វីរុស COVID-19 គិតមកត្រឹមថ្ងៃទី​១៥ ខែមីនា ឆ្នាំ២០២០ អ្នកឆ្លងសរុប ១៥៦ ៤៣៩ នាក់, បាត់បង់ជីវិត ៥ ៨៣២ នាក់

យោងតាមការចេញផ្សាយរបស់ប្រភពប៊ីប៊ីស៊ី នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគេចផុតពីវីរុស​ COVID-19 ខណៈដែល​សេតវិមាន​ប្រកាស​ថា ការធ្វើរោគវិនិច្ឆ័យ​ តេស្តិ៍រកវីរុស​ចេញលទ្ធផលអវិជ្ជមាន ។ ក្នុងពេលដំណាលគ្នានេះដែរ ប្រទេស​បារាំង និងអេស្ប៉ាញ​ដែលជាប្រទេសធំ​ជាងគេ​នៅទ្វីបអឺរ៉ុប​នោះ បានប្រកាស​អាសន្ន​​ ហាមឃាត់​ការធ្វើចលនា​ដែល​មិនចាំបាច់​ ដើម្បី​ទប់ស្កាត់​ឆ្លងរាលដាល​នៃវីរុស ។

ប្រទេសចំនួន​២ដែលធំជាងគេ​នៅអឺរ៉ុប គឺបារាំង និង​អេស្ប៉ាញ បាន​ដើរតាមលំនាំ​ប្រទេសអ៊ីតាលី គឺការប្រកាស​រិតត្បិត​ការធ្វើដំណើរ​ ការធ្វើចលនា​របស់​ប្រជាជន ដើម្បីប្រយុទ្ធប្រឆាំង​ការឆ្លងរាលដាល​ជំងឺ COVID-19។ មកទល់ពេលនេះ មិនទាន់មានស្ថាប័ន ឬអង្គការសុខាភិបាលណាមួយជុំវិញពិភពលោករកថ្នាំ​ព្យាបាលឃើញនៅឡើយទេ ។

គួរបញ្ជាក់ថា អេស្ប៉ាញ​​ ប្រជាជន​នៅក្នុងប្រទេសនេះ ​ត្រូវបានហាមឃាត់ចាកចេញពីលំនៅឋាន លើកលែង​តែការចេញទៅរកទិញ​​​ថ្នាំពេទ្យ និងគ្រឿងបរិក្ខារផ្គត់ផ្គង់​ដែលសំខាន់ៗ ឬការចេញទៅបំពេញការងារតែប៉ុណ្ណោះ ខណៈដែលប្រទេសនេះ​ ជំងឺCOVID-19 សម្លាប់មនុស្សកើនឡើង​១៩១នាក់។ អេស្ប៉ាញ​ជាប្រទេស​ដែលរងគ្រោះ​ធ្ងន់ជាងគេនៅទ្វីបអឺរ៉ុប បន្ទាប់ពី​អ៊ីតាលី​​ដែលរងការរាតត្បាត​ពីវីរុសជាងគេ​ ។

នៅក្នុងប្រទេសបារាំងវិញ មនុស្ស​៩១នាក់​បានស្លាប់ ខណៈដែលហាងលក់កាហ្វេ, ភោជនីយដ្ឋាន, មហោស្រពភាពយន្ត ឬហាងលក់ទំនិញ​ភាគច្រើន​បំផុត​ត្រូវ​បិទទ្វារ​តាមការណែនាំរបស់អាជ្ញាធរ ។

នៅប្រទេសអ៊ីតាលី​ អ្នកជំងឺ COVID-19 បានស្លាប់កើនឡើង​១៤៤០នាក់ ហើយចាប់ពីថ្ងៃទី១៦ ខែមីនា នៅទូទាំងប្រទេសនេះ​​ នឹងត្រូវបានប្រកាស​បិទទាំងស្រុង​ការធ្វើចលនា​របស់ប្រជាជន ។

អង្គការសុខភាពពិភពលោក (WHO)បានបញ្ជាក់ថា សហគមន៍អឺរ៉ុប​នៅពេលបច្ចុប្បន្ននេះ ជា«ចំណុចកណ្តាល»​នៃការរាតត្បាត​នៃជំងឺ​។

លោក Tedros Adhanom Ghebreyesus វេជ្ជបណ្ឌិត និងជាប្រធានអង្គការ WHOបានជំរុញ​ឲ្យប្រទេស​ទាំងឡាយប្រើប្រាស់វិធានការ​ខ្លាំងក្លា, ការកៀងគរសហគមន៍ និង​ការនៅឃ្លាតឆ្ងាយពីសង្គម​ ដើម្បីសង្គ្រោះអាយុជីវិត​។

លោក Sean Conley វេជ្ជបណ្ឌិត​របស់លោកប្រធានាធិបតីដូណាល់ ត្រាំ បានថ្លែងការណ៍ នៅថ្ងៃទី១៤ ខែមីនាថា លទ្ធផលធ្វើតេស្តិ៍​រកវីរុស COVID-19 របស់ប្រធានាធិបតី​ ចេញលទ្ធផលអវិជ្ជមាន ។ លោកដូណាល់ ត្រាំ បានសម្រេចធ្វើរោគវិនិច្ឆ័យរកវីរុសនេះ​កាលពីថ្ងៃទី១៣ ខែមីនា នៅក្រោយពី​លោកបានឈរ​នៅពីក្រោយ​មន្ត្រី​ប្រទេសប្រេស៊ីលមួយរូប ដែលមានផ្ទុកនូវវីរុស COVID-19 ។

គួរបញ្ជាក់ថា វីរុស COVID-19 គិតមកត្រឹមថ្ងៃទី​១៥ ខែមីនា ឆ្នាំ២០២០ អ្នកឆ្លងសរុប ១៥៦ ៤៣៩ នាក់, បាត់បង់ជីវិត ៥ ៨៣២ នាក់ និង ៧៥ ៧៩៩ នាក់បានចាកចេញពីមន្ទីរពេទ្យ ។ គេហទំព័រ worldometers បញ្ជាក់ថា ជំងឺនេះ​បានឆ្លងនៅលើប្រទេស​ និងតំបន់ចំនួន ​១៥១ ជុំវិញពិភពលោក ៕

Loading...