វៀតណាមនៅតែបន្តលួចចូលកាប់ឈើក្នុងដីខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖សហគមន៍ការពារព្រៃឈើ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី អះអាងថា ឈើក្នុងដីខ្មែរនៃខេត្តនេះ ជាប់តំបន់ព្រំដែនខេត្តដាក់ឡាក់ ប្រទេសវៀតណាម ត្រូវបានពលរដ្ឋវៀតណាម ចូលមកលួចកាប់ជាថ្មីទៀត។ ចំណែកមន្ត្រីព្រៃឈើទទួលស្គាល់ថា ពិតជាមានការលួចកាប់ឈើនោះ និងបានចាត់វិធានការបង្ក្រាបករណីនេះហើយ។
ជនជាតិវៀតណាម ជាក្រុម ត្រូវបានសហគមន៍ការពារព្រៃឈើឃុំក្រង់តេះ ប្រទះឃើញចូលមកកាប់ឈើក្នុងតំបន់ព្រៃសហគមន៍អភិរក្សជាប់តំបន់ព្រៃ ការពារខេត្តមណ្ឌលគិរី ហើយដឹកជញ្ជូនឆ្លងដែនចូលទៅប្រទេសវៀតណាម។
ក្រុមពលរដ្ឋវៀតណាម ដែលលួចកាប់ឈើនោះធ្វើឡើងប្រមាណ ១ខែកន្លងទៅ ចាប់ពីចំណុចអូរប្លាយ រហូតព្រំដែនវៀតណាម។ រីឯសហគមន៍មិនមានលទ្ធភាពទប់ស្កាត់ក្រុមកាប់ឈើជនជាតិវៀតណាម បានទេ ពីព្រោះក្រុមល្បាតសហគមន៍មានគ្នាតិចជាងក្រុមអ្នកលួចកាប់ឈើនោះ។
ប្រធានសហគមន៍ក្រង់តេះ លោក កិ កើញ មានប្រសាសន៍ថា ត្រាក់ទ័រច្រើនគ្រឿងត្រូវបានជនជាតិវៀតណាម ប្រើប្រាស់សម្រាប់ដឹកជញ្ជូនឈើចេញពីដីខ្មែរ។ លោកអំពាវនាវសុំឲ្យមន្ត្រីជំនាញទប់ស្កាត់ជាបន្ទាន់ ដើម្បីការពារព្រៃឈើខ្មែរបាននៅគង់វង្ស៖ «យួន កាប់ឈើនៅខាងជើងឃុំក្រងតេះ ប៉ុន្តែគេកាប់ពីព្រំដែនមកអស់រយៈមួយខែមកហើយ ដឹកជញ្ជូនទៅយួន ហ្នឹង។ ខ្លះអារ ខ្លះដឹកមូលតែម្តង អត់រើសឈើទេ ឈើណាក៏ដឹកទៅដែរ»។
សហគមន៍ក្រង់តេះ ទទួលបានសិទ្ធិគ្រប់គ្រងព្រៃសហគមន៍ជិត ៩ពាន់ហិកតារ ឋិតនៅជាប់នឹងព្រៃការពារខេត្តមណ្ឌលគិរី រហូតទៅទល់នឹងព្រំដែនប្រទេសវៀតណាម ខេត្តដាក់ឡាក់។
ទាក់ទិនសេចក្ដីរាយការណ៍របស់សហគមន៍នេះ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក វង សុកសិរី ទទួលស្គាល់ថា លោកទទួលបានព័ត៌មាននេះនឹងបានចាត់មន្ត្រីចុះបង្ក្រាបកាលពីបី ថ្ងៃមុននេះ។ លោកថា ព្រៃតំបន់នោះឋិតនៅដាច់ស្រយាលជាប់តំបន់ព្រំដែនចម្ងាយជាង ២០០គីឡូម៉ែត្រពីស្រុកពេជ្រាដា គ្មានផ្លូវធ្វើដំណើរ ទើបពលរដ្ឋវៀតណាម មានលទ្ធភាពលួចចូលមកកាប់ឈើបាន។ លោកថា មន្ត្រីព្រៃឈើបានរឹបអូសត្រាក់ទ័រមួយគ្រឿងនៅក្នុងបេសកកម្មទប់ ស្កាត់បទល្មើសព្រៃឈើនេះ៖ «តំបន់ព្រៃការពារមណ្ឌលគិរី ៩០គីឡូម៉ែត្រហើយ អត់មានផ្លូវទៅទេ ព្រៃការពារតើ! អត់មានក្រុមហ៊ុនវាលួច យួន ចូល យើងមានវរៈព្រំដែនហើយ តែឆ្ងាយណាស់ ពួកខ្ញុំទៅទើបមកតើ! ឃាត់បានត្រាក់ទ័រមួយដែរ តែអត់ឈើទេ។ យើងចុះធ្វើការហើយ»។
សហគមន៍ព្រៃឈើក្រង់តេះ បានចាត់ក្រុមល្បាត ១០ក្រុម ចុះទៅកាន់តំបន់នោះជាថ្មីកាលពី ២ថ្ងៃកន្លងទៅនេះ។ រហូតមកទល់នឹងថ្ងៃនេះ ក្រុមល្បាតសហគមន៍មិនទាន់វិលត្រឡប់នៅឡើយ។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា កត់សំគាល់ថា នៅតំបន់ព្រំដែនខេត្តមណ្ឌលគិរី ការឆ្លងដែនចូលកាប់ឈើក្នុងដីខ្មែរកើតមានច្រើនករណី បើទោះបីសហគមន៍បានចាប់ជនជាតិវៀតណាម ទាំងនោះប្រគល់ជូនមន្ត្រីជំនាញពាក់ព័ន្ធយ៉ាងណាក្តី។ លោកថា តម្រួតព្រំដែន មន្ត្រីមូលដ្ឋាន និងមន្ត្រីជំនាញ មិនទាន់អនុវត្តតួនាទីរបស់ខ្លួនបានត្រឹមត្រូវទាក់ទិនការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើក្នុងខេត្តនេះនៅឡើយ៖ «ចំពោះការកាប់ បំផ្លាញព្រៃឈើនេះ គឺអាជ្ញាធរខេត្ត មន្ត្រីជំនាញ ការសហការរបស់គាត់នៅមានកម្រិត ក្នុងការទប់ស្កាត់ការពារ ហើយនិងការចាប់ជនល្មើសមកផ្ដន្ទាទោសតាមនីតិវិធីច្បាប់ គឺនៅមានការខ្វះខាតនៅឡើយ»។
របាយការណ៍អង្កេតបឋមរបស់មន្ត្រីសមាគមអាដហុក ខេត្តមណ្ឌលគិរី ចាប់ពីឆ្នាំ២០១០ រហូតបច្ចុប្បន្ន បង្ហាញថា សកម្មភាពពលរដ្ឋវៀតណាម ចូលមកកាប់ឈើក្នុងដីខេត្តមណ្ឌលគិរី មានស្ទើរគ្រប់ស្រុក គិតជាមធ្យមមានប្រមាណ ៥០ករណី ដែលសហគមន៍បានរាយការណ៍និងបង្ក្រាប៕

image

Loading...

Leave a Reply

Your email address will not be published. Required fields are marked *