សកម្មភាពចរាចរបទល្មើសឈើគ្រញូងរបស់ឈ្មោះ ខ្វៀង ធីម៉ៃ និងឈ្មោះ​ អាំង មករា កំពុងកក្រើកនៅតាមព្រំដែនកម្ពុជាថៃ​

ខេត្តឧត្ដរមានជ័យ​ ៖ សេចក្ដីរាយការណ៍មកថា សកម្មភាពចរាចរបទល្មើសឈើកគ្រញូង របស់មេឈ្មួញស្ដ្រី ជាជនជាតិវៀតណាម និងលោក​ អាំង មករា ជាមន្រ្ដីយោធានៅកងពលធំលេខ២ បានកក្រើកឡើងយ៉ាងខ្លាំង នៅតំបន់សឹករង​ នៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ក្នុងខេត្តឧត្ដរមានជ័យ។

សេចក្ដីរាយការណ៍​ បានបន្ដថា មេឈ្មួញទាំង​ ០២រូបខាងលើ​ បានចាប់ដៃគ្នា ប្រមូលទិញ​ និងដឹកជញ្ជូនឈើប្រណិតឆ្លងដែន នៅតំបន់សឹករងត្រពាំងប្រាសាទ និងសឹករងអន្លង់វែង និងដឹកជញ្ជូនយកមកស្តុបកាត់អាជ្រៀក នៅក្នុងភូមិទំនប់លើ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ និងដឹកជញ្ជូនបន្តទៅប្រទេសវៀតណាម​ តាមច្រករបៀង ចំនួន​ ០២ គឺច្រក កំពង់រោ​ទិ៍ (វៀតណាមបិនហ៊ីប) និងច្រកចន្ទ្រា​ ក្នុងខេត្ត ស្វាយរៀង។

រហូតមកដល់ពេលនេះ​ សកម្មភាពប្រមូលទិញ​ និងដឹកជញ្ជូនឈើ របស់ឈ្មួញល្បីឈ្មោះ អាំង មករា និងឈ្មោះ​ ខ្វៀង ធីម៉ៃ នៅតាមបន្ទាត់ព្រំដែន​ នៅតែបន្តយ៉ាងរលូន មិនទាន់ឃើញមានការទប់ស្កាត់​ ឬបង្ក្រាបពីសំណាក់លោកវរៈសេនីយ៍ឯក​ ស៊ុន បូរ៉ាន់ មេបញ្ជាការសឹករងស្រុកត្រពាំងប្រាសាទ និងលោកវរៈសេនីយ៍ឯក ភោគ ភន មេបញ្ជាការសឹករងស្រុកអន្លង់វែង និងលោកឧត្ដរមសេនីយ៍ត្រី​ តុន ញាន មេបញ្ជាការសឹករងខេត្តឧត្ដរមានជ័យ​ នៅឡើយទេ។

ប្រសិនបើមេបញ្ជាការទាំង​ ៣រូបខាងលើ​ មិនបង្ក្រាប​ ឬក៏មិនមានវិធានការណាមួយទៅលើសកម្មភាព មេឈ្មូញឈើឆ្លងដែនខាងលើនោះទេ អាចបញ្ជាក់បានថា ប្រហែលជាមានការឃុបឃិត​ និងត្រូវរ៉ូវគ្នាអស់ទៅហើយ​ និងមានការបណ្ដែតបណ្ដោយ​ បង្កឲ្យកើតមានអសន្តិសុខ នៅតាមខ្សែបន្ទាត់ព្រំដែន ដែលពលករភាគច្រើនឈ្លក់វង្វេងនិងគ្រឿងញៀន ត្រូវសមត្ថកិច្ចថៃចាប់ដាក់ពន្ធនាគារ និងបាញ់បង្កឲ្យរងរបួស​ ឬស្លាប់បាត់បង់ជីវិតជាដើម។ ជាក់ស្ដែង​ ថ្មីៗនេះ​ ត្រូវបានសមត្ថកិច្ចថៃ​ ចាប់ពលករខ្មែរឆ្លងដែនចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ ដើមហេតុមកពីមេឈ្មួញទាំង​ ០២ខាងលើ​ ក៏ថាបាន។

លោកឧត្ដមសេនីយ៍ត្រី​ តុន ញៀន បានអោយដឹងថា លោកមិនបានដឹងទេ ហើយលោកក៏បានអរគុណ​ ចំពោះការផ្ដល់ព័ត៌មានមួយនេះ។​ លោក​ ស៊ុន​ បូរ៉ាន់ លោកថា​ លោកពិតជាមិនបានដឹងរឿងសកម្មភាពរបស់ឈ្មួញខាងលើពិតប្រាកដមែន​ បើដឹង​ លោកនឹងចាត់ការភ្លាមៗ៕​

Loading...