានធ្វើសកម្មភាពយ៉ាងសកម្មក្រុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការចុះអប់រំផ្សព្វផ្សាយ និងចែកសម្ភារៈការពារជំងឺកូវីដ១៩ទៅដល់ប្រជាពលរដ្ឋក្នុងសហគមន៍និង អ្នកប្រឈមខ្លាំងនឹងជំងឺកូវីដ១៩ ។ ម្យ៉ាងទៀត នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ស.ស.យ.ក ក៏បានបញ្ជូនមន្ត្រីរបស់ខ្លួនដើម្បីចូលរួមសម្របសម្រួលក្នុងការងារចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ជាក់ស្ដែង នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ ២០២១ក្រុមការងារស្ម័គ្រចិត្តស.ស.យ.កខេត្តមណ្ឌលគិរី ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ នៅក្រុងសែនមនោរម្យ បានទទួលការបណ្ដុះបណ្ដាល ពីបែបបទ ការរៀបចំ និងវិធានការនានា ក្នុងការជួយសម្រួលដល់ដំណើរការនៃចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងក្រុងសែនមនោរម្យ ឱ្យដំណើរការរលូន។

នៅក្នុងពិធីនេះដែរ លោក ឈឹម កាន ប្រធាន ស.ស.យ.កខេត្ត បានចែកសម្ភារៈការពារជំងឺកូវីដ១៩ ដល់តំណាងស.ស.យ.ក មកពី ៥ ក្រុងស្រុក ដែលសំភារៈទាំងនោះមានដូចជា ម៉ាស របាំងការពារមុខ អាល់កុល ដបដាក់អាកុល និងថវិកាមួយចំនួន សម្រាប់ប្រើប្រាស់ក្នុងការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជំងឺកូវីដ១៩៕

Loading...