វាយប្រហារ​ព្រះ​វិហារ​សាសនា​អិ​ស្លា​ម​របស់​និកាយ​ស៊ី​អី​ដ​ស្លាប់​២០​នាក់​

​ក្រុម​ឧទ្ទាម​ប្រដាប់​ដោយ​កាំភ្លើង​ធុន​ធ្ងន់​បាន​វាយប្រហារ​ទៅ​លើ​ព្រះ​វិហារ​សាសនា​អិ​ស្លា​ម​និកាយ​ស៊ី​អី​ដ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាងតិច​២០​នាក់​ ។​ ក្រុម​ឧទ្ទាម​តា​លី​បង់​បាន​ប្រកាស​ថា​ ជា​ទ​ង្វើ​របស់​ពួក​ខ្លួន​ដើម្បី​សងសឹក​ចំពោះ​ការ​សម្លាប់​សម​មិត្ត​របស់​ពួក​គេ​ម្នាក់​។​

​អ្នក​វាយប្រហារ​៣​នាក់​ប្រដាប់​ដោយ​គ្រាប់បែក​ផ្សេងៗ​រួម​មាន​គ្រាប់បែក​ប្រភេទ​ Kalashnikovs​ និង​អាវ​ការពារ​គ្រាប់​បាន​វាយប្រហារ​ទៅ​លើ​ព្រះ​វិហារ​ Imamia​ ស្ថិត​នៅ​ក្នុង​ទីក្រុង​ Peshawar​ ដែល​ជាទី​ក្រុង​មួយ​ប្រកបដោយ​ភាព​ចលាចល​ក្នុង​បញ្ហា​សន្តិសុខ​ស្ថិត​នៅ​ភាគ​ពាយព្យ​របស់​ប៉ា​គី​ស្ថាន​ អំឡុង​ពេល​ដែល​មាន​ពិធីបួងសួង​យ៉ាង​សំខាន់​កាលពី​ថ្ងៃ​សុក្រ​នោះ​។​

​ការ​វាយប្រហារ​លើក​នេះ​កើតឡើង​ក្រោយ​២​ស​ប្តា​ហ៍​នៃ​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រះ​វិហារ​អិ​ស្លា​ម​និកាយ​ស៊ី​អី​ដ​ស្ថិត​នៅ​ភាគ​ខាងត្បូង​ប៉ា​គី​ស្ថាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៦១​នាក់​ ហើយ​នោះ​ជា​ហេតុការណ៍​ ហិង្សា​សម្លាប់​មនុស្ស​ច្រើន​ជាងគេ​បង្អស់​ក្នុង​ប្រទេស​នេះ​រយៈពេល​២​ឆ្នាំ​កន្លង​មក​។​
​លោក​ Nasir​ Durrani​ អធិការ​ប៉ូលិស​ភាគ​ពាយព្យ​ខេត្ត​ Khyber-Pakhtunkhwa​ បាន​ថ្លែងប្រាប់​ប្រភព​ព័ត៌មាន​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​២០​នាក់​បាន​បាត់បង់​ជីវិត​ និង​៤៥​នាក់​ផ្សេង​ទៀត​រង​របួស​ ។​ លោក​បន្ត​ថា​ ជន​វាយប្រហារ​ទាំង​៣​នាក់​ក៏​បាន​ស្លាប់​ផង​ដែរ​។​

​នៅ​ក្នុង​សារ​មួយ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ ក្រុម​ Tehreek-e-Taliban​ Pakistan​ (TTP)​ បាន​ប្រកាស​ទទួលស្គាល់​ការ​វាយប្រហារ​នេះ​ ដោយ​បញ្ជាក់​ថា​ ជា​ការ​សងសឹក​ចំពោះ​ទ​ង្វើ​ដែល​បាន​ធ្វើ​មក​លើ​ក្រុម​ខ្លួន​ម្នាក់​ឈ្មោះ​ថា​ Doctor​ Usman​ ដោយ​ការ​ព្យួរ​ក​កាលពី​ខែធ្នូ​ ឆ្នាំ​២០១៤​កន្លង​មក​នោះ​។​ ប្រភព​បន្ត​ថា​ នេះ​ជា​ករណី​ឈាម​ត្រូវ​សង​ដោយ​ឈាម​ ហើយ​ដែល​នឹង​បន្ត​កើតឡើង​នៅ​ពេល​ខាង​មុខ​ទៀត​។​ រដ្ឋាភិបាល​ប្រុង​ប្រយ័ត្ន​ទៅ​ នឹង​មានការ​វាយប្រហារ​សាហាវ​ជាង​នេះ​ថែម​ទៀត​។​

​ប៉ូលិស​បញ្ជាក់​ថា​ ពួក​អ្នក​វាយប្រហារ​បាន​ចូល​ទៅ​ព្រះ​វិហារ​តាម​រយៈ​អគារ​ផ្សេង​ដែល​នៅ​ក្បែរ​នោះ​ ដោយ​ពួក​គេ​កាត់​របង​លួច​ហើយ​ចូល​ទៅ​កាន់​បរិវេណ​ព្រះ​វិហារ​។​ លោក​ Durrani​ បញ្ជាក់​ថា​ ជន​វាយប្រហារ​ម្នាក់​បាន​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​សម្លាប់​ទាំង​ខ្លួន​នៅ​ក្នុង​ព្រះ​វិហារ​ ខណៈ​ម្នាក់​ទៀត​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់​ ចំណែក​ជន​ទី​៣​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​បាន​ តែ​ក្រោយមក​ក៏​ត្រូវ​ស្លាប់​តែ​ម្តង​។​

​សាក្សី​ម្នាក់​ឈ្មោះ​ Mohammad​ Khalil​ បាន​ប្រាប់​ប្រភព​ AFP​ ថា​ កម្លាំង​ផ្ទុះ​បាន​ធ្វើ​ឲ្យ​កក្រើក​ព្រះ​វិហារ​តែ​ម្តង​ ខណៈ​ដែល​អ្នក​បួងសួង​ហៀបនឹង​ចប់​កម្មវិធី​របស់​ខ្លួន​ ។​ បន្ទាប់​មក​ខ្មាន់កាំភ្លើង​ចាប់ផ្តើម​បាញ់ប្រហារ​ទៅ​លើ​ ក្រុម​អ្នក​ចូល​ទៅ​ធ្វើ​ពិធី​នោះ​ ៕​ យ៉ា​ត​ សុមេធ​

taliban-attack

Loading...

Leave a Reply

Your email address will not be published. Required fields are marked *