វិចារណកថា៖ គ្រឿងញៀនវាយលុកញាំញីក្មេងៗនៅទីជនបទ

បញ្ហាគ្រឿងញៀនកំពុងតែចំណោទដែលទាមទារឲ្យមានការចូលរួមដោះស្រាយពីគ្រប់មជ្ឈដ្ឋានតាំងពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន ។ បច្ចុប្បន្ននេះការប្រើប្រាស់គ្រឿងញៀនបាននិងកំពុងរីករាលដាលដល់មូលដ្ឋានជនបទដាច់ស្រយាលហើយ ជាពិសេសបាននិងកំពុងពង្វក់ក្មេងៗនៅតាមជនបទដាច់ស្រយាលភ្លេចការសិក្សារៀនសូត្រនិងសីលធម៌សង្គមធ្លាក់ចុះ ។ ប្រការនេះធ្វើឲ្យមានការកត់សម្គាល់ថាសីលធម៌សង្គមបានធ្លាក់ចុះគួរឲ្យព្រួយបារម្ភ ។

នៅឯខេត្តកំពង់ស្ពឺតំបន់រលាក់កងជើង ទីដែលមិនងាយនឹងមានអ្នកទីក្រុងទៅដល់នោះ បច្ចុប្បន្នគ្រឿងញៀនក៏កំពុងញាំញីខ្លាំងណាស់ដែរ ។ ក្មេងៗអាយុច្រើនជាង 10 ឆ្នាំបន្តិចបន្តួចកំពុងវក់វីនឹងការប្រើប្រាស់ថ្នាំញៀន ដោយលែងរវល់ពីការសិក្សារៀនសូត្រ ឬក៏ជួយការងារឪពុកម្ដាយនោះឡើយ ។ពួកគេប្រមូលផ្ដុំគ្នាប្រើប្រាស់ថ្នាំញៀនជាចំហរដោយមិនឃើញអាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ ឬស្រុក និងខេត្តចាត់វិធានការបង្ក្រាបឲ្យមានប្រសិទ្ធភាពនៅឡើយ ។ផ្ទុយទៅវិញប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានត្រឹមភ័យខ្លាចចំពោះអនាគតកូនចៅរបស់ពួកគាត់និងបារម្ភអំពីបញ្ហាសន្តិសុខនៅក្នុងសង្គមនាពេលបច្ចុប្បន្ន។

ប្រជាពលរដ្ឋក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺនិយាយថាក្មេងៗអាយុ13 ទៅ 15 ឆ្នាំ ឬច្រើនជាងនេះនៅក្នុងសហគមន៍របស់ពួកគាត់កំពុងវក់វីនឹងការប្រើប្រាស់គ្រឿងញៀនដែលពួកគេលែងស្ដាប់បង្គាប់ឪពុកម្ដាយជាពិសេសគឺបង្កបញ្ហានៅក្នុងសហគមន៍ញឹកញាប់ ។អំពើចោរកម្មលួចរបស់ទ្រព្យរបស់ប្រជាពលរដ្ឋក្នុងសហគមន៍បានកើតឡើងជារៀងរាល់ថ្ងៃ ។ ពួកគេលួចដំណាំក្នុងចំការឬមាន់ទាដើម្បីយកទៅលក់ទិញថ្នាំញៀនសម្រាប់ប្រើប្រាស់។ រីឯការប្រើប្រាស់ថ្នាំញៀននោះទៀតសោតគឺបានប្រព្រឹត្តទៅចំហរមានន័យថាពួកគេអង្គុយជក់ថ្នាំញៀនជាសាធារណៈដោយមិនឃើញអាជ្ញាធរមូលដ្ឋានចុះទៅបង្ក្រាបឬចាប់អប់រំណែនាំអ្វីឡើយ ។ អាណាព្យាបាលរឿងឪពុកម្ដាយមិនហ៊ានមើលមុខកូននោះទេ ព្រោះខ្លាចពួកគេប្រើអំពើហិង្សាមកលើខ្លួន ។ អ្នកលក់ដូរថ្នាំញៀនបានប្រព្រឹត្តទៅចំហរប្រៀបដូចជាការលក់បន្លែបង្កានៅតាមផ្សារយ៉ាងដូច្នោះដែរ។

