វិភាគ៖ អាជ្ញាធរក្រុងភ្នំពេញកំពុងធ្វើអ្វីខ្លះ?

រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកប៉ា សុជាតិវង្ស ត្រូវគេមើលឃើញថា កំពុងដើរថយក្រោយទាំងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ ។ ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញមើលមិនឃើញអំពីចំណុចខ្សោយរបស់ខ្លួននោះទេ ។ អ្វីដែលជាកត្តាសំខាន់ គឺបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ ដែលថ្នាក់ដឹកនាំត្រូវប្រើទស្សនៈវែងឆ្ងាយដោះស្រាយបញ្ហាប្រឈមទាំងនេះ ។ សម្រាប់លោកប៉ា សុជាតិវង្ស ក្រៅពីគ្មានទស្សនៈវែងឆ្ងាយ គឺទុកឲ្យបញ្ហាកើតឡើងតាមដំណើរ ទើបដោះស្រាយ ។ ស្ថិតក្នុងស្ថានភាពបែបនេះ ធ្វើឲ្យរាជធានីភ្នំពេញត្រូវចាក់ស្រេះញាំញីដោយបញ្ហាគ្រប់ជំពូក ជាពិសេសបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ ។

ដដែលជាដដែល លោកអភិបាលរាជធានីភ្នំពេញប្រកាសរំដោះចិញ្ចើមថ្នល់ចេញពីឈ្មួញលក់ដូរ ដែលរកស៊ីមួយថ្ងៃ រស់មួយថ្ងៃ ។ សម្រាប់ប្រជាពលរដ្ឋមើលឃើញថា ចំណតរថយន្តក្រុងមួយចំនួនធំ ដែលយកចិញ្ចើមផ្លូវរកស៊ីមានបាន, ម្ចាស់ភោជនីយដ្ឋានភាគច្រើនយកចិញ្ចើមផ្លូវជាចំណតសម្រាប់អតិថិជនរបស់ខ្លួន មិនឃើញអាជ្ញាធរក្រុងរបស់លោកប៉ា សុជាតិវង្ស ចាត់វិធានការឡើយ ។ បញ្ហានេះមិនមែនប្រជាពលរដ្ឋមិនដឹងអាថ៌កំបាំងរវាងសាលារាជធានី នឹងម្ចាស់ក្រុមហ៊ុនរថយន្តក្រុងនោះទេ ។ ដូច្នេះ បើចង់បោសសំរាម គួរបោសពីថ្នាក់លើមកមុន នោះទើបប្រជាពលរដ្ឋក្រីក្រអនុវត្តតាមក្រោយ ។
បញ្ហាសន្តិសុខក៏កំពុងតែចោទនៅក្នុងទីក្រុងនេះដែរ ។ ប្រជាពលរដ្ឋរស់នៅទាំងភ័យខ្លាច ខ្លះមិនហ៊ានធ្វើដំណើរពេលយប់ ឬបង្ខំចិត្តឈប់ធ្វើការពេលយប់ ព្រោះតែខ្លាចចោរប្លន់ម៉ូតូ ។ ការរីករាលដាលនៃគ្រឿងញៀនកំពុងក្លាយជាកង្វល់ទូទៅរបស់ប្រជាពលរដ្ឋ ដែលមិនតែប៉ុណ្ណោះ សូម្បីតែសមត្ថកិច្ចខ្លះ ក៏ជាអ្នកញៀនគ្រឿងញៀនទៅហើយដែរ ។ ប្រជាពលរដ្ឋមិនហ៊ានសន្និដ្ឋានថា សមត្ថកិច្ចខ្លះមានពាក់ព័ន្ធជំនួញគ្រឿងញៀននោះទេ ប៉ុន្តែគេកកត់សម្គាល់ឃើញថា អ្នកជួញគ្រឿងញៀន ភាគច្រើនតែងតែចេះប្រើប្រាស់គ្រឿងញៀន ។ យូរឆ្នាំមកហើយ គ្រាន់តែការបង្ក្រាបទីតាំងជក់ និងចែកចាយគ្រឿងញៀននៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ អាជ្ញាធរប្រដាប់អាវុធ មិនអាចបោសសម្អាតបាន ។ ការដែលមិនអាចបោសសម្អាតបានោះ ព្រោះតែអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការមិនចំគោលដៅ ។ ចង់បោសសម្អាតអ្នកប្រើប្រាស់គ្រឿងញៀននៅតំបន់នោះ គួរតែរកឫសគល់នៃការជួញដូរគ្រឿងញៀននៅតំបន់នោះសិន។ ប្រជាពលរដ្ឋសង្ស័យថា អ្នកជួញដូរគ្រឿងញៀននៅតំបន់ត្រពាំងឈូក មុខពេទ្យលោកសង្ឃមានពាក់ព័ន្ធជាមួយសមត្ថកិច្ច ។

បញ្ហាខ្សែភ្លើងដ៏រញ៉េរញ៉ៃបង្កឲ្យមានអគ្គិភ័យជាញឹកញាប់នោះ ក៏សាលារាជធានីភ្នំពេញមិនទាន់លើកវិធានការជាក់លាក់ដើម្បីដោះស្រាយដែរ ។ បញ្ហាដែលងាកឆេះៗ គឺដោយសារតែខ្សែភ្លើងដ៏រញ៉េរញ៉ៃហើយមិនត្រូវបានដោះស្រាយឲ្យជ្រះស្រឡះ និងលឿនរហ័សនោះឯង ។ ការបន្តទុកឲ្យខ្សែភ្លើង ខ្សែកាប នៅរញ៉េរញ៉ៃ វានឹងបង្កឲ្យមានហានិភ័យខ្ពស់ សម្រាប់រាជធានីភ្នំពេញនៃយើង ។

ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ជីកលូធ្វើផ្លូវ ជីកផ្លូវដាក់លូ នៅតែជាបញ្ហាដដែលជាដដែល រាប់ខែរាប់ឆ្នាំដោះមិនចេញ។ វាមិនត្រឹមតែបង្កឲ្យមានការកកស្ទះប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យប្រជាពលរដ្ឋធុញទ្រាន់ទៀតផង ។ ការដ្ឋានផ្លូវខ្លះជីកហើយទុកចោលមិនព្រមធ្វើឲ្យរួចរាល់ បង្កឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ ប៉ះពាល់ដល់ការប្រកបអាជីវកម្មប្រចាំថ្ងៃរបស់ពួកគាត់ ។ វាជាបញ្ហាដែលអាជ្ញាធរគិតថា តូចតាច ប៉ុន្តែប៉ះពាល់ដល់ទំហំនៃការរកស៊ី និងទឹកចិត្តរបស់ប្រជាពលរដ្ឋ ។

និយាយរួមទៅ គេពិបាកសម្លឹងរកឲ្យឃើញចំណុចវិជ្ជមាននៃការដឹកនាំរបស់សាលារាជធានីភ្នំពេញសព្វថ្ងៃនេះណាស់ ។ ដោយមិននិយាយអំពីបញ្ហានយោបាយ ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ កំពុងញាំញីទីក្រុងដ៏កំប៉ាក់កំពុកមួយនេះ ។ នោះគឺដោយសារតែអ្នកដឹកនាំខ្សោយ គិតតែពីប្រយោជន៍ផ្ទាល់ខ្លួននេះឯង ៕

16850424055_bf6aa4f901_o

Loading...

Leave a Reply

Your email address will not be published. Required fields are marked *