វិបត្តិវេណេហ្ស៊ុយអេឡា៖ ទាហានប្រហែល ១០០០នាក់ រត់ចោលជួរ

មកដល់ពេលនេះ កម្លាំងទាហានប្រទេសវេណេហ្ស៊ុយអេឡា ប្រហែល១០០០នាក់ បានរត់ចោលជួរ ឆ្លងដែនជាមួយក្រុមគ្រួសារ ទៅកាន់ប្រទេសកូឡុំប៊ី ដែលនៅជាប់របងគ្នា ។

សារព័ត៌មាន AP បានផ្សាយកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ថា ក្រសួងការបរទេសកូឡុំប៊ី បានចេញផ្សាយរបាយការណ៍ចុងក្រោយបញ្ជាក់ថា តាំងពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ មកទល់នឹងបច្ចុប្បន្ននេះ កម្លាំងទាហាន ប៉ូលិស រដ្ឋាភិបាលវេណេហ្ស៊ុយអេឡា ប្រហែល១០០០ពាន់នាក់ បានបោះបង់អាវុធ ឯកសណ្ឋាន រួចនាំប្រព័ន្ធកូន រត់ឆ្លងដែន មកកាន់ប្រទេសកូឡុំប៊ី ។

ប្រភពបានបញ្ជាក់ថា នៅពេលនេះ ក្រុមអ្នករត់ចោលជួរទាំងនោះ អមដោយក្រុមគ្រួសារផងដែរ កំពុងត្រូវបានគាំពារសុខភាព របបអាហារ និងជំនួយផ្លូវច្បាប់ផងដែរ នៅក្នុងប្រទេសកូឡុំប៊ី ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ មេបក្សប្រឆាំងក្នុងប្រទេសវេណេហ្ស៊ុយអេឡា Juan Guaido បានប្រកាសតាំងខ្លួនឯងជាប្រធានាធិបតីបណ្តោះអាសន្ន ច្រានចោលលទ្ធផលបោះឆ្នោតរបស់រដ្ឋាភិបាលលោកប្រធានាធិបតី Nicolas Maduro ដោយសំអាងថា ការបោះឆ្នោតកាលពីឆ្នាំ២០១៨នោះពោរពេញដោយភាពមិនប្រក្រតី កេងបន្លំ និងខុសច្បាប់ ។

សហរដ្ឋអាមេរិកបានប្រកាសគាំទ្រ លោក Guaido រួមជាមួយប្រទេសដទៃផ្សេងទៀតចំនួនជិត៥០ប្រទេស និងបានប្រកាសផ្តល់ជំនួយ មនុស្សធម៌ ដល់ពលរដ្ឋវេណេហ្ស៊ុយអេឡា តាមការអំពាវនាវរបស់មេបក្សប្រឆាំងរូបនេះ។

ស្ថានការណ៍នយោបាយនៅក្នុងប្រទេសសម្បូរធនធានប្រេងតំបន់អាមេរិក-ឡាតីនមួយនេះ កំពុងតែផុយស្រួយបំផុត អូសបន្លាយពេលយូរថ្ងៃ យូរខែមកហើយ មិនទាន់រកច្រកដោះស្រាយណាមួយឃើញនៅឡើយ រវាងរដ្ឋាភិបាល និងក្រុមប្រឆាំង វេណេហ្ស៊ុយអេឡានោះ ។ លោក Maduro ចាត់ទុកសកម្មភាពរបស់លោក Guaido ដែលមានអាមេរិកនៅពីក្រោយខ្នងនេះ ជាការប៉ុនប៉ងរដ្ឋប្រហាររដ្ឋាភិបាលស្របច្បាប់របស់លោកយ៉ាងច្បាស់ក្រឡែត ហើយប្តេជ្ញាការពារឆន្ទៈពលរដ្ឋរហូតដល់ដង្ហើមចុងក្រោយ ។

លោក Guaido វិញបានទាមទារឲ្យលោក Maduroចុះចេញពីតំណែង រំលាយរដ្ឋាភិបាលមិនស្របច្បាប់នោះចោល ហើយរៀបចំការបោះឆ្នោតជាថ្មីឡើងវិញ ប្រកបដោយសេរី និងយុត្តិធម៌ គ្មានការគំរាមកំហែង ។ មេបក្សប្រឆាំងរូបនេះ បានអំពាវនាវកងកម្លាំងទាហានគាំទ្រសកម្មភាពរបស់ខ្លួនផងដែរ ។

ការប៉ះទង្គិចបានកើតឡើងជាបន្តបន្ទាប់រវាងក្រុមប្រឆាំង នឹងក្រុមគាំទ្ររដ្ឋាភិបាលបណ្តាលឲ្យស្លាប់ និងរងរបួសមនុស្សជាបន្តបន្ទាប់ ព្រមទាំងខូចខាតទ្រព្យ សម្បត្តិសាធារណៈ ធ្វើឲ្យសេដ្ឋកិច្ចប្រទេសជាតិធ្លាក់ដុនដាប ប្រជាជនរស់នៅក្រោមការភ័យខ្លាច ៕

 

Loading...