វរសេនីយ៍ត្រី ជា រិទ្ធី បដិសេធ ការផ្សព្វផ្សាយចោទប្រកាន់ទាំងបំពាន បើមិនកែតម្រូវទេ លោកនឹងមានវិធានការ

ខេត្តកំពង់ស្ពឺ៖ បន្ទាប់ពី គេហទំព័រ ស៊ីអិនធី ហតញូយ៍ (CNT) ធ្វើការផ្សាយចោទប្រកាន់លោក វរសេនីយ៍ត្រី ជា រិទ្ធី (ហៅកុមារទេព) ថាបានជំរិតទារលុយ ពីប្រជាពលរដ្ឋដឹកឈើ និងដឹកបង្គោលរបងតាមគោយន្ត ចំនួន២០ម៉ឺនរៀល កាលពីវេលាម៉ោង៧និង៣៥នាទីយប់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ លោកមិនបានប្រព្រឹត្តដូចការ ចោទប្រកាន់នោះឡើយ។ ហើយការផ្សាយចោទប្រកាន់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់លោក ជាពិសេសប៉ះពាល់ដល់អង្គភាព កងទ័ពជើងគោកផងដែរ។

លោក វរសេនីយ៍ត្រី ជា រិទ្ធី (ហៅកុមារទេព) មានតួនាទីជានាយរងស្នាក់ការកងទ័ពជើងគោក បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ម្ចាស់គេហទំព័រ ស៊ីអិនធី ហតញូយ៍ (CNT)នេះ ផ្សាយរឿងលោកជំរិត ទារលុយពីប្រជាពលរដ្ឋ ដឹកឈើ ដឹកបង្គោលរបង ចំនួន២០ម៉ឺនរៀល កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ កន្លងទៅនោះ លោកសូមបដិសេធ មិនមែនជាការពិតឡើយ ពីព្រោះថា នៅយប់នោះ លោកត្រូវវេនប្រចាំការនៅក្នុងស្នាក់ការចំនួន០២ថ្ងៃ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នោះទេ។ មិនតែប៉ុណ្ណោះ គេហទំព័រដដែលបានចោទប្រកាន់លោកទៀតថា ដៃម្ខាងបង្ក្រាបបទល្មើស ដៃម្ខាងទៀតកាងបទល្មើសទៅវិញ ការចោទប្រកាន់នេះមានវត្ថុតាង មិនមានប្រភព និង មូលដ្ឋានច្បាស់លាស់ឡើយ។ ដូចនេះសូមឲ្យម្ចាស់គេហទំព័រ ស៊ីអិនធី ហតញូយ៍(CNT) កែតម្រូវជាបន្ទាន់ ប្រសិនបើមិនកែតម្រូវទេលោកនិងចាត់វិធានការតាមផ្លូវច្បាប់ហើយ។

លោក វរសេនីយ៍ត្រី ជា រិទ្ធី (ហៅកុមារទេព) បានបន្ថែមថា បើទោះបីជាលោក មានជីវភាព ខ្វះខាតក្នុងការរស់នៅប្រចាំថ្ងៃពិតមែន មិនមានរថយន្តសម្រាប់ជាមធ្យោបាយ ធ្វើដំណើរ បំពេញការងារ ដោយម៉ូតូ កញ្ចាស់ រាល់ថ្ងៃមែន លោក មិនតូចចិត្តទេ ធ្វើម្តេច ជីវិតមនុស្សខុសៗគ្នា។ ជារៀងរាល់ថ្ងៃលោក មានភារកិច្ចជាប់ខ្លួន រវល់ការងារច្រើន បម្រើប្រជាពលរដ្ឋ សង្គមជាតិ ហើយបច្ចុប្បន្ននេះ រវល់ធ្វើការផ្សព្វផ្សាយការរីករាលដាលឆ្លងជំងឺកូវីដ.១៩ ដើម្បីឲ្យបង ប្អូន ប្រជាពលរដ្ឋបានយល់ដឹង។ ចុះហេតុអ្វីបានជាម្ចាស់គេហទំព័រ ខាងលើនេះបែរជាមកចោទប្រកាន់លោកទៅវិញ។

លោក វរសេនីយ៍ត្រី ជា រិទ្ធី (ហៅកុមារទេព) អាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋ ភាគច្រើនស្គាល់លោកតាមរយៈ ការបំពេញការងារប្រចាំថ្ងៃ នៅក្នុងស្រុកឱរ៉ាល់ និងស្រុកថ្ពង មិនដែលមានរឿងរ៉ាវអ្វីឡើយ. ស្រាប់តែ ម្ចាស់គេហទំព័រ ស៊ីអិនធី ហតញូយ៍(CNT) បែរជាធ្វើការផ្សាយចោទប្រកាន់លោកទៅវិញ។ ក្នុងនាមលោក ជាសមត្ថកិច្ចបម្រើការងារជិត៤០ឆ្នាំមកហើយនោះ លោកយល់ថា ម្ចាស់គេហទំព័រខាងលើនេះ មិនមានវិជ្ជាជីវៈជាអ្នកសារព័ត៌មានឡើយ(ដោយមិនគោរពនូវពាក្យស្លោករបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន) ដែលអ្នកសារព័ត៌មានគ្រប់រូប ត្រូវតែមានយន្ត័ជាប់ខ្លួនថា៖ កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត) ប៉ុន្តែបុគ្គល ម្ចាស់គេហទំព័រខាងលើនេះ មកចោទប្រកាន់ គ្មានប្រភព និងមូលដ្ឋានច្បាស់លាស់ទាល់តែសោះ ប្រសិនបើ ម្ចាស់គេហទំព័រ ស៊ីអិនធី ហតញូយ៍(CNT) មិនកែតម្រូវវិញទេ លោកនិងដាក់ពាក្យបណ្តឹង ទៅស្ថាប័នមានសមត្ថកិច្ច ឲ្យធ្វើការតាមផ្លូវច្បាប់ហើយ។

លោកវរសេនីយ៍ត្រី ជា រិទ្ធី (ហៅកុមារទេព) បន្ថែមទៀតថា កន្លងមក ក្រុមអ្នកសារព័ត៌មានមួយចំនួន មានតួនាទីជា អគ្គនាយក លោកចាងហ្វាង ជិះរថយន្តស៊េរីទំនើបៗ តែងតែធ្វើសកម្មភាពដេញ ស្ទាក់រថយន្ត ឬគោយន្តកន្ត្រៃដឹកឈើ ជំរិតទារលុយ រាប់រយដុល្លារថែមទៀតផង សង្ឃឹមថា សមត្ថកិច្ចមូលដ្ឋាន ស្រុក ខេត្តកំពង់ស្ពឺ ធ្វើការស្រាវជ្រាវករណីក្រុមអ្នកសារព័ត៌មានមួយចំនួនតូចនេះ ធ្វើព្យុះធ្វើភ្លៀង និងធ្វើឲ្យប៉ះពាល់ដល់ អ្នកសារព័ត៌មានគេល្អៗ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ អ្នកសារព័ត៌មានអាជីព ដែលបម្រើការងារនៅក្នុងខេត្តកំពង់ស្ពឺនិងទូទាំងប្រទេសផងដែរ៕

Loading...