វាយប្រហារទឹកអាស៊ីដទៀតហើយនៅខេត្តកំពង់ចាម

កំពង់ចាម ៖ ស្ត្រីកូន២ម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណ លបវាយប្រហារដោយទឹកអាស៊ីដបណ្តាលឲ្យរងរបួសលើដងខ្លួនជាច្រើនកន្លែង បង្កឲ្យមានភាពភ្ញាក់ផ្អើលនៅវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិទី១០ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

លោក ប្រេង ហ៊ីម អធិការនគរបាលស្រុកកោះសូទិនបានឲ្យដឹងថា នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចបានទទួលព័ត៌មានពីការវាយប្រហាដោយទឹកអាស៊ីតទៅលើស្ត្រីរងគ្រោះឈ្មោះ ងន់ សុខឡេង អាយុ៣៩ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ កាលពីវេលាម៉ោង៥ទៀបភ្លឺ បណ្តាលឲ្យស្ត្រីរងគ្រោះរលាកដៃជើងខ្លួនប្រាណក្បាល និងខ្នងជាច្រើនកន្លែង ហើយត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ត្រីរងគ្រោះនិងកូនចំនួន២នាក់ ដេកនៅលើផ្ទះរបស់ខ្លួន ចំណែកឯប្តីដេកនៅបន្ទប់ក្រោមផ្ទះតែម្នាក់ឯង។ រហូតដល់ម៉ោងប្រហែលទៀបភ្លឺថ្ងៃដដែល ស្ត្រី សុខ ឡេង បានចុះពីលើផ្ទះដើម្បីទៅបន្ទប់អនាម័យដែលនៅក្បែរផ្ទះរបស់ខ្លួន ខណៈនោះមានជនមិនស្គាល់មុខបានគប់ដបប្រេងម៉ាស៊ីនដែលដាក់ទឹកអាស៊ីដទៅលើស្ត្រីរងគ្រោះបណ្តាលឲ្យរងរបួសជាទម្ងន់។

ប្រភពដដែលបានឲ្យដឹងទៀតថា កន្លងមកស្ត្រីរងគ្រោះ និងប្តី បានទៅរស់នៅឯខេត្តរតនគីរី ក្រោយមកអ្នកទាំង២ឈ្លោះគ្នារហូតចែកផ្លូវគ្នាដើរ ដោយប្រពន្ធត្រឡប់មកផ្ទះកន្លែងកើតហេតុ រីឯប្តីនៅរស់ខេត្តរតនគីរី ហើយពេលថ្មីៗនេះ បុរសជាប្តីបានត្រឡប់មកផ្ទះកើតហេតុសុំរស់នៅជាមួយប្រពន្ធវិញ តែប្រពន្ធមិនព្រម ទើបបុរសជាប្តីដេកនៅក្រោមផ្ទះរហូតដល់ពេលកើតហេតុ។

ប្រភពបន្តថា ករណីនេះ គេសង្ស័យជាស្នេហាត្រីកោណ គឺប្រពន្ធបែកឆ្វេងស្រឡាញ់ប្តីគេ។ តែទោះបីមានការសន្និដ្ឋានបែបនេះក៏ដោយ សមត្ថកិច្ចមិនទាន់អះអាងថា តើជនសង្ស័យជាប្តី ឬជាអ្នកផ្សេងនោះទេ ព្រោះកំពុងធ្វើការស្រាវជ្រាវ៕

as

r

tt

Loading...