វិវាទសម្បទានដីសេដ្ឋកិច្ចដំណាំអំពៅ៖ គណៈប្រតិភូសហគមន៍អ៊ឺរ៉ុបជួបជាមួយរដ្ឋមន្ត្រីក្រសួងដែនដី

ភ្នំពេញៈ គណៈប្រតិភូក្រុមបេសកកម្មនៃសហគមន៍អ៊ឺរ៉ុបដឹកនាំដោយលោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានជួបពិភាក្សាជាមួយលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អំពីវឌ្ឍនភាពនៃការដោះស្រាយវិវាទសម្បទានដីសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញកាលពីល្ងាចថ្ងៃ១៩ ខែមករា ឆ្នាំ២០១៨។

នៅក្នុងជំនួបលោកទេសរដ្ឋមន្ត្រី បានជម្រាបគណៈប្រតិភូអំពីលទ្ធផលដែលក្រុមការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានខិតខំប្រឹងប្រែងក្នុងរយៈកាល ៤ខែកន្លងមកនេះ ក្នុងការចុះដោះស្រាយវិវាទសម្បទានដីសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញនៅក្នុងខេត្តកោះកុង កំពង់ស្ពឺ និងព្រះវិហារ និងការប្រគល់ភារកិច្ចជូនអាជ្ញារធរខេត្តឧត្តរមានជ័យដោះស្រាយករណីខាងលើតាមយន្តការនៃការផ្តល់សម្បទានដីសង្គមកិច្ច ។

ជាមួយគ្នានេះ លោក Nikolaos Zaimis ទីប្រឹក្សានៃអគ្គនាយកដ្ឋានពាណិជ្ជកម្មរបស់សហគមន៍អ៊ឺរ៉ុបបានស្នើឲ្យក្រុមការងារដោះស្រាយវិវាទដឹកនាំដោយលោកទេសរដ្ឋមន្ត្រី នៅចំណុចមួយចំនួនរួមមានៈ ១. រៀបចំដាក់បញ្ចូលករណីវិវាទទាំងអស់ រួមទាំងវិវាទដែលម្ចាស់បណ្តឹងបានទទួលសំណងរួច ក្នុងបញ្ជីដោះស្រាយរួមគ្នាក្នុងពេលតែមួយ ដើម្បីចៀសវាងការតវ៉ាមិនទទួលបានសំណងស្មើគ្នារបស់ម្ចាស់បណ្តឹងដែលបានទទួលសំណងរួចពីក្រុមហ៊ុនដែលអាចបណ្តាលឲ្យការដោះស្រាយវិវាទមិនអាចឈានដល់ទីបញ្ចប់។ ២. ស្នើប្រើប្រាស់យន្តការដោះស្រាយវិវាទសម្បទានដីសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញសម្រាប់ខេត្តឧត្តរមានជ័យដូចខេត្តទាំង៣ទៀតដែរ។ ៣. ស្នើឲ្យមានការចូលរួមដោះស្រាយវិវាទពីបណ្តាអង្គការសង្គមស៊ីវិល និងស្ថាប័នផ្សេងៗដែលមានចំណាប់អារម្មណ៍ និង៤. ស្នើសុំរបាយការណ៍លម្អិតស្តីអំពីដំណើរការដោះស្រាយវិវាទនៃខេត្តទាំង៣ ។

ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ដើម្បីទទួលបានប្រសិទ្ធភាពនៃការដោះស្រាយវិវាទនេះ ក្រុមការងារនឹងធ្វើការដោះស្រាយវិវាទដែលផ្តោតទៅលើបណ្តឹងដែលមិនទាន់ទទួលបានសំណងពីក្រុមហ៊ុនរួចឲ្យបានរួចរាល់ជាមុនសិនទើបត្រលប់ទទួលពិនិត្យបណ្តឹងដែលបានទទួលសំណងរួច មានន័យថា ក្រុមការងារធានានឹងដោះស្រាយវិវាទសម្បទានដីសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញនេះឲ្យបានចប់ជាស្ថាពរ ។ សម្រាប់វិវាទសម្បទានដីសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញក្នុងខេត្តឧត្តរមានជ័យ ដោយសារក្រុមហ៊ុនទទួលបានសិទ្ធិ បានប្រគល់ដីសម្បទានសេដ្ឋកិច្ចជូនរាជរដ្ឋាភិបាលរួច ដូចនេះ ត្រូវប្រគល់ភារកិច្ចជូនអាជ្ញាធរខេត្តដោះស្រាយតាមរយៈការផ្តល់សម្បទានដីសង្គមកិច្ច និងស្នើស្ថានទូតបញ្ជូនករណីវិវាទទាំងអស់ដែលបានដាក់ជូនស្ថានទូត មកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលជាស្ថាប័នមានសមត្ថកិច្ច ។

លោកទេសរដ្ឋមន្ត្រី បានបន្តថា ក្រសួងតែងតែបើកទូលាយសម្រាប់បណ្តាអង្គការសង្គមស៊ីវិលទាំងអស់ ចូលរួមសហការដើម្បីដោះស្រាយវិវាទជាមួយក្រសួង ដោយត្រូវដាក់ពាក្យស្នើសុំចូលរួម និងត្រូវសហការចូលរួមដោយសកម្មជាមួយក្រុមការងាររហូតដល់ទីបញ្ចប់ ។ លើសពីនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នឹងផ្សព្វផ្សាយរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទសម្បទានដីសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករសនាំចេញជាភាសាអន្តរជាតិដើម្បីជូនសាធារណៈជនជ្រាបជាព័ត៌មាន នៅសប្តាហ៍ក្រោយនេះ ៕

Loading...