វីរបុរសបាល់ទាត់អាហ្សង់ទីនលោកម៉ារ៉ាដូណាទទួលមរណភាពក្នុងវ័យ៦០ឆ្នាំ

ប្រទេសអាហ្សង់ទីនបានធ្វើពិធីកាន់ទុក្ខថ្នាក់ជាតិរយៈពេល៣ថ្ងៃបានបន្ទាប់ពីវីរបុរសបាល់ទាត់ប្រទេសនេះគឺលោកឌីហ្គោ ម៉ារ៉ាដូណា (Diego Maradona ) បានទទួលមរណភាពកាលពីថ្ងៃពុធក្នុងអាយុ៦០ ឆ្នាំ។ សពរបស់គាត់នឹងតម្កល់នៅរដ្ឋ Casa Rosada ដែលកន្លែងប្រារព្ធពិធីរបស់រដ្ឋាភិបាលអាហ្សង់ទីនក្នុងកំឡុងពេលនោះ។ នេះបើយោងតាមសារព័ត៌មាន BBC Sport បានផ្សាយនៅព្រឹកថ្ងៃទី២៦ វិច្ឆិកា។

អតីតខ្សែបម្រើប្រយុទ្ធនិងអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះបានទទួលជោគជ័យក្នុងការវះកាត់លើកំណកឈាមខួរក្បាលកាលពីខែវិច្ឆិកា ហើយត្រូវបានទទួលការព្យាបាល ប៉ុន្តែដោយសារលោកពាក់ព័ន្ធនឹងការសេពគ្រឿងស្រវឹងធ្វើឲ្យជំងឺរបស់លោកធ្ងន់ធ្ងរ ព្យាបាលលែងជា។

ក្រោយទទួលមរណភាពរបស់លោកម៉ារ៉ាដូណា អ្នកចាត់ការក្លិបធំៗមួយចំនួន និងកីឡាករល្បីៗ ដែលធ្លាប់លេង និងស្គាល់លោកយ៉ាងច្បាស់បានបង្ហាញអារម្មណ៍ទុក្ខសោក និងសោកស្តាយ និងចងចាំពីកេរ្តិ៍ឈ្មោះរបស់លោកក្នុងពិភពបាល់ទាត់។

ជាមួយគ្នានោះកីឡាករល្បីៗដូចជា Messi, Ronaldo ជាដើមក៏បានបង្ហាញអារម្មណ៍សោកស្តាយតាមបណ្តាញសង្គមរបស់លោកផងដែរ ដោយបានយករូបរបស់លោក ម៉ារ៉ាដូណា មកបង្ហោះក្នុងផេកផ្ទាល់ខ្លួនផងដែរ។

ក្រៅពីលេងឲ្យជម្រើសជាតិអាហ្សង់ទីន លោកម៉ារ៉ាដូណាធ្លាប់បានលេងឱ្យក្លិបរួមទាំងក្រុម Barcelona និងNapoli គឺជាប្រធានក្រុមនៅពេលដែលលោករកបានគ្រាប់បាល់ដ៏អស្ចារ្យពេលប៉ះអង់គ្លេសក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ និងជួយអាហ្សង់ទីនឈ្នះការប្រកួត World Cup ឆ្នាំ១៩៨៦ ៕

Loading...