បញ្ហានេះធ្វើឲ្យសង្គមធ្លាក់ចុះគួរឱ្យកត់សម្គាល់។ឪពុកម្ដាយមិនហ៊ានមើលមុខកូនបើទោះបីជាឃើញពួកគេកំពុងអង្គុយជក់ថ្នាំញៀនទាំងហ្វូងក៏ដោយ ។ក្មេងៗអាយុច្រើនជាង 10ឆ្នាំបន្តិចបន្តួចប្រមូលផ្ដុំគ្នាបីទៅប្រាំនាក់អង្គុយជក់ថ្នាំញៀនក្នុងចំការរបស់អ្នកភូមិហើយម្ចាស់ចម្ការបានត្រឹមតែអង្វរពួកគេឲ្យចាកចេញពីទីតាំងរបស់ខ្លួនតែប៉ុណ្ណោះ ។ រីឯឪពុកម្ដាយរឿងអាណាព្យាបាលរបស់ពួកក្មេងៗនោះមិនហ៊ានសូម្បីតែមើលមុខកូនរបស់ខ្លួននោះផង ។ពួកគាត់ធ្លាប់ស្វែងរកការអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋានថ្នាក់ឃុំអោយជួយបំបាត់ឫសគល់នៃបញ្ហានេះដែរ ប៉ុន្តែទាំងមេឃុំ និងមេប៉ុស្តិ៍មិនបានដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋនៅឡើយ។

រឿងគ្រឿងញៀនអាចរីករាលដាលលើគ្រប់ទីជនបទក្នុងកម្ពុជាគឺត្រូវបានថ្នាក់ដឹកនាំជ្រួតជ្រាបអស់ហើយដែរ ប៉ុន្តែវិធានការបង្រ្កាបហាក់មិនមានប្រសិទ្ធភាពនិងគ្រប់ទីកន្លែងនៅឡើយ ។ គេនិយាយថាការបង្ក្រាបគ្រឿងញៀនធ្វើឡើងដោយដុំដោយកន្លែងនិងមានបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ទៀតផង ។អាជ្ញាធរក្នុងមូលដ្ឋានខ្លះជួនកាលខ្លាចពួកក្មេងប្រើប្រាស់គ្រឿងញៀននោះទៀតផង ។ ដូច្នេះវាជាឱកាសសម្រាប់ឲ្យពួកក្មេងៗប្រើប្រាស់គ្រឿងញៀនទាំងនោះកាន់តែបានដៃក្នុងការប្រព្រឹត្តអំពើខុសច្បាប់ ។

អជ្ញាធរមានសមត្ថកិច្ចគួរចាត់វិធានការតឹងរឹងប្រកបដោយប្រសិទ្ធភាពមិនយល់មុខចំពោះអ្នកជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ជនបទ ។ ការបង្ក្រាបត្រូវធ្វើទៅលើអ្នកប្រើប្រាស់និងអ្នកជួញដូរបើមិនដូច្នោះទេវិធានការទាំងឡាយមិនមានប្រសិទ្ធភាពនោះឡើយ ។ បច្ចុប្បន្ននេះគ្រឿងញៀនហាក់ដូចជាកំពុងត្រូវបានរីករាលដាលកាន់តែខ្លាំងឡើងតាំងពីទីក្រុងរហូតដល់ទីជនបទរហូតដល់ទីជនបទដាច់ស្រយាល ។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវមានវិធានការជាក់លាក់ដល់មូលដ្ឋានជនបទ មិនថា វាលស្រែឬទីភ្នំត្រូវប្រាកដថាគ្រឿងញៀនត្រូវបានបង្រ្កាបគ្រប់ទីកន្លែង។

អាណាព្យាបាលមាតាបិតាកំពុងរស់នៅក្នុងសេចក្តីបារម្ភ។ បារម្ភនឹងអនាគតកូនដែលមិនច្បាស់លាស់ពោលគឺពួកពួកគេបានប្រព្រឹត្តអំពើខុសឆ្គងតាំងពីនៅក្មេងមានន័យថា ជាទំពាំងស្អុយដែលអាជ្ញាធរថ្នាក់ក្រោមជាតិក៏ដូចជាថ្នាក់ជាតិត្រូវប្រឹងប្រែងការពារពន្លកទំពាំងនេះឲ្យបានល្អប្រសើរ។បើមិនដូច្នោះទេទំពាំងស្អុយដែលមិនអាចស្នងឫស្សីបាននាពេលអនាគតនោះឡើយ ។ អាជ្ញាធរថ្នាក់ជាតិត្រូវដាក់វិធានការតឹងរ៉ឹងបំផុតចំពោះអាជ្ញាធរមូលដ្ឋានក្នុងភាពប្រាកដប្រជាថាមូលដ្ឋានរបស់ខ្លួនគ្មានការជួញដូរនិងប្រើប្រាស់គ្រឿងញៀននោះទេ៕

 

 

 

Loading...