វេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ មកទទួលវ៉ាក់សាំងកូវីដ-១៩បានហើយកុំមកចម្លងវីរុសនៅកន្លែងចាក់វ៉ាក់សាំង

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្រប ខណ្ឌទូទាំងប្រទេសនាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១បានថ្លែងថា មកទទួលវ៉ាក់សាំងកូវីដ-១៩ដោយសុវត្ថិភាពមិនត្រូវមកទទួលយកការចម្លងវីរុសកូវីដ-១៩នៅកន្លែងចាក់វ៉ាក់សាំងនោះឡើយ។

លោកស្រីបន្តថា ខ្ញុំសូមគោរពជម្រាបជូនបងប្អូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញទាំងអស់មេត្តាជ្រាបថា៖ ដំណើរការចាក់វ៉ាក់សាំងកូវីរដ-១៩សម្រាប់បុគ្គលអាយុចាប់ពី១៨ ឆ្នាំឡើងនៅ លខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌមានជ័យ និង ខណ្ឌពោធិសែនជ័យក្នុងរាជធានីភ្នំពេញបាន និងកំពុងតែដំណើរការចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១នេះតទៅ ។ ការចាត់ចែងរៀបចំសម្របសម្រួលជូនបងប្អូន និងការផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩គឺមានការទទួលខុសត្រូវរៀបចំចាត់ចែងចាក់ដោយអនុគណកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ក្រសួងការពារជាតិមានកិច្ចសហការសម្របសម្រួលដោយរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាននៅតាម ខណ្ឌនិមួយៗ ។

វ៉ាក់សាំងស៊ីណូរ៉ាក់ និងស៊ីណូហ្វាមចំនួន៩០ម៉ឺនដូស(សម្រាប់ដូសទី១ និងដូសទី២)ត្រូវបានប្រគល់ជូនទៅអនុគណកម្មការចាក់វ៉ាក់សាំងកូវីដ-១៩ក្រសួងការពារជាតិដោយគ.វ.ក-១៩រួចហើយដែរ ។ អាជ្ញាធរមូលដ្ឋាននឹងមានការចាត់ចែងឱ្យបងប្អូនដែលមានអាយុ១៨ ឆ្នាំឡើងបានមកចាក់វ៉ាក់សាំងនេះដោយមានវេនមានពេលវេលា និងទៅតាមថ្ងៃនិមួយៗដើម្បីបញ្ចៀសបាននូវការកកស្ទះមនុស្សដែលអាចជាការបង្កហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ ។ ការចាក់វ៉ាក់សាំងកូវីដ-១៩នាពេលនេះក៏បាននឹងកំពុងតែប្រព្រឹត្តទៅប្រកបដោយការទទួលខុសត្រូវខ្ពស់រហូតដល់បងប្អូនមានអាយុ១៨ ឆ្នាំឡើងដែលរស់នៅក្នុង ខណ្ឌទាំង៤នេះបានទទួលវ៉ាក់សាំងកូវីដ-១៩នេះគ្រប់ៗគ្នារួចរាល់ទាំង២ដូសមិនថាជាជនជាតិខ្មែរឬជនជាតិបរទេសនោះឡើយ ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនៅតាម ខណ្ឌទាំង៤ខាងលើមេត្តារក្សាសណ្តាប់ធ្នាប់ល្អមានវិន័យត្រឹមត្រូវរក្សាបាននូវវិធានការការពារ(ពាក់ម៉ាស់លាងដៃ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពី១,៥ម៉ែត្រឡើង)ជាចាំបាច់មានការសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចនៅតាមទីតាំងចាក់វ៉ាក់សាំងនិមួយៗប្រសិនបើមិនទាន់ដល់វេនរបស់ខ្លួនទេនោះមិនត្រូវមកប្រជ្រៀតគ្នាសូមមេត្តារងចាំដល់វេនដល់ថ្ងៃកំណត់ដែលរៀបចំដោយអាជ្ញាធរមូលដ្ឋានចៀសវាងការមកជាន់ពេលគ្នានៅថ្ងៃតែមួយធ្វើឱ្យមានការកកកុញមនុស្សច្រើនដែលអាចចម្លងជំងឺកូវីដ-១៩បានគ្រប់ពេលវេលានៅទីកកកុញនោះ និងត្រូវតែប្រុងប្រយ័ត្នខ្ពស់បំផុតហើយនឹងត្រូវចងចាំថា“យើងមកទទួលយកវ៉ាក់សាំងកូវីដ-១៩មិនមែនមកទទួលយករ៉ឺសកូវីដ-១៩មុនពេលបានចាក់វ៉ាក់សាំងនោះឡើយ” ។ ការចាក់វ៉ាក់សាំងកូវីដ-១៩គឺដើម្បីការពារភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩កាត់បន្ថយបាននូវអត្រាសម្រាកពេទ្យ និងអត្រាស្លាប់ដែលបណ្តាលមកពីការវាយលុកនៃសត្រូវអត់ស្រមោលកូវីដ-១៩នៅក្នុងសរីរាង្គកាយរបស់យើងហើយយើងក៏មិនចង់មកទទួលយកការចម្លងវីរុសកូវីដ-១៩នៅកន្លែងដែលប្រជ្រៀតគ្នាដើម្បីចាក់វ៉ាក់សាំងនេះដែរ ។ សុខភាពរបស់បងប្អូនគឺបានមកពីការអនុវត្តការការពារផ្ទាល់ខ្លួនដោយមិនមានអ្នកណាអាចជួយធ្វើជំនួសបានឡើយការឆ្លងជំងឺកូវីដ-១៩ឬមិនឆ្លងអាស្រ័យលើបុគ្គលផ្ទាល់ដែលជាអ្នកអនុវត្តនូវវិធានការការពារកុំឱ្យមានការចម្លងវីរុសកូវីដ-១៩ ។

សូមកុំភ្លេចថាបុគ្គលគឺជាអ្នកការពារសុខភាពដ៏ចំណានម្នាក់សម្រាប់ធ្វើឱ្យបានល្អប្រសើរឡើងនូវសុខភាពបុគ្គលផ្ទាល់ខ្លួនឯងរីឯគ្រូពេទ្យគឺគ្រាន់តែជាអ្នកជួយសង្គ្រោះអាយុជីវិតបុគ្គលណាម្នាក់នៅពេលដែលបុគ្គលនោះមានជំងឺឬកំពុងតែឈឺហើយតែប៉ុណ្ណោះជួនកាលជួយបានរួចផុតពីសេចក្តីស្លាប់ជួនកាលជួយមិនបានក៏មានការស្លាប់បាត់បង់ជីវិត ។ វីរុសកូវីដ-១៩នេះនឹងបន្តរស់នៅជាមួយយើងជាយូរអង្វែងទៀតដែលតម្រូវឱ្យបុគ្គលម្នាក់ៗត្រូវចេះរស់នៅធម្មតាតាមបែបគន្លងថ្មី និងមិនត្រូវមានការធ្វេសប្រហែសនោះឡើយ ។

លោកស្រីថាខ្ញុំសូមជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នូវសុខភាពល្អសំណាងល្អទាំងអស់គ្នាដែលបានមកពីការអនុវត្តវិធានការការពារ+៣កុំ+ចាក់វ៉ាក់សាំងដោយសុវត្ថិភាព និងមានវេនចាក់ត្រឹមត្រូវ+នៅផ្ទះ(ប្រសិនបើមិនមានការងារចាំបាច់អ្វីទេនោះមិនត្រូវចេញដើរក្រៅផ្ទះឡើយ) និងបានចៀសផុតពីការគម្រាមកំហែងសុខភាពសាធារណៈនៃជំងឺកូវីដ-១៩នេះគ្រប់ៗគ្នា ។

លោកស្រីបញ្ជាក់ថាសូមអរគុណជាអនេកប្បការនូវរាល់ការយកចិត្តដាក់អនុវត្តវិធានការដូចបានជម្រាបជូនខាងលើនេះ ៕ សុមេធ

Loading...