វត្តដែលមានការខ្វះខាតចំនួន៤១វត្តក្នុងដំណាក់កាលកូវីដ-១៩ ក្នុងខេត្តកំពង់ធំទទួលគ្រឿងឧបភោគ បរិភោគពីអភិបាលខេត្ត

ខេត្តកំពង់ធំ ៖ ស្របពេលដែលប្រទេសកម្ពុជាទទួលរងគ្រោះនូវព្រឹត្តិការណ៍ ២០ កុម្ភៈ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ហើយក៏ជារដូវកាលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងរយៈពេល ៣ថ្ងៃនេះ ចាប់ពីថ្ងៃទី ១១.១២.១៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី បាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈ បង្ការជំងឺកូវីដ-១៩ ប្រគេនព្រះសង្ឃ ចំនួន៤១វត្ត មានព្រះសង្ឃសរុបចំនួន៥៤៥អង្គ ទូទាំង៩ក្រុងស្រុក។

វត្តទាំង៤១ ក្នុងនោះរួមមាន ៖ ស្រុកតាំងគោក មានចំនួន៥វត្ត មានព្រះសង្ឃចំនួន១០៣អង្គ ស្រុកបារាយណ៍ មានចំនួន៤វត្ត មានព្រះសង្ឃចំនួន៨៥អង្គ ស្រុកសន្ទុក មានចំនួន៦វត្ត មានព្រះសង្ឃចំនួន ៩៣អង្គ ក្រុងស្ទឹងសែន មានចំនួន៣វត្ត មានព្រះសង្ឃចំនួន៦២អង្គ ស្រុកប្រាសាទបល័ង្ក មានចំនួន ៣វត្ត មានព្រះសង្ឃចំនួន ៣៦អង្គ ស្រុកស្ទោង មានចំនួន ៤វត្ត មានព្រះសង្ឃចំនួន ៦១អង្គ ស្រុកសណ្តាន់ មានចំនួន ២វត្ត មានព្រះសង្ឃចំនួន ៣៤អង្គ និងស្រុកប្រាសាទសំបូរចំនួន ៥វត្ត មានព្រះសង្ឃចំនួន ៧១អង្គ ដែលខ្វះខាត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការចូលរួមចំណែកដោះស្រាយនូវចង្ហាន់ដល់ព្រះសង្ឃ ផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ក៏បានធ្វើការផ្សព្វផ្សាយ អំពីវិធានការការពារ ពីជំងឺកូវីដ-១៩ ទាំងអស់គ្នា ត្រូវអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល “បីការពារ បីកុំ និងពីរចូលរួម” ឲ្យបានខ្ជាប់ខ្ជួន ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នៅពេលខាងមុខនេះ ប្រសិនបើបងប្អូនពុទ្ធបរិស័ទដែលមានគោលបំណង យកចង្ហាន់មកប្រគេនព្រះសង្ឃ ឬធ្វើពិធីបង្សុកូល មិនត្រូវមានមនុស្សច្រើននោះទេ សូមកាត់បន្ថយអ្នកចូលរួម ត្រូវពាក់ម៉ាសការពារ រក្សាគម្លាតសុវត្ថិភាពបុគ្គលចាប់ពី ១.៥ម៉ែត្រឡើងទៅ ត្រូវយកទឹកអាកល់ ឬជែល សម្រាប់លាងដៃ ជាប់ខ្លួនជានិច្ច ប្រសិនបើមិនចាំបាច់សូមកុំចេញក្រៅផ្ទះឲ្យសោះ ដើម្បីការពារអាយុជីវិតយើង ក្រុមគ្រួសារយើង ចៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ។

លើសពីនេះទៀតឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេស កម្ពុជាបានខិតខំអំពាវនាវរកអំណោយមនុស្សធម៌ ដើម្បីបញ្ជាទិញវ៉ាក់សាំងចាក់ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋទូទាំងប្រទេស ដោយការស្ម័គ្រចិត្ត និងមិនមានការយកលុយនោះទេ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់សម្ដេចតេជោ ចំពោះសុខុមាលភាពរបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនមានការរើសអើងនោះទេ។

ជាមួយគ្នានោះ ឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់មន្ត្រីរាជការ និងបងប្អូន រួមទាំងព្រះសង្ឃ ទាំងអស់ សូមនិមន្តនិងអញ្ជើញចូលរួមចាក់វ៉ាក់សាំងនេះឲ្យបានគ្រប់ៗគ្នា តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក តាមពេលវេលាកំណត់ ហើយការចាក់វ៉ាក់សាំងនេះ អាចការពារពុកម៉ែបងប្អូនមិនឱ្យមានការឆ្លងនូវជំងឺកូវីដ១៩។ ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយ ត្រូវតែអនុវត្តតាមវិធាន សុខាភិបាល ឲ្យបានត្រឹមត្រូវ ទាំងមុនពេលចាក់ និងក្រោយពេលចាក់ដូសទី១ រហូតដល់ថ្ងៃចាក់ដូសទី២ ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ រហូតដល់ថ្ងៃកំណត់ ដែលគ្រូពេទ្យបានណែនាំនោះ ទើបវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់។

គួររំលឹកផងដែរថា សម្ភារៈដែលប្រគេនជូននេះ រួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកសុទ្ធ ម៉ាស និងបច្ច័យមួយចំនួនផងដែរ។

សូមបញ្ជាក់ផងដែរថា នៅតាមទីវត្តអារាម គឺមិនមានបងប្អូនពុទ្ធបរិស័ទប្រមូលផ្ដុំគ្នាច្រើននោះទេ អង្គុយដាច់ដោយឡែក និងរក្សាគម្លាតសុវត្ថិភាព ហើយពួកគាត់មានការយល់ដឹងច្រើនអំពីវិធានការនៃការការពារ របស់រាជរដ្ឋាភិបាល៕

Loading...