វិធីពាក់ម៉ាស់ ការពារ​វីរុស​កូវីដ១៩ និង​មេរោគ​ផ្សេងៗ​ទៀត​ឲ្យ​បាន​ត្រឹម​ត្រូវ

ភ្នំពេញ៖ អំឡុង​ពេល​វីរុសកូវីដ១៩ កំពុង​រាត​ត្បាត​ពិភពលោក​កាន់​តែ​ខ្លាំង បណ្តា​ពលរដ្ឋ​ជាច្រើន បាន​ព្យាយាម​ការ​ពារ​ខ្លួន ដោយ​ពាក់​ម៉ាស់ អំឡុង​ពេល​ចេញ​ទៅ​ទីសាធារណៈ ឬ​កន្លែង​មាន​មនុស្ស​ច្រើន ពិសេស​អំឡុង​ពេល​ធ្វើ​ដំណើរ។

យ៉ាង​ណា យើង​សង្កេត​ឃើញ​ថា បងប្អូន​មាន​ចំពោះ​ដែល​ពាក់​ម៉ាស់ ដើម្បី​ការពារ​វីរុស​កូវីដ១៩ នៅ​តែ​ប្រើប្រាស់​ដោយ​ខុស​ឆ្គង និង​អាច​បង្ក​ឲ្យ​វីរុស​ឆ្លង​ចូល​រាង​កាយ​យើង​បាន បើ​ទោះ​ជា​ពាក់​ម៉ាស់​គ្រប់​ពេល​ក្តី។ ហេតុ​នេះ យើងណែនាំពីវិធីពាក់ម៉ាស់ ការពារ​វីរុស​កូវីដ១៩ និង​មេរោគ​ផ្សេងៗ​ទៀត​ឲ្យ​បាន​ត្រឹម​ត្រូវ។

១- លាងដៃ​ជាមួយ​សប៊ូ និង​ទឹក ឬទឹកអាល់​កុល មុន​ពេល​យក​ម៉ាស់​មិន​ពាក់​លើ​មុខ។

២- ពេល​យក​ម៉ាស់​ចេញ​ពី​ប្រអប់ ត្រូវ​ប្រាកដ​ថា​មិនមាន​សារធាតុ​រាវ ឬមាន​រន្ធ​ប្រហោង​ណា​មួយ​នៅ​ផ្នែក​ម្ខាងនៃ​ម៉ាស់​នោះ​ទេ។

៣- កំណត់​ផ្នែក​ម្ខាង​នៃ​ម៉ាស់ មាន​ឆ្អឹង​ដែក​អាច​ពត់​បាន គឺ​ជា​ផ្នែក​ខាង​លើ​របស់​ម៉ាស់ មាន​ន័យ​ថា យើង​អាច​ពត់​ឲ្យ​ត្រូវ​នឹង​ទម្រង់​ច្រមុះ​យើង។

៤- កំណត់​ផ្នែក​ខាង​មុខ​របស់​ម៉ាស់ ដោយ​សម្គាល់​ពណ៌​នៃ​ម៉ាស់ (ពណ៌​ខៀវ) ឬ​មាន​អក្សរ​បញ្ជាក់​ម៉ាកយីហោ គឺ​ជា​ផ្នែក​ខាង​មុខ​នៃ​ម៉ាស់ ខណៈ​ផ្នែក​ដែល​ខាង​ក្នុង​ពាក់​ភ្ជាប់​នឹង​ស្បែក​មុខ​របស់​យើង គឺ​ជា​ទូទៅ​មាន​ពណ៌​ស ឬ​ខៀវ​ស្រាលៗ (សម្រាប់​ម៉ាស់​ទូទៅ​មាន​ពណ៌​ខៀវ ខណៈ​ម៉ាស់​ពណ៌​ខ្មៅ ឬ​ស ត្រូវ​សម្គាល់​លើ​អក្សរ​ម៉ាកយីហោ​របស់ម៉ាស់)។

៥- ពេល​លើក​ម៉ាស់​មក​ពាក់ ត្រូវ​គ្រប​ឲ្យ​ជិត​មាត់ ​ច្រមុះ និង​គ្រប​ដល់​ក្រោម​ចង្កា ហើយ​ត្រូវ​ប្រាកដ​ថា មិន​មាន​ប្រហោង​រវាង​មុខ និង​ម៉ាស់​ឡើយ។

៦- ពេល​កំពុង​ពាក់​ជាប់​ផ្ទៃ​មុខ ដាច់​ខាត​កុំ​យក​ដៃ​ប៉ះ​ផ្ទៃ​ខាង​ក្រៅ​នៃ​ម៉ាស់​ឲ្យ​សោះ។ បើ​មាន​ប៉ះ​ពាល់​ផ្ទៃ​ខាង​ក្រៅ​របស់​ម៉ាស់ ត្រូវ​ប្រញាប់​លាង​ដៃ​ជាមួយទឹក​អាល់កុល ឬ​សប៊ូ​ និង​ទឹកឲ្យ​បាន​ឆាប់។

៧- យក​ម៉ាស់​ថ្មី​មក​ប្រើ​ភ្លាម នៅ​មាន​ម៉ាស់​លើ​មុខ​មាន​សភា​សើម ហើយ​កុំ​ប្រើម៉ាស់​ប្រើរួច​ម្តង​ទៀត​ឲ្យ​សោះ។

៨- ពេល​ដោះ​ម៉ាស់​ចេញ ត្រូវ​កាន់​ខ្សែ​ម៉ាស់​នៅ​ក្រោយ​​ត្រចៀក ឬ​ប៉ះ​ផ្ទៃ​ខាង​ក្នុង​ម៉ាស់ ដើម្បី​ដោះ​ចេញ កុំ​ប៉ះពាល់​ជាមួយ​ផ្ទៃ​ខាង​ក្រៅ​​ម៉ាស់​ឲ្យ​សោះ។ បើ​មាន​ប៉ះពាល់ផ្ទៃខាង​ក្រៅ​នៃ​ម៉ាស់ ត្រូវ​ប្រញាប់​លាងដៃ​ជាមួយ​ទឹក​អាល់កុល ឬសប៊ូ និង​ទឹក​ភ្លាម។

៩- ម៉ាស់​ប្រើ​រួច ត្រូវ​បោះ​ចោល​ក្នុង​ធុង​សំរាមភ្លាម បន្ទាប់​មក​លាង​ដៃ​ជាមួយ​ជាតិ​អាល់កុល ឬ​សប៊ូ និង​ទឹក​ឲ្យ​បាន​លឿន​បំផុត មុន​ប្រើ​ដៃ​ប៉ះពាល់​ផ្ទៃ​មុខ ឬ​ញ៉ាំអាហារ៕

Loading...