វីដេអូ និង​ព័ត៌មាន​លម្អិត ពី​ការ​បាញ់​រះ​ឆក់​យក​ជីវិត១២​នាក់​នៅ​ប៉ារីស

ហេតុការណ៍​ដ៏​កក្រើក​ពេញ​ប្រទេស​បារាំង បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ខណៈ​ខ្មាន់​កាំ​ភ្លើង​ស្លៀកពាក់​ខ្មៅ​បិទ​មុខ​មួយ​ក្រុម បាន​សម្រុក​ចូល​ទៅ​បាញ់​រះ​នៅ​ទីស្នាក់ការ​​ទស្សនាវដ្ដី​ដ៏​ល្បី​ឈ្មោះ​មួយ​ក្នុង​ក្រុង​ប៉ារីស បណ្ដាល​ឲ្យ​មនុស្ស ១២​នាក់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង។

France Newspaper Attack

ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង ១២​នាក់ មាន ៨​នាក់​ជា​អ្នក​សារព័ត៌មាន និង​មន្ត្រី​ប៉ូលិស ២​នាក់ ហើយ​​ក្នុង​នោះ​បូក​រួម​ទាំង​លោក ​Stephane Charbonnier ដែល​ជា​និពន្ធ​នាយក​​​របស់​ទស្សនាវដ្ដី Charlie​ Hebdo ផង​ដែរ។ ចំណែក ២នាក់​ទៀត ប្រភព​មិន​ទាន់​បង្ហាញ​អត្តសញ្ញាណ​នៅ​ឡើយ។

 ជន​រង​គ្រោះ​មួយ​ចំនួន​ដែល​ត្រូវ​គេ​បង្ហាញ​អត្តសញ្ញាណ
ជន​រង​គ្រោះ​មួយ​ចំនួន​ដែល​ត្រូវ​គេ​បង្ហាញ​អត្តសញ្ញាណ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង លោក Bernard Cazeneuve បាន​និយាយ​ថា សន្តិសុខ​កំពុង​រឹត​បន្តឹង​ពេញ​ប្រទេស​បារាំង ដើម្បី​តាម​ប្រមាញ់​ជនសង្ស័យ​ទាំង​បី​នាក់ ដែល​ប៉ូលិស​កំណត់​អត្តសញ្ញាណ​បាន​ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​បាញ់​សម្លាប់​ដ៏​រង្គាល​នេះ។

ជន​សង្ស័យ​ទាំង ៣​នាក់​នោះ មាន​ពីរ​នាក់​ជា​បង​ប្អូន​នឹង​គ្នា ឈ្មោះ Said Kouachi និង Cherif Kouachi មាន​អាយុ​ខ្ទង់ ៣០​ឆ្នាំ។ ចំណែក​ឯ​ជន​សង្ស័យ​ទី៣ ឈ្មោះ Hamyd Mourad អាយុ​ទើប​តែ ១៨​ឆ្នាំ​ប៉ុណ្ណោះ។ បើ​តាម​របាយការណ៍ បាន​បញ្ជាក់​ថា ជន​សង្ស័យ​ទាំង​បី​នាក់​នេះ មាន​ជាប់​ទាក់ទង​នឹង​បណ្ដាញ​ភេរវកម្ម​នៅ​ប្រទេស​​យេមែន។

បើ​តាម​ការ​​ចុះ​ផ្សាយ​របស់ Channelnewsasia ​ប្រភព​ជិត​ស្និទ្ធ​នឹង​រឿង​ក្ដី​នេះ​បាន​បង្ហើប​ថា ជន​សង្ស័យ​អាយុ ១៨​ឆ្នាំ បាន​ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស​នៅ​ម៉ោង៦ ​ព្រឹក​មិញ (ម៉ោង​នៅ​សិង្ហបុរី) បន្ទាប់​ឃើញ​ឈ្មោះ​ខ្លួន​នៅ​លើ​បណ្ដាញ​សារព័ត៌មាន។ ចំណែក​ជន​សង្ស័យ​ពីរ​នាក់​បង​ប្អូន នៅ​កំពុង​គេច​ខ្លួន​នៅ​ឡើយ គិត​មក​ត្រឹម​ម៉ោង១០:៣០ ព្រឹក​នេះ។

ជន​ល្មើស​ ២នាក់​បង​ប្អូន​ដែល​កំពុង​គេច​ខ្លួន
ជន​ល្មើស​ ២នាក់​បង​ប្អូន​ដែល​កំពុង​គេច​ខ្លួន

ប្រធានាធិបតី​ប្រទេស​បារាំង លោក Francois Hollande បាន​ហៅ​ការ​បាញ់រះ​ដ៏​សហាវ​នេះ​ថា “ជា​ឃាតកម្ម​ដ៏​កំសាក” និង​បាន​ប្រកាស​កាន់​ទុក្ខ​ទូទាំង​ប្រទេស​មួយ​ថ្ងៃ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ លោក​បាន​និយាយ​ថា ប្រពៃណី​នៃ​ការ​បញ្ចេញ​មតិ​ក្នុង​ប្រទេស​បារាំង ត្រូវ​បាន​វាយប្រហារ ហើយ​បញ្ជាក់​ឲ្យ​ប្រជាជន​បារាំង​ក្រោក​ឈរ​ឡើង​ទប់ទល់​ទាំង​អស់​គ្នា។ លោក Hollande បាន​លើកឡើង​តាម​ទូរទស្សន៍​មួយ​នៅ​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ​ថា “អាវុធ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​យើង គឺ​សាមគ្គីភាព”។ ​

ចំពោះ​មូលហេតុ​នៃ​ការ​បាញ់​រះ​ដ៏​សាហាវ​ទៅ​លើ​ស្ថាប័ន​ព័ត៌មាន Charlie​ Hebdo គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។ យ៉ាង​ណា​ក្ដី បើ​តាម​ការ​ចុះ​ផ្សាយ​របស់ BBC បាន​បង្ហាញ​ថា ការ​បង្ហោះ​លើក​ចុង​ក្រោយ​នៅ​លើ​គណនី Twitter របស់ ​Charlie Hebdo គឺ​ជា​រូប​ត្លុក​នៃ​មេដឹកនាំ​ក្រុម​រដ្ឋ​ឥស្លាម​និយម​ជ្រុល Abu Bakr al-Baghdadi។ ទស្សនាវដ្ដី​នៅ​ប៉ារីស ដែល​ភាគ​ច្រើន​សរសេរ​រិះ​គន់​នេះ ត្រូវ​គេ​គិត​ថា ប្រហែល​ជា​អាច​ចុះ​ផ្សាយ​ប៉ះ​ពាល់​ទៅ​លើ​ក្រុម​រដ្ឋ​ឥស្លាម៕ ​

232

422

516

គួរ​ឲ្យ​ស្តាយ​! ​​ត្រី​ទម្ងន់​យក្ស​ដ៏​កម្រ​មួយ​​ក្បាល​ត្រូវ​អ្នក​​​ខេត្ត​ក្រចេះ​កាប់​ជា​កង់​ៗ

ប្រភព៖ sabay

Loading...

Leave a Reply

Your email address will not be published. Required fields are marked *