វគ្គបំប៉នជំនាញបច្ចេកទេសជំនាន់ទី១ របស់កងទ័ពជើងគោក ត្រូវបានបញ្ចប់ដោយជោគជ័យ

(ភ្នំពេញ )៖ បិទបញ្ចប់វគ្គបំប៉នជំនាញបច្ចេកទេសជំនាន់ទី១ ឆ្នាំ២០២០ ដែលបានដំណើរការបើកវគ្គ អស់រយៈពេល ៧ថ្ងៃ កន្លងមក ត្រូវបានប្រារព្ធពិធីបិទកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្រោមវត្តមាន ឧត្តមសេនីយ៍ឯក សួន ខាំឡ មេបញ្ជាការរងកងទ័ពជើងគោក។

តាមរយៈរបាយការណ៍ របស់ឧត្តមសេនីយ៍ទោ សូ សំរិន នាយសេនាធិការរង នាយការិយាល័យបច្ចេកទេស កងទ័ពជើងគោក បានឱ្យដឹងថា វគ្គបំប៉នជំនាញបច្ចេកទេសជំនាន់ទី១ ស្តីពីការងារគ្រប់គ្រង និងផែនការធានាបច្ចេកទេស ដែលមានសិក្ខាកាមមកពីបណ្តាកងឯកភាពចំណុះកងទ័ពជើងគោក សុទ្ធសឹងជាថ្នាក់នាយទាហានជាន់ខ្ពស់ មានបទពិសោធន៍ និងបានអនុវត្តន៍ការងារជំនាញជាយូរឆ្នាំ នៅតាមបណ្តាអង្គភាពនីមួយៗកន្លងមក។ ពេលបញ្ចប់វគ្គសិក្ខាកាមទាំងអស់ទទួលបានលទ្ធផលល្អប្រសើរ។

ជំនួសមុខជូន លោក មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក សួខ ខាំឡ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយោធាចារ្យ និងសិក្ខាកាមដែលបានសហការល្អ ខិតខំយកចិត្តទុកដាក់រៀនសូត្រ រហូតបញ្ចប់វគ្គ ទទួលលទ្ធផលជោគជ័យគួរជាទីមោទនៈ។

ឧត្តមសេនីយ៍ឯក សួន ខាំឡ បានគូសបញ្ជាក់ ពីលក្ខណៈពិសេស និងតួនាទី ភារកិច្ចនៃជំនាញនេះ ដោយជំរុញដល់បណ្តាអង្គភាពទ័ពត្រូវបង្កើនការហ្វឹកហាត់ ដើម្បីធានាបានលើការងារគ្រប់គ្រងបច្ចេកទេស។

លោកបានបន្តថា ថ្វីត្បិតតែវគ្គនេះមានរយៈខ្លីក៏ពិតមែន តែបានជួយពង្រឹងធនធានមនុស្សស្របតាមភារកិច្ចចំពោះមុខរបស់កងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ច ការពារជាតិមាតុភូមិ និងប្រជាជន។

លោកក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ពេលវិលទៅអង្គភាពខ្លួនវិញ ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សារៀនសូត្រទៅប្រើប្រាស់ឱ្យចំគោលដៅ និងមានប្រសិទ្ធភាព ត្រូវស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ឈរលើមនសិការស្នេហាជាតិ គោរពឱ្យបានម៉ឺងម៉ាត់រាល់តួនាទី និងភារកិច្ចរបស់កងទ័ព និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក។ ត្រូវយកចិត្តទុកដាក់ថែរក្សាការពារ គ្រប់គ្រង និងរក្សាទុកដាក់អាវុធយុទ្ធភ័ណ្ឌ គ្រឿងចក្រឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព បន្តអនុវត្តន៍ និងចូលរួមសហការល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងចូលរួមទប់ស្កាត់ឱ្យបានទាន់ពេលវេលារាល់បទល្មើសផ្សេងៗ និងចូលរួមចំណែកអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ៕

Loading...