វៀតណាម​ដោះ​លែង​អ្នក​សរសេរ​អត្ថបទ​រិះគន់​រដ្ឋាភិបាល​តាម​គេហទំព័រ​

កាលពី​ថ្ងៃ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០១៥​ ស្ថានទូត​អា​មេ​រិ​កបាន​បញ្ជាក់​ថា​ វៀតណាម​បាន​ដោះ​លែង​អ្នក​សរសេរ​ អត្ថបទ​បរិហារ​រិះគន់​រដ្ឋាភិបាល​វៀតណាម​ផ្សព្វផ្សាយ​តាម​គេហទំព័រ​(blogger)​ ហើយ​អ្នកស្រី​ដែល​ទើបត្រូវ​ គេ​ដោះ​លែង​នោះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក​ផង​ដែរ​ ប៉ុន្តែ​ជាមួយ​នេះ​ ក្រុម​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា​ ការ​បន្ត​អនុវត្ត​យ៉ាង​ “​អាក្រក់​”​ ដោយ​ទីក្រុង​ហាណូយ​នៅ​តែ​កើត​មាន​ទៅ​លើ​អ្នក​ដែល​រិះគន់​រដ្ឋាភិបាល​ជា​ដដែល​ ។​

​អ្នកស្រី​ Ta​ Phong​ Tan​ អតីត​ជា​មន្ត្រី​ប៉ូលិស​ម្នាក់​ត្រូវ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ​ កាលពី​ឆ្នាំ​ ២០១២​ ក្រោម​បទចោទប្រកាន់​ថា​ បាន​ “​ឃោសនា​ប្រឆាំង​នឹង​រដ្ឋអំណាច​”​ បន្ទាប់​ពី​អ្នកស្រី​ត្រូវ​ចាប់ខ្លួន​ដោយសារ​តែ​ការ​សរសេរ​ផ្សព្វផ្សាយ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ និង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​ នៅ​លើ​វេ​ប​សាយ​ថ៍​របស់​អ្នកស្រី​នោះ​ ។​

​លោក​ Terry​ White​ មន្ត្រី​កិច្ចការ​សាធារណៈ​នៃ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​ទីក្រុង​អា​ណូ​យ​បាន​ប្រកាស​ថា​ សូម​ស្វាគមន៍​ចំពោះ​ការ​សម្រេចចិត្ត​របស់​អាជ្ញាធរ​វៀតណាម​ក្នុង​ការ​ដោះ​លែង​អ្នកស្រី​ Ta​ Phong​ Tan​ ហើយ​ អ្នកស្រី​បាន​សម្រេចចិត្ត​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក​ បន្ទាប់​ពី​ការ​ដោះ​លែង​ពី​ពន្ធនាគារ​នេះ​ភ្លាមៗ​ផង​ដែរ​ ។​

​ជាមួយ​គ្នា​នេះ​ ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​ហាណូយ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ ដោះ​លែង​បន្ថែម​ទៀត​អ្នកទោស​នយោបាយ​ ដោយ​លើក​ឡើង​ថា​ វៀតណាម​គួរតែ​អនុញ្ញាត​ឲ្យ​មានការ​សម្តែង​មតិ​ដោយ​សេរី​ក្នុង​រឿង​នយោបាយ​ មិន​ចាំបាច់​ធ្វើ​ឲ្យ​ភ័យ​ខ្លាច​ ពី​ការ​ចាប់​ដាក់​ទោសទណ្ឌ​ដល់​អ្នក​ទាំងឡាយ​ដែល​សម្តែង​មតិ​នយោបាយ​នោះ​ឡើយ​ ។​

​ទាក់ទង​ជាមួយ​ការ​លើក​ឡើង​របស់​ស្ថានទូត​អា​មេ​រិ​ក​នៅ​ទីក្រុង​ហាណូយ​ខាងលើ​នេះ​ដែរ​ រដ្ឋាភិបាល​វៀតណាម​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​បែប​ណា​នីមួយ​នៅឡើយ​ទេ​ ។​

