វត្តអារាមទូទាំងខេត្តស្វាយរៀង ចូលរួមវាយគង ជួង រគាំង ទូងស្គរ ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩

ស្វាយរៀង៖ ដោយអនុវត្តតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងធម្មការ វត្តអារាមទូទាំងខេត្តស្វាយរៀង បានចូលរួមវាយគង ជួង រគាំង ទូងស្គរ មួយថ្ងៃ៥ដង ជាសាររំលឹកពលរដ្ឋឱ្យចូលរួមប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ១៩ ។
ការអនុវត្តនេះចាប់ពីព្រឹកថ្ងៃទី២៤ ខែមីវេលាម៉ោង ៥ព្រឹក។

លោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង បានឲ្យដឹងថា: ការអនុវត្តសកម្មភាពខាងលើ ធ្វើឡើងដោយយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពង់របស់សម្ដេចតេជោ ហ៊ុន សែន និងយោងតាមសារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនា ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ដែលណែនាំដល់គ្រប់វត្តអារាមទាំងអស់នៅទូទាំងប្រទេសឲ្យវាយគង ជួង រគាំង ទូងស្គរព្រមគ្នាទាំងអស់ជាសញ្ញាផ្សព្វផ្សាយព័ត៌មាន ដល់ប្រជាពលរដ្ឋពុទ្ធបរិស័ទឲ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តវិធានការ ៣ ការពារ និង ៣កុំ របស់ប្រមុខរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល រហូតចប់ព្រឹត្តិការណ៍២០កុម្ភៈ ឲ្យបាន ៥ដងក្នុងមួយថ្ងៃ។

លោកបានបញ្ជាក់ថា «នៅវេលាម៉ោង ៥៖០០នាទីព្រឹកថ្ងៃទី២៤ ខែមីនា នេះ គ្រប់វត្តអារាមនៅទូទាំងខេត្តស្វាយរៀង បានធ្វើឡើងយ៉ាងផុសផុល ព្រះសង្ឃឡើងសូត្រមន្តសុំសេចក្តីសុខ និងទូងស្គរផ្តល់ដំណឹងដល់ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទឲ្យបង្កើនការប្រុងប្រយ័ត្ន និងការពារខ្លួនមិនឲ្យឆ្លងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតឆ្លងចូលសហគមន៍»។

លោក ទីវ សុភា បានរំពឹងថាវាយគង ជួង រគាំង ទូងស្គរ និងចម្រើនព្រះបរិត្ត ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ នៃព្រឹត្តិការណ៍ ២០ កុម្ភៈនាពេលនេះ គឺជាការពញ្ញាក់អារម្មណ៍ប្រជាពលរដ្ឋឲ្យភ្ញាក់រលឹកឡើងបានមួយកម្រឹតទៀត ក្នុងការចេះការពារខ្លួនឲ្យរួចផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះផងដែរ។

សូមជម្រាបថា សម្តចតេជោ ហ៊ុន សែន បានណែនាំឱ្យគ្រប់វត្តអារាមនៅទូទាំងប្រទេសវាយគង ជួង រគាំង ទូងស្គរមួយថ្ងៃ ៥ដង ដើម្បីជាសាររំលឹកប្រជាពលរដ្ឋឱ្យចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍។ ការណែនាំនេះ ត្រូវបានបញ្ជាក់តាមរយៈសារាចរណ៍ណែនាំមួយ របស់លោក ឈិត សុខុន នៅថ្ងៃទី២៣ ខែមីនា ហើយក្នុងសារាចរណ៍ណែនាំនេះ បញ្ជាក់ទៀតថា ការវាយគង ជួង រគាំង ទូងស្គរនេះ ធ្វើឡើងនៅម៉ោង ៥ព្រឹក, ម៉ោង ១១ព្រឹក, ម៉ោង ២រសៀល, ម៉ោង៥ល្ងាច និងម៉ោង ៨យប់៕

Loading...