វិចារណកថា៖ វប្បធម៌សន្ទនានិយាយគ្នារឿងតម្លៃប្រេងម្តងមើល!

គណបក្សដែលមានអាសនៈក្នុងរដ្ឋសភាទាំងពីរបានបង្កើតរបត់នយោបាយថ្មី ដែលគេហៅថា វប្បធម៌សន្ទនា ។ ទោះ​ក្នុងបរិបថណាក៏ដោយ វប្បធម៌សន្ទនាត្រូវគេគិតថា ធ្វើឡើងក្នុងបុព្វហេតុ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។ បើ​យ៉ាងដូច្នេះ តើគួរនិយាយអំពីបញ្ហាតម្លៃប្រេងសាំង ដែលកំពុងមានតម្លៃខ្ពស់ បើប្រៀបធៀបទៅនឹងតម្លៃទីផ្សារអន្តរជាតិដែរឬទេ?

គណបក្សសង្គ្រោះជាតិ​ត្រូវគេមើលឃើញថា ហាក់ដូចកំពុងស្ងាត់ស្ងៀមក្រោមបរិបថនៃវប្បធម៌សន្ទនា ។ ការស្ងៀម​មិនស្រដី​របស់គណបក្សសង្គ្រោះជាតិធ្វើឲ្យអ្នកគាំទ្រ គណបក្សនេះហាក់ដូចជាមានមន្ទិលសង្ស័យ ។ គេតែងនិយាយអំពី​ផលប្រយោជន៍ប្រជាពលរដ្ឋ ចុះហេតុអ្វី មិនព្រមនិយាយអំពីបញ្ហាខាងលើនេះទៅ ឬមួយថា គណបក្សកាន់អំណាច​បាន​គិតគូរហើយ? យ៉ាងណាក៏ដោយ ការជួយជំរុញល្បឿនអំពីបញ្ហាប្រេងឥន្ធនៈឲ្យប្រញាប់ចុះថ្លៃ គឺជារឿងដ៏សំខាន់ ។

វប្បធម៌សន្ទនា គួរតែពង្រីកវិសាលភាពឲ្យបានទូលំទូលាយ ដោយការចាប់ផ្តើមអង្គុយជជែកគ្នាគ្រប់ទិដ្ឋភាពសង្គម រាប់​ចាប់តាំងពីបញ្ហាតម្លៃប្រេងឥន្ធនៈដែលប្រជាពលរដ្ឋយល់ថាកំពុងឡើងថ្លៃខ្ពស់ ។ បើប្រៀបធៀបទៅនឹងបណ្តាប្រទេស​ជិតខាងដែលជាប្រភពនាំចូលប្រេងពីកន្លែងតែមួយជាមួយនឹងកម្ពុជាដែរនោះ គេសង្កេតឃើញថា តម្លៃប្រេងឥន្ធនៈនៅ​ក្នុងប្រទេសកម្ពុជាខ្ពស់ជាងបណ្តាប្រទេសជិតខាង ។ បញ្ហានេះមិនមែនគណបក្សសង្គ្រោះជាតិមិនដឹងនោះទេ ។ ប៉ុន្តែ​ហេតុអ្វីមិនលើកយកប្រធានបទនេះទៅសន្ទនា ជាមួយគណបក្សកាន់អំណាចក្នុងបុព្វហេតុផលប្រយោជន៍ប្រជាជនទៅ?

គណបក្សប្រឆាំង ឬគកណបក្សសង្គ្រោះជាតិហាក់ដូចជាបានបំភ្លេចដោយខ្លួនឯងអំពីបញ្ហាដែលខ្លួនបាននិយាយ? មិនចាំខ្លួនឯង ឬជាការបំភ្លេចនូវការសន្យានោះ ធ្វើជាបំភ្លេច? ក្នុងបរិបទនេះ ពលរដ្ឋអ្នកបោះឆ្នោតយល់ឃើញថា គណបក្ស​សង្គ្រោះជាតិហាក់ដូចជាកំពុងគេចវេះពីអ្វីដែលខ្លួនបានសន្យាជាមួយម្ចាស់ឆ្នោត? ផ្លូវជាតិលេខ៤ដែលត្រូវបាន​ផ្តល់​សិទ្ធិឲ្យក្រុមហ៊ុន AZ កើបប្រមូលយកលុយទាំងបាវៗ ក៏មិនឃើញគណបក្សសង្គ្រោះជាតិហែកកកាយយកមក​និយាយ​ក្នុងគោលដៅដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋដែរ? ឬមួយគណបក្សសង្គ្រោះជាតិបានទទួលផល​ប្រយោជន៍ ពីលុយ​ដែល​កើបប្រមូល​លើកំណាត់ផ្លូវជាតិលេខ៤នេះដែរ?

វប្បធម៌សន្ទនាបានបង្កើតឡើងក្នុងបុព្វហេតុបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ។ ការជជែកគ្នាអំពីបញ្ហានេះវាជាការ​ឆ្លុះ​បញ្ចាំងឲ្យឃើញថា គណបក្សទាំងពីរកំពុងដើរលើផ្លូវនៃអ្វីដែលខ្លួនបានសន្យា គឺការសន្ទនាគ្នា ដោះស្រាយបញ្ហា​ដោយ​សន្តិវិធី ។ ដោយសន្តិវិធីហើយបម្រើផលប្រយោជន៍ប្រជាពលរដ្ឋទៀត វាពិតជាគួរឲ្យមោទនភាពណាស់ ។ ប៉ុន្តែឥឡូវ​នេះ វប្បធម៌សន្ទនា ហាក់ដូចជាកំពុងស្ថិតនៅក្នុង​ផ្លូវ​ប្រទាញប្រទង់មួយដែលគេមើលឃើញថា អាចនឹងដល់ចំណុច​បំបែក ៕

 

fuel-prices_eli-meixler

Loading...

Leave a Reply

Your email address will not be published. Required fields are marked *