​ការ​ផ្ទុះ​ឡើង​អំពី​ការ​សម្តែង​មតិ​នយោបាយ​តាម​គេហទំព័រ​ (blogger)​ នៅ​ក្នុង​ប្រទេស​វៀតណាម​មានការ​កើនឡើង​ ស្រប​ពេល​ដែល​ប្រទេស​នេះ​មាន​កំណើន​ប្រើប្រាស់​អ៊ី​ន​ធើ​ណេ​ត​នោះ​ ។​ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មានការ​មិន​សប្បាយចិត្ត​ពី​សំណាក់​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម​ ខណៈ​ដែល​ការ​សម្តែង​មតិ​នយោបាយ​បាន​បរិហារ​រិះគន់​យ៉ាង​ចាស់ដៃ​ទៅ​លើ​ការ​ដោះស្រាយ​គោលនយោបាយ​សេដ្ឋកិច្ច​ និង​អំពើ​ពុក​រលួយ​របស់​រដ្ឋអំណាច​នៅ​ក្នុង​ប្រទេស​នេះ​ ។​

​លោក​ Phil​ Robertson​ នាយករង​ប្រចាំ​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា​ ការ​ដោះ​លែង​នៅ​ពេល​នេះ​គឺ​គេ​នៅ​តែ​បន្ត​តាម​ឃ្លាំង​មើល​ និង​តាមដាន​សកម្មភាព​ជា​ដដែល​ពី​សំណាក់​រដ្ឋាភិបាល​ ដូច្នេះ​ដើម្បី​សិទ្ធិ​សេរីភាព​ អ្នក​ដែល​ត្រូវ​ដោះ​លែង​នេះ​ ចាំបាច់​ភ្លាមៗ​ត្រូវ​តែ​និរទ្ទេស​ខ្លួន​ ។​ លោក​បន្ត​ថា​ នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ការ​រឹត​បន្តឹង​ការ​គ្រប់គ្រង​ទៅ​លើ​នយោបាយ​ក្នុង​ប្រទេស​នេះ​ ។​

​ការ​ដោះ​លែង​អ្នក​សរសេរ​អត្ថបទ​រិះគន់​នយោបាយ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​ភ្លាមៗ​ បន្ទាប់​ពី​លោក​ Nguyen​ Sinh​ Hung​ បាន​ធ្វើ​ទស្សនា​កិច្ច​ទៅ​កាន់​រដ្ឋ​អា​មេ​រិ​ក​ និង​នៅ​មុន​ពេល​ពិធី​សមាជជាតិ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ខែមករា​ ឆ្នាំ​ 2016​កើតឡើង​ ។​ គណ​បក្សកុម្មុយនិស្ត​វៀតណាម​ដែល​កំពុង​កាន់​អំណាច​នៅ​ នៅ​ក្នុង​សមាជជាតិ​នេះ​នឹង​ជ្រើសរើស​មេដឹកនាំ​ថ្មី​របស់​ខ្លួន​ ។​

​អ្នក​សរសេរ​រិះគន់​នយោបាយ​វៀតណាម​ដទៃ​ផ្សេង​២​នាក់​ទៀត​ដែល​ត្រូវ​ផ្តន្ទាទោស​រយៈពេល​១២​ឆ្នាំ​ ក្នុងអំឡុងពេល​កាត់ក្តី​អ្នកស្រី​ Tan​ ផង​ដែរ​នោះ​ គឺ​អ្នក​សរសេរ​ប្លក​ម្នាក់​ឈ្មោះ​ Nguyen​ Van​ Hai​ ត្រូវ​បាន​ដោះ​លែង​កាលពី​ខែតុលា​ ឆ្នាំ​២០១៤​ បន្ទាប់​ពី​មានការ​ធ្វើ​កូដកម្ម​បង្អត់អាហារ​ ។​ លោក​ Nguyen​ Van​ Hai​ ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​អា​មេ​រិ​ក​ផង​ដែរ​ ៕​

ta phong tan

VIETNAM_-_ta-phong-tan

Loading...

Leave a Reply

Your email address will not be published. Required fields are marked *