វែកមុខ​ទីតាំង​ព្យាបាល​ជំងឺ គុណធម៌ រកឃើញ​ថ្នាំ​ហួសកំណត់ ប្រើប្រាស់​ជាង ៤០ មុខ

សៀមរាប: កម្លាំង​នគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយ មន្ទីរ​សុខាភិបាល​ខេត្ត បាន​ឆែកឆេរ ទីតាំង​ព្យាបាល​ជំងឺ ឯកជន​មួយកន្លែង យីហោ “​គុណធម៌​” ដោយ​រកឃើញ ថ្នាំ​ហួសកំណត់ ប្រើប្រាស់​ជាង​៤០​មុខ និង​នាំខ្លួន​អ្នកគ្រប់គ្រង យកទៅ​សាកសួរ​ផាកពិន័យ​។​
​ ​
​ការឆែកឆេរ​នោះ បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៥ នៅ​ទីតាំង​លក់​ឱសថ​ខាងលើ ស្ថិតក្នុង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ។​
​ ​
​លោក​វរសេនីយ៍ឯក សឿន សេន នាយការិយាល័យ​នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ឲ្យ​ដឹងថា ការចុះ​ឆែកឆេរ​ទីតាំង ពិគ្រោះ​និង​ព្យាបាល​ជំងឺ ខាងលើ​គឺ បាន​សហការ​ជាមួយ មន្ទីរ​សុខាភិបាល និង​ធ្វើឡើង តាម​បញ្ជា​តំណាង​អយ្យការ អម​សាលាដំបូង​ខេត្ត​។ ក្នុងពេល​ឆែកឆេរ គឺ​យើង​បាន​រកឃើញ ថ្នាំ​ផុតកំណត់​ប្រើប្រាស់ ៤១​មុខ ស្មើ ២.០៧៩ ដប និង​គ្រាប់​ថ្នាំ​ទាំងនោះ ប្រគល់​ឲ្យ​ខាង​សុខាភិបាល យកទៅ​ដុត​កម្ទេចចោល​។ ដោយឡែក អ្នកគ្រប់គ្រង ឈ្មោះ ព្រំ សំអុល ជា​ឪពុកមា​របស់​វេជ្ជបណ្ឌិត ព្រំ ចន្ថា ត្រូវបាន​នាំខ្លួនយកទៅ​សាកសួរ និង​ពិន័យ​ជា​អន្តរកាល ពី​៥​ទៅ​១០​លាន​រៀល តាមច្បាប់​ស្តីពី ការគ្រប់គ្រង​ឱសថ មាត្រា​១០​ត្រង់ចំណុច​២​។​
​ ​
​លោកនាយ​ការិយាល័យ បាន​ឲ្យ​ដឹង​ទៀតថា ទីតាំង​ព្យាបាល​ជម្ងឺ​ខាងលើ លោក​វេជ្ជបណ្ឌិត ព្រំ ចន្ថា ជា​អ្នក​ឈរឈ្មោះ តែ​អ្នកទទួល​ព្យាបាល​អ្នក​ជម្ងឺ គឺជា​ឪពុកមា​។ អាជីវកម្ម​ខាងលើនេះ ច្បាប់​បាន​ផុតកំណត់ ចាប់តាំងពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៣ មកម្ល៉េះ​។​ ជុំវិញ​ការធ្វើ​អាជីវកម្ម​គ្មាន​ច្បាប់ និង​ការព្យាបាល​ជម្ងឺ​ទូទៅ ពុំមែន​ជា​វេជ្ជបណ្ឌិត ដែល​ឈរឈ្មោះ​នោះ លោក អៀ​ប ប៊ុន​លឿន អនុប្រធាន​មន្ទីរ​សុខាភិបាល ទទួល​ការងារ​សេវា​ឯកជន បាន​ឲ្យ​ដឹង តាម​ទូរស័ព្ទ​ថា តាមច្បាប់ ទាល់តែ​អ្នក​ឈរឈ្មោះ ទើប​មាន​សិទ្ធិ​ព្យាបាល​។ តែ​ករណី​ខាងលើ ដោយសារ​ក្មួយ មិន​នៅ ទើប​ឪពុកមា មក​ព្យាបាល​ជំនួស​។ ចំណែក​ច្បាប់​អាជីវកម្ម​របស់គាត់ ខាង​គាត់​បាន​ទៅធ្វើ​ថ្មី​ហើយ តែ​ជំនាញ​មិនទាន់​ធ្វើ​ឲ្យ​បាន ព្រោះ​នៅ​ខ្វះ​រូបថត ចាំ​រូបថត ថ្ងៃនេះ​ថ្ងៃនោះ ទើប​រហូត​ជិត​២​ឆ្នាំ ចឹ​ង​ទៅ​។​
​ ​
​លោក អៀ​ប ប៊ុន​លឿន មិនបាន​ពន្យល់​បញ្ជាក់ អំពី​ផ្លូវច្បាប់​ថា យ៉ាងណា​នោះទេ ឬក៏​មាន​វិធានការ យ៉ាងណាទេ ចំពោះ​តាម​បណ្តា​ទីតាំង ព្យាបាល​ជម្ងឺ​ទូទៅ និង​ទីតាំង​លក់​ឱសថ នៅក្នុង​ខេត្តសៀមរាប ដែលមាន​អ្នក​ឈរឈ្មោះ​ផ្សេង ហើយ​អ្នកលក់ ឬ​អ្នក​ព្យាបាល​ផ្សេង​នោះ​។​
​ ​
​អ្នកឃើញ​ហេតុការណ៍ បាន​និយាយថា នៅក្នុង​បន្ទប់​ព្យាបាល​ជម្ងឺ​តូច​មួយ មាន​ថ្នាំ​ផុតកំណត់​ប្រើប្រាស់ ៤១​មុខ ស្មើ ២.០៧៩ ដប និង​គ្រាប់​បែបនេះ ដូចនេះ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ពេទ្យ​ខាងលើ អាច​យក​ថ្នាំ​របៀប​ចឹ​ង ទៅ​ព្យាបាល​មនុស្ស រាប់សិប​នាក់​។ ចំណែក​អ្នកលក់​ឱសថ មានពេលខ្លះ គេ​ឃើញ​ក្មេង​តូច ជា​អ្នក​ផ្សំ​ថ្នាំ​លក់ ក៏មាន​។ ចំណុច​ទាំងនេះ ខាង​ជំនាញ គួរ​ពិនិត្យ​ជាថ្មី​វិញ​ផង ឬមួយ​កន្លែង​ទាំងអស់នោះជា​ច្រក​សេដ្ឋកិច្ច​ប្រចាំខែ របស់​ពួក​អស់លោក​៕

phamarchi

phamarchi 1